Register Already an agent ? Login

ក្រសួងដឹកជញ្ជូន និងក្រុមហ៊ុនចិន កំពុងសិក្សាធ្វើផ្លូវជាតិតភ្ជាប់បាត់ដំបង-បន្ទាយមានជ័យ-សៀមរាប ប្រវែង ៧២គីឡូម៉ែត្រ

សៀមរាប៖ គម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CHINA ROAD AND BRIDGE CORPORATION កំពុងសិក្សាពីផលប៉ះពាល់។ បើតាមរដ្ឋបាលខេត្តសៀមរាប។

រដ្ឋបាលខេត្តបានបន្តថា គម្រោងខាងលើ លោក ង៉ាន់ ភិរុណ អភិបាលខេត្តសៀមរាប តំណាងអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

កិច្ចប្រជុំបានឯកភាព និងសូមគាំទ្រចំពោះគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាបនេះ  និងឱ្យក្រុមហ៊ុន PPIC រៀបចំនិងបញ្ជូលនូវធាតុចូលទាំងអស់ដែលនៅក្នុងអង្គប្រជុំបានលើកឡើង ដើម្បីអាចបន្តនីតិវិធីប្រជុំនៅក្រសួងបរិស្ថាន និងកិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយក្រសួងបរិស្ថាន។ បើតាមរដ្ឋបាលខេត្តដដែល។

ស្នើសុំឱ្យម្ចាស់គម្រោង និងក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION ធ្វើការពិចារណារាល់មតិយោបល់ និងសំណូមពររាល់ធាតុចូលដែលលើកឡើងក្នុងអង្គប្រជុំទាំងមូល។ ជាការបន្ថែមរបស់ រដ្ឋបាលខេត្តសៀមរាប បន្ថែមទៀតថា សូមឱ្យរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងរដ្ឋបាលស្រុកពាក់ព័ន្ធ ឯកភាព គាំទ្រចំពោះគម្រោងសាងសង់ផ្លូវជាតិខាងលើនេះ។

សូមរម្លឹកថា គម្រោងខាងលើត្រូវបានលើកយកមកពិភាក្សា ក្រោយសំណើររបស់ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីអបអរសាទរបុណ្យទន្លេលើកទី៦ នៅខេត្តកំពតកន្លងទៅ។ សម្ដេច ថ្លែងថា សូមស្នើឱ្យស្ថាប័នពាក់ព័ន្ធ សិក្សាការកសាងផ្លូវថ្មី ដែលតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលផ្លូវនេះអាចកាត់បន្ថយពេលវេលា ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាចកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រ។

នៅក្នុងពិធីនោះ សម្ដេច បញ្ជាក់ «ចំណុចនេះ គឺស្ថិតនៅក្នុងបេក្ខភាពគម្រោងនៅឆ្នាំ២០២១ ប្រសិនបើការសិក្សាជាក់លាក់រួចហើយនោះ យើងនឹងរកឥណទាន ដើម្បីធ្វើផ្លូវមួយខ្សែនេះ ដែលជាការតភ្ជាប់មួយដ៏សំខាន់ សម្រាប់ខេត្តបាត់ដំបង បន្ទាប់ពីខេត្តនានាដែលជាប់នឹងខេត្តបាត់ដំបង បានតភ្ជាប់ជាមួយនឹងខេត្តជុំវិញរួចហើយ ក្នុងនោះមានខេត្តបន្ទាយមានជ័យ ទៅខេត្តប៉ៃលិន ហើយពោធិ៍សាត់តភ្ជាប់ទៅខេត្តកោះកុងជាដើម»៕

ដោយ៖ Mowun Dyna