ភ្នំពេញ៖ នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នផ្លូវក្រោមដីអតីតរង្វង់មូលចោមចៅ តភ្ជាប់ចរាចរពីផ្លូវជាតិលេខ ៤ ទៅមហាវិថីសហព័ន្ឋរុស្ស៊ី។
នៅក្នុងពិធីខាងលើ សម្ដេច បញ្ជាក់ «នៅវេលាម៉ោង ១០ព្រឹកនេះ នឹងចាប់ផ្តើមធ្វើចរាចរផ្លូវក្រោមដីតទៅ»។ សម្តេច ក៏បានបញ្ជាឱ្យក្រុមហ៊ុនទូរសព្ទនានាសិក្សាអំពីការដាក់ប្រព័ន្ទសេវាទូរសព្ទនៅក្នុងផ្លូវក្រោមដីនេះ ដើម្បីសម្រួលដល់អ្នកធ្វើដំណើរចៀសវាងការដាច់សេវាអំឡុងពេលធ្វើដំណើរ។
គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចរង្វង់ចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC រយៈពេលអភិវឌ្ឍន៍ ៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ។ ស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨៕
ដោយ៖ Moeun Dyna