Register Already an agent ? Login

សម្ដេច ហ៊ុន សែន នឹងអញ្ញើញបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខែ្ស ក្នុងក្រុងសៀមរាប នៅថ្ងៃទី១៦ ខែវិច្ឆិកា នេះ

ភ្នំពេញ៖ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ញើញជាធិបតី ពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ បើតាមកិច្ចប្រជុំ ត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ក្រោមអធិបតីភាព សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ។

កិច្ចប្រជុំខាងលើធ្វើឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងដឹកជញ្ជូន ដែលមានការចូលរួម លោក  ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំបើកការដ្ឋានស្ថាបនាផ្លូវ៣៨ខ្សែ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ។

សម្ដេច ទៀ បាញ់ បានជំរុញលើកទឹកចិត្តឱ្យសមាជិកសមាជិកានៃគណៈកម្មការអន្តរក្រសួងពាក់ព័ន្ធទាំងអស់ចូលរួមផ្ដល់មតិយោបល់ទាក់ទងនឹងការសិក្សាប្លង់ស្ថាបត្យកម្មលម្អិតនៃ ខ្សែផ្លូវទាំង៣៨ខ្សែ ក៏ដូចជាការត្រៀមរៀបចំពិធីបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឱ្យប្រព្រឹត្តទៅដោយរលូន ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន។

លោក ស៊ុន ចាន់ថុល បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ បានថ្លែងឱ្យដឹងថា ក្រុមការងារអន្តរក្រសួងបានចុះពិនិត្យសិក្សាលម្អិតលក្ខណៈបច្ចេកទេសផ្លូវដែលត្រូវសាងសង់ បានពិនិត្យជ្រើសរើសរួចរាល់ខ្សែផ្លូវអាទិភាពដែលត្រូវសាងសង់ប្រវែងសរុបចំនួន ១០៨គីឡូម៉ែត្រ។

ក្រុមការងារបានពិភាក្សាលម្អិតលើការងារបច្ចេកទេសជាមួយអង្គភាពទទួលសាងសង់ បានតម្រូវឱ្យអង្គភាពសាងសង់អនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារ បច្ចេកទេស បានធ្វើបញ្ជីប៉ាន់តម្លៃចប់សព្វគ្រប់ និងបានប្រគល់ជូនអង្គភាពសាងសង់រួចរាល់ហើយផងដែរ។ ជាការថ្លែងបន្តរបស់ លោក ស៊ុន ចាន់ថុល ឱ្យដឹងថា អង្គភាពដែលទទួលយកការងារសាងសង់ផ្លូវទាំង ៣៨ខ្សែនេះរួមមាន៖ កងវិស្វកម្មសម្តេច ហ៊ុន សែនខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវរបស់ក្រសួងដឹកជញ្ជូន នាយកដ្ឋានជួសជុល និងថែទាំផ្លូវក្រសួងផងដែរ អគ្គនាយកដ្ឋានសាធារណការ នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរដឹកជញ្ជូនខេត្តសៀមរាប។

លោក បានបន្តទៀតថា ការសាងសង់ផ្លូវទាំង ៣៨ខ្សែនេះត្រូវបានបែងចែកជា ៤ប្រភេទ ក្នុងនោះ៖ ប្រភេទទី១-ចាក់បេតុងចំនួន ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ (AC) ពីលើទេ, ទី២-ចាក់បេតុងចំនួន ២០សង់ទីម៉ែត្រ និងកន្លែងខ្លះ ៧សង់ទីម៉ែត្រ យោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន, ទី៤- ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងទី៤-អ៊ុតកៅស៊ូបេតុង ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ៕

ដោយ៖ Moeun Dyna