Register Already an agent ? Login

តាមការរំពឹងទុក សម្ដេច ហ៊ុន សែន នឹងបើកការដ្ឋានធ្វើផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា

សៀមរាប៖ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងញ្ជើញបើកការដ្ឋានសាងសង់ផ្លូវទាំង ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ តាមការរំពឹងទុក របស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ ទីតាំងដាក់ប្រព័ន្ធលូ មន្ទីរពិសោធន៍ក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងមតិយោបល់ទាក់ទងនឹងការស្ថាបនានៃខ្សែផ្លូវទាំង ៣៨ខ្សែ ឱ្យប្រព្រឹត្តទៅដោយរលូន។

លោក រដ្ឋមន្រ្តីបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននាពេលនោះឱ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាព សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ឡើងដោយអង្គភាពចំនួនប្រាំមួយ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូសមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលាតាមការគ្រោងទុក។

ក្រុមការងារក្រសួងនឹងចុះពិនិត្យតាមដានលើលក្ខណៈបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ នេះ ដើម្បីឱ្យអង្គភាពសាងសង់អនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល។ ជាការថ្លែងបន្តរបស់ លោក ស៊ុន ចាន់ថុល បានបន្ថែមថា អង្គភាពដែលទទួលយកការងារសាងសង់ផ្លូវទាំង៣៨ខ្សែនេះរួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុល និងថែទាំផ្លូវ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក បានបញ្ជាក់ឱ្យដឹងថា ការចុះមកពិនិត្យការពង្រីកផ្លូវលេខ៦  ពីរាជដំណាក់ទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបត់ចូលព្រលានយន្តហោះ ពង្រីកជា ៦គន្លង ៣គន្លងទៅ ៣គន្លងមក ទ្រង់ផ្លូវ ២ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ម៉ែត្រសងខាង ជាថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ប្រវែងជិត ៦គីឡូម៉ែត្រ ត្រូវបានស្ថាបនាឡើងវិញ ប្រើពេលសាងសង់រយៈមួយឆ្នាំ នេះជាដំណាក់កាលទី២។

ចំពោះដំណាក់កាលទី១ ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ទៅស្រុកក្រឡាញ់ បានស្ថាបនារួចហើយក្រាលបេតុងកៅស៊ូ (AC) ឡើងវិញ និងដំណាក់កាលទី៣  ពីស្រុកក្រឡាញ់ ទៅក្រុងសិរីសោភណ្ឌ ប្រភេទបេតុងកៅស៊ូ (AC) បានចុះហត្ថលេខារួចហើយជាមួយក្រុមហ៊ុនសាងសង់។ ចំពោះកំណាត់ផ្លូវលេខ៦ ពីរាជដំណាក់ ទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ នេះគ្រោងស្នើសុំសម្ដេចបើកការដ្ឋានជាមួយផ្លូវ ៣៨ខ្សែតែម្តង៕

ដោយ៖ Moeun Dyna