Register Already an agent ? Login

រដ្ឋាភិបាលជប៉ុន ផ្ដល់ឥណទានសម្បទានចំនួន ២៥ប៊ីលានយ៉េន មកកម្ពុជា សម្រាប់ជួយបន្ទាន់ក្នុងវិត្តិកូវីដ-១៩

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ឥណទានសម្បទានចំនួន ២៥ប៊ីលានយ៉េន (ប្រមាណ ២៣៤,៦លានដុល្លារ) ដល់រដ្ឋាភិបាលកម្ពុជា ស​ម្រាប់គាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិត្តិកូវីដ-១៩។ បើតាមការសេចក្ដីប្រកាសព័ត៌មានក្រសួងបរទេសកម្ពុជាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

ក្រសួងការបរទេសបានឱ្យដឹងបន្តថា ឥណទានសម្បទានចំនួនខាងលើ លោក រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ដែលបានពិភាក្សាការងារតាមទូរសព្ទជាមួយ លោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានអគុនចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ទឹកប្រាក់នេះជួយកម្ពុជាក្នុងគ្រាមានទុកលំបាកក្នុងវិបត្តិកូវីដ-១៩។

ការសន្ទនា ដែលធ្វើឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ តាមរយៈទូរសព្ទ លោក ម៉ូតេហ្គី បានសម្ដែងនូវសមានចិត្តជំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំនន់ទឹកភ្លឿងដ៏ធ្ងន់ធ្ងរ។ លោក បញ្ជាក់ថា «ជប៉ុនត្រៀមខ្លួនរួចជាស្រេច ដើម្បីជាជួយកម្ពុជាក្នុងការដោះស្រាយការលំបាកទាំងនេះ»។

តាមរយៈ ការពិភាក្សាគ្នារ លោក បានបញ្ជាក់នូវឆន្ទៈ របស់លោកក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី និងកិច្ចសហ​ប្រតិបត្តិការជាមួយកម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីរបស់ជប៉ុន។

លោក រដ្ឋមន្ត្រីការបរទសជប៉ុន បានលើកឡើងបន្តថា ជប៉ុននឹងគាំទ្រកម្ពុជា ក្នុងការកែលម្អបរិស្ថាននៅតាមតំបន់ ទីក្រុង និងចាត់វិធានការចំោះកាកសំណល់ផ្លាស្ទីកនៅក្នុងសមុទ្រ ព្រមទាំងការកសាងសមត្ថភាពប្រឆាំងនឹងអំពើភេរវកម្ម។ លោក បន្ថែមថា ជប៉ុន ក៏នឹងជួយកម្ពុជា នៅពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំ២០២២ខាងមុខនេះ។

នាឱកាសសន្ទនា តាមរយៈទូសព្ទនោះដែរ លោក ប្រាក់ សុខុន បានលើកឡើងថា បន្ទាប់ពីទស្សនកិច្ចរបស់ លោក ម៉ូតេហ្គី នៅកម្ពុជា កាលពីខែសីហា ឆ្នាំ២០២០ កន្លងទៅ បានកត់សម្គាល់ឃើញថា ប្រទេសទាំងពីរកំពុងអនុវត្ត «ច្រកសម្រាប់ស្នាក់នៅ» សម្រាប់អ្នកធ្វើដំណើរ ស្នាក់នៅលើសពី ១៤ថ្ងៃ។ លោក សង្ឃឹមថា «ច្រកសម្រាប់ធុរកិច្ច» សម្រាប់អ្នកដំណើរខាងលើ នឹងអាចអនុវត្តបានក្នុងពេលឆាប់ៗនេះ។

នៅក្នុងបរិយាសនោះដែរ លោក រដ្ឋមន្រ្តីការបរទេសកម្ពុជា បានអរគុណរដ្ឋាភិបាល និងប្រជាជន ចំពោះការបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនារដ្ឋមន្រ្តីក្រសួងការបរទសទាំង បានផ្លាស់ប្តូរទស្សនៈអំពីយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ព្រមទាំងកំណែទម្រង់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ លោក ទាំងពីរ ក៏បានបញ្ជាក់ឡើងវិញនូវបំណងប្រាថ្នារួម និងឆន្ទៈដ៏មុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ៕

ដោយ៖ Moeun Dyna