Register Already an agent ? Login

CDC ចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរឱ្យក្រុមហ៊ុន ៥ បង្កើតរោងចក្រ ក្នុងទុនវិនិយោគសរុបជាង ២០លានដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរោ្យក្រុមហ៊ុន ៥ បង្កើតរោងចក្រ នៅរាជធានី-ខេត្ត សរុបទុនវិនិយោគ ២៤លានដុល្លារ បង្កើត​ការងារ ២៧៦៩​កន្លែង។ បើ​​តាម​​ទំព័រ​ហ្វេ​ស​ប៊ុ​ក CDC ថ្ងៃទី១៦ ខែវិច្ឆិកា នេះ។

ក្រុមហ៊ុនទាំង៥ ដែល CDCសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរមានដូចជា ក្រុមហ៊ុន LIAN FENG SHOES MATERIAL CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង កាបូប និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៩១កន្លែង។

ក្រុមហ៊ុន G4TEC PROPERTY & INVESTMENT CO.,LTD. គម្រោងបង្កើតរោងចក្រផលិតស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។

ក្រុមហ៊ុន ZHONG BAO (CAMBODIA) FOOD SCIENCE & TECHNOLOGY CO.,LTD. គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាលធំ (ទី៦) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.២១៦កន្លែង។

ក្រុមហ៊ុន MING YUNG HUNG ENTERPRISE (CAMBODIA) CO.,LTD.”គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង ខ្សែភ្លើង និងផលិតផលពីប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥០៤កន្លែង។

និងក្រុមហ៊ុន GAO LONG JIANG PLASTIC PIPE CO.,LTD.”គម្រោងបង្កើតរោងចក្រផលិតបំពង់ទីបជ័រ និងទុយោជ័រគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៧៩កន្លែង៕

ដោយ៖ Moeun Dyna