ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សា សំណើសុំការពិនិត្យសម្រេចលើគម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព១៥០ មេហ្កាវ៉ាត់ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដែលបានពិនិត្យ គម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មីចំនួន ៣ គម្រោងគឺ៖
- គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។
- គម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជុន ៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និង
- គម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូន ៥០០គីឡូវ៉ុល ពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា «ផលប្រយោជន៍សំខាន់នៃការអភិវឌ្ឍន៍គម្រោងនេះ ក្រៅពីផលិតអគ្គសនី ៥២៧លានគីឡូវ៉ាត់ម៉ោង ក្នុង១ឆ្នាំ ដែលមានថ្លៃ ៧,៩២សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង ថេរ ៣៥ឆ្នាំ»។
គម្រោងនេះនឹងជួយស្តុកប្រភពទឹកភ្លៀងនៅរដូវវស្សាបន្ថែម ទុកនៅក្នុងអាងទឹកថ្មីទាំង២ នៃគម្រោងវារីអគ្គិសនីតាតៃលើ ដែលជួយកាត់បន្ថយការហៀរទឹកចោល និងការពិន័យដោយមិនបានផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងតាតៃនៅរដូវវស្សា។ ជាការបន្តរបស់អ្នកនាំពាក្យ បន្ថែមថា ការស្តុកទឹកនេះទុកសម្រាប់ការផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងតាតៃលើនៅរដូវប្រាំង និងបង្ហូរចុះមកឱ្យអាងវារីអគ្គិសនីស្ទឹងតាតៃនៅខាងក្រោម ដើម្បីផលិតអគ្គិសនីបន្ថែមនៅរដូវប្រាំងចំនួន ១០៨លានគីឡូវ៉ាត់ម៉ោងបន្ថែមទៀត។
លោក បានបន្ថែមទៀតថា ផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ បទប្បញ្ញត្តិជាធរមាន និងការលើកទឹកចិត្តវិនិយោគ រដ្ឋនឹងទទួលបានចំណូលពន្ធពីគម្រោង ដូចតទៅ៖
- ចំណូលពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុកលើចំណាយការប្រាក់ និងពន្ធកាត់ទុកលើការបែងចែកភាគលាភ សរុបចំនួន ១៩៩ ៧០៥ ៩៨៤ដុល្លារអាមេរិក ក្នុងរយៈពេលសម្បទាន ៣៩ឆ្នាំ។
- ក្នុងករណីអាករលើតម្លៃបន្ថែម (VAT) ត្រូវបានដាក់ឱ្យអនុវត្ត រដ្ឋនឹងទទួលបានចំណូលពីអាករនេះសរុបចំនួន ១៤៤ ៦២៣ ៥៥៦ដុល្លារអាមេរិក ក្នុងរយៈពេល ៣៥ឆ្នាំ នៃអាណត្តិប្រតិបត្តិការអាជីវកម្ម។
ចំណូលពន្ធខាងលើ នៅមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀតដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដទៃទៀត៕
ដោយ៖ Mouen Dyna