Register Already an agent ? Login

រយៈពេល៩ខែ នៅកម្ពុជា ភ្ញៀវអន្តរជាតិធ្លាក់ ៧៤.១ភាគរយ និងក្នុងស្រុក ៥១.៩ភាគរយ ដោយវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានត្រឹមតែ ១,២៤៧,៦៨០នាក់ ថយចុះ ៧៤.១ភាគរយ និងទទួលបានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩ភាគរយ ដែលការថយចុះនេះគឺដោយសាររងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។

នៅកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍រយៈពេល ៩ខែ ដើមឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តត្រីមាសទី៤ ឆ្នាំ២០២០ ដែលដឹកនាំដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ ខែតុលា នេះ បានឱ្យដឹងថា ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែង ទេសចរសម្រាកលំហែកម្សាន្តមាន ៤៣.៤ភាគរយ ទេសចរធុរកិច្ច និងការទូតមាន ៥៤.៤ភាគរយ និងផ្សេងៗ ២.៣។

កាលពីឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្តមានរហូតដល់ ៧៦.២ភាគរយ ទេសចរធុរកិច្ច និងការទូតមាន ២០.៧ភាគរយ និងប្រភេទផ្សេងៗ ៣.១ភាករយ។ បើតាមកិច្ចប្រជុំដដែល ឱ្យដឹងទៀតថា តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរអន្តរជាតិប្រមាណ ១.៣២លាននាក់ ថយចុះ ៨០ភាគរយ ធៀបនឹងឆ្នាំ២០១៩។

អ្នកជំនាញទេសចរណ៍បានវាយតម្លៃថា ស្ថានភាពទេសចរណ៍កម្ពុជានឹងវិលត្រលប់មកប្រក្រតីភាពឡើងវិញ តាមសេណារីយ៉ូចំនួន ២៖ សេណារីយ៉ូទី១ ប្រើរយៈពេល ៣ឆ្នាំ (២០២០-២០២៣) និងទី២ ប្រើរយៈពេល ៥ឆ្នាំ (២០២០-២០២៥)។

បើតាមកិច្ចប្រជុំខាងលើបន្ថែមថា រយៈពេល៩ខែនេះ មានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ដែលបានធ្វើដំណើរកម្សាន្តតាមរមណីដ្ឋាននានាទូទាំងប្រទេស ថយចុះ ៥១.៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ក្នុងនោះទេសចរជាតិមានប្រមាណ ៥,៥៦២,៥៣១នាក់ ថយចុះ ៣៨.២ភាគរយ និងទេសចរបរទេសមានប្រមាណ ១,៧២១,៨៧៨នាក់ ថយចុះ ៧២ភាគរយ។

តាមការព្យាករណ៍ ឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរផ្ទៃក្នុងបានប្រមាណ ៩លាននាក់ ថយចុះ ២០ភាគរយ ធៀបនឹងឆ្នាំ២០១៩ ខណៈទេសចរផ្ទៃក្នុងនឹងវិលមកប្រក្រតីភាពឡើងវិញក្នុងរយៈពេល ៣ឆ្នាំ ពោលគីឆ្នាំ២០២៣ កម្ពុជានឹងទទួលបាន ១១លាននាក់៕

ដោយ៖ Moeun Dyna