ភ្នំពេញ៖ បច្ចុប្បន្ន ទីក្រុងភ្នំពេញបានពង្រីកផ្ទៃដីជាបន្តបន្ទាប់ ដែលមុននេះផ្ទៃដីទីក្រុងភ្នំពេញ គឺមានចំនួន ៣០០គីឡូម៉ែត្រការរ៉េ ឥឡូវនេះផ្ទៃដីទីក្រុងភ្នំពេញបានកើនដល់ ជិត ៧០០ម៉ែត្រគីឡូម៉ែត្រការ៉ែ។ ជាការថ្លែងរបស់ របស់ នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងពិធីអញ្ញើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
នៅក្នុងពិធីខាងលើ សម្ដេច នាយករដ្ឋមន្រ្តីបានថ្លែង បន្តថា ពិតជារីករាយដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ស្ពាននេះ។ បានបញ្ជាក់ថា «ស្ពានបេតុងខ្សែកាប្លិ៍ ១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស»។
ប្ររាជរដ្ឋាភិបាលបាន ហៅសមិទ្ធផលនាថ្ងៃនេះថា ជា «សមិទ្ធផលថ្មីលើដីសន្តិភាព»។ រាជរដ្ឋាភិបាល បានបង្ហាញនូវក្តីមោទនភាពចំពោះភាពរីកចម្រើននៃទីក្រុងភ្នំពេញ ដែលក្រោយពីងើបពីសង្គ្រាមមក គឺជាទីក្រុងដែលមិនមានមនុស្សរស់នៅច្រើននោះទេ តែពេលនេះមានមនុស្សរស់នៅរាប់លាននាក់ និងមានអគារខ្ពស់ៗរាប់រយអគារ។
តបតាមការស្នើសុំពីអភិបាលរាជធានីភ្នំពេញ សម្តេច នាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅដែលមានប្រវែង ៤៨៨ម៉ែត្រ ឱ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្នចាប់ពេលនេះតទៅ។
នាឱកាសនោះ សម្ដេច នាយរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ ឆ្នាំនេះ (ឆ្នាំ២០២០) ទោះបីជាមិនមានពិធីបុណ្យអុំទូកក៏ដោយ តែយើងនៅតែគោរពប្រពៃណីទំនៀមទម្លាប់ ដូចជាអកអំបុក សំពះព្រះខែ ជាដើម គឺយើងអាចធ្វើនៅតាមវត្តអារាម ឬតាមផ្ទះជាដើម ហើយប្រជាពលរដ្ឋអាចឈប់សម្រាកបានធម្មតា។
នៅក្នុងពិធីដដែលនោះ រាជរដ្ឋាភិបាលក៏បាន ក្រើនរម្លឹកទៅក្រសួងពាក់ព័ន្ធទាំងអស់ក្នុងបញ្ហាគ្រោះទឹកជំនន់ ត្រូវចុះទៅវាយតម្លៃភ្លាមៗ និងត្រូវស្តារអ្វីដែលខូចខាតនោះភ្លាមៗ ដូចជាផ្លូវលំ ផ្លូវជាតិ និងការបង្កបង្កើនផលរបស់ប្រជាកសិករជាដើមដើម្បីឱ្យប្រជាពលរដ្ឋទទួលបានផលលឿន ក្រោយពីទឹកជំនន់នេះ និងការស្តារប្រទេសជាតិឡើងវិញនូវអ្វីដែលបានខូចខាតដោយទឹកជំនន់។
គូសបញ្ជាក់ថា ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នដែរ។
សមិទ្ធិផលថ្មីជាប្រវត្តិសាស្ត្រលើទឹកដីរាជធានីភ្នំពេញមួយទៀត ដែលជាស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ស្ពាននេះ គ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។
ស្ពានបេតុងខ្សែកាប ១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស៕
ដោយ៖ Moeun Dyna