សៀមរាប៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍រយៈពេល ៩ខែ ដើមឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២០ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរបានថ្លែងឱ្យដឹងថា ខេត្តសៀមរាបនឹងបង្កើតទីក្រុងថ្មីមួយទៀត ដែលមានទីតាំងនៅជិត អាកាសយានដ្ឋានសៀមរាបថ្មី ស្ថិតនៅស្រុកសូត្រនិគម។
នៅក្នុងកិច្ចប្រជុំខាងលើ ដែលធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅខេត្តសៀមរាប រដ្ឋមន្រ្តីបានថ្លែងបន្តថា គម្រោងទីក្រុងថ្មីនេះ ស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប។ លោក បញ្ជាក់ថា «ការបង្កើតទីក្រុងសៀមរាបថ្មី គឺដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបចាស់បច្ចុប្បន្ន ព្រោះទីក្រុងចាស់មិនអាចផ្ទុកនូវចំនួនភ្ញៀវទេសចរដ៏ច្រើនបានឡើយ»។
លោក បន្តទៀត ចំពោះការបង្កើតទីក្រុងសៀមរាបថ្មីនេះ គឺក្នុងគោលបំណងដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ទំនើបខ្ពស់ៗ ឬសំណង់ដែលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌។
លោក ថោង ខុន បានថ្លែងបន្ថែមនៅក្នុងកិច្ចប្រជុំខាងលើថា ទោះយ៉ាងណាការបរិច្ឆេទនៃការអភិវឌ្ឍទីក្រុងសៀមរាបថ្មីនេះ មិនទាន់ដឹងថាឆ្នាំណា ប៉ុន្តែក្រុមការងារជំនាញកំពុងសិក្សាលម្អិតលើគម្រោងនេះ។ លោក ថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ត្រូវបានដាក់ឆ្លងគណៈកម្មការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ហើយ ក្នុងនោះក្រសួងទេស ចរណ៍ក៏កំពុងរៀបចំកែសម្រួលឱ្យវាខ្លីជាងមុន ដើម្បីដក់ឆ្លងរាជរដ្ឋាភិបាល ពិនិត្យនិងអនុម័តនៅពេលខាងមុខ។
លោក បន្ថែមទៀតថា ទីក្រុងថ្មីនេះត្រូវតែរៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) ប៉ុន្តែប្លង់គោលទីក្រុងទាំងមូលអាចនឹងត្រូវសិក្សារចនាឡើងតាមទម្រង់បុរាណខ្មែរ។ ចំពោះទីតាំងទីក្រុងសៀមរាបថ្មីនេះ លោកបាន បង្ហើបឱ្យដឹងថា គឺត្រូវស្ថិតនៅក្រៅពីតំបន់ការពាររបស់អាជ្ញាធរជាតិអប្សារា។
នៅក្នុងកិច្ចប្រជុំនោះ លោក រដ្ឋមន្រ្តី បានដាក់ផែនការ ទាក់ទាញទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាប-អង្គរឱ្យបានប្រមាណ ៧លាននាក់ នៅឆ្នាំ២០៣៥ គោលដៅទេសចរណ៍ធំៗថ្មីនៅជុំវិញអង្គរនឹងត្រូវបានបង្កើតឡើង ដែលផែនការនេះត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។ លោក បានបញ្ជាក់ទៀត គោលដៅទេសចរណ៍ថ្មីចំនួន ៤ធំៗបន្ថែមទៀតលើគោលដៅទេសចរណ៍ ២ ដែលមានស្រាប់ អាចនឹងត្រូវបានបង្កើតឡើង ក្នុងនោះរួមមានតំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងទៀតថា ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចក្ខុវិស័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនខេត្តសៀមរាបឱ្យបាន ៧លាននាក់ នៅឆ្នាំ២០៣៥ ដោយនឹងបង្កើការងារផ្ទាល់ប្រមាណ ៩០ម៉ឺននាក់ រួមជាមួយការទទួលបានប្រាក់ចំណូលប្រមាណ ៥ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានោះ។ ដើម្បីសម្រេចចក្ខុវិស័យនេះ ទីក្រុងសៀមរាបបច្ចុប្បន្នមិនអាចទ្រទ្រង់បានគ្រប់គ្រាន់ឡើយ គឺចាំបាច់ត្រូវបង្កើតឱ្យមានទីក្រុងថ្មីមួយទៀត។
សូមបញ្ជាក់ថា រយៈពេល៤ថ្ងៃ នាឱកាសឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៦៤៤,៦៩៨ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស។ ខេត្តសៀមរាបទទួលបានភ្ញៀវច្រើនជាងគេ។
ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកនោះ មានភ្ញៀវជាតិមានចំនួនប្រមាណ ៦៣៥,៥៦៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួនប្រមាណ ៩,១៣០នាក់។ បើតាមការឱ្យដឹងពី លោក ថោង ខុន បន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តសៀមរាប ១៦៧,២២៥នាក់, ខេត្តកំពត ៧៣,៥៩២នាក់, ខេត្តព្រះសីហនុ ៥៤,៤០០នាក់, ខេត្តកណ្តាល ៥១,៨៦២នាក់, ខេត្តកំពង់ស្ពឺ ៤៣,២៤៤នាក់, ខេត្តកែប ៣៨,៥៥៨នាក់, ខេត្តកោះកុង ២៨,២៧៥នាក់, ខេត្តមណ្ឌលគិរី ២២,០២៣នាក់។
លោក បន្ថែមទៀតថា ជាការគួរកត់សម្គាល់ និងការវាយតម្លៃបឋមបន្ថែមពីលើរបាយការណ៍ប្រចាំថ្ងៃ ក្រសួងបានសង្កេតឃើញថា លើកនេះ ដោយសារផលវិបាកពីគ្រោះទឹកជំនន់ តំបន់ពាយព្យដែលធ្លាប់ទទួលភ្ញៀវបានច្រើនមានការថមថយចំនួន។ ប៉ុន្តែនៅសៀមរាម-អង្គរ តំបន់ឆ្នេរសមុទ្រ និងនៅតំបន់ឦសាន្ត ពិសេសខេត្តមណ្ឌលគិរី ក៏នៅទទួលបានភ្ញៀវច្រើន។ ចំពោះរាជធានីភ្នំពេញ ទោះពុំមានការប្រារព្ធពិធីអុំទូក ក៏មានប្រជាពលរដ្ឋប្រមាណ ៤០ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ ទស្សនាកាំជ្រួចនៅមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វា និងតំបន់វិមានឈ្នះ-ឈ្នះ៕
ដោយ៖ Moeun Dyna