Register Already an agent ? Login

កសិកម្ម៖ កសិកម្ម កម្ពុជា មានសក្តានុពលយ៉ាងធំធេង ប៉ុន្តែកម្ពុជា មិនទាន់បានប្រើប្រាស់សក្តានុពល និងធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព

ភ្នំពេញ៖ កសិកម្ម កម្ពុជា មានសក្តានុពលយ៉ាងធំធេង ជាពិសេសផលិតកម្មបន្លែ ប៉ុន្តែកម្ពុជាមិនទាន់បានប្រើប្រាស់សក្តានុពល និងធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាពនៅឡើយតាំងពីចំណុចចាប់ផ្តើមដូចជា ដាំដុះ ថែរក្សា ការពារ ប្រមូលផល លៀងសម្អាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន និយាយរួមគឺការអនុវត្តបច្ចេកវិទ្យាចុងក្រោយទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ។ ជាលើកឡើងឱ្យដឹងរបស Dr. Nabeshima។

ការលើកខាងលើ របស់ Dr. Nabeshima ជាស្ថាបនិក និងជានាយកក្រុមហ៊ុន Yamato Green Co., Ltd នៅក្នុងកិច្ចជំនួបពិភាក្សាជាមួយ លោក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងកសិកម្ម បានបញ្ជាក់ «ហេតុផលទាំងអស់នេះ គឺជាដើមចមធ្វើឱ្យផលិតផលបន្លែកម្ពុជាមិនអាចផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ឬផ្គត់ផ្គង់បានទៅតាមរដូវលើសពីតម្រូវការធ្លាក់ថ្លៃ និងគ្មានឱកាស ប្រកួតប្រជែងកម្រិតអន្តរជាតិបាន»។

Dr. Nabeshima បានបន្តថា ឃើញច្បាស់អំពីចំណុខ្វះខាតទាំងអស់នេះ ក្រុមហ៊ុនជប៉ុនចំនួន ១០ ប៉ុន្តែថ្ងៃនេះមានវត្តមានតែ ៥ប៉ុណ្ណោះ គឺតំណាក្រុមហ៊ុន IT លើវិស័យផលិតកម្មបន្លែ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយន្តឧបករណ៍ និងសម្ភារបម្រើឱ្យវិស័យផលិតកម្មបន្លែ ក្រុមហ៊ុន Nippon Express (Cold Chain Logistics) ក្រុមហ៊ុនផលិតជី និងក្រុមហ៊ុនគ្រាប់ពូជ និងចែកចាយ បានមកជួបលោករដ្ឋមន្រ្តីនាពេលនេះ។

លោក បានបន្ថែមថា តាមរយ:តំណាងក្រុមហ៊ុននីមួយៗ បានសម្តែងនូវឆន្ទ:យ៉ាងមុតមាំថានឹងចូលរួមចែករំលែក បទពិសោធន៍ និងបច្ចេកទេសថ្មីៗ ដើម្បីរួមគ្នាដោះស្រាយនូវរាល់ចំណុចខ្វះខាត ដែលកសិករកម្ពុជាកំពុងជួបប្រទះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងទិសដៅរួមគ្នាមួយ គឺផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់ គ្រាន់តាមតម្រូវការទីផ្សារពេញមួយឆ្នាំ មានសមត្ថភាពប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយចង់នាំចេញផលិតផលបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia។

បើតាមក្រសួងកសិកម្មបានឱ្យដឹងថា ជំនួបនេះមានបំណងសម្តែងការគួរសម និងពិភាក្សាការងារអំពីគំនិតផ្តួចផ្តើមនៃការបង្កើតអនុស្សារណ:យោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើអនុវិស័យដំណាំបន្លែសុវត្ថិភាពនៅកម្ពុជា» ដោយចាប់ពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យ និងបច្ចេកទេសក្រោយពេលប្រមូលផលពីប្រទេសជប៉ុន។

រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានគាំទ្រនូវរាល់ចំណុចសំខាន់ៗ ការលើកឡើងខាងលើ របស់ Dr. Nabeshima ដោយបានបញ្ជាក់ថា នេះជាចំណុចចាប់ផ្តើមប្រកបដោយ មោទន:ភាពសម្រាប់ក្រសួង ដ៏ដូចជារាជរដ្ឋាភិបាល ជាពិសេសកសិករផលិតបន្លែផ្ទាល់តែម្តងតាមរយ:ផ្ញើក្តីសង្ឃឹមថា នឹងទទួលបាននូវបច្ចេកវិទ្យាថ្មីៗសម្រាប់អភិវឌ្ឍវិស័យផលិតកម្មបន្លែនៅកម្ពុជានាពេលអនាគតដ៏ខ្លី។

ស្ថិតក្នុងបរិយាកាសនោះ លោករដ្ឋមន្រ្តី សង្ឃឹម និងជឿជាក់ថាគម្រោងដ៏មានអត្ថប្រយោជន៍មួយនេះវានឹងទទួលបានជោគជ័យនាពេលអនាគត ដូចដែលក្តីស្រមៃរបស់រាជរដ្ឋាពិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម ក្នុងន័យទទួលបានភាពជាម្ចាស់ក្នុងការផលិត ផ្គត់ផ្គង់ និងឈានទៅការនាំចេញបន្លែទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាក «ផលិតផលកម្ពុជា»។ ដើម្បីឱ្យទាន់សភាពការណ៍ លោក សបានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មបង្កើតក្រុមការងាររៀបចំឯកសារ MOU ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយមន្ទីរកសិកម្មខេត្តបាត់ដំបងនិងមណ្ឌលគីរីត្រូវត្រៀមលក្ខណ:សម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីផ្តល់កិច្ចសហការឱ្យបានពេញ លេញជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។

លោក រដ្ឋមន្រ្តីបានបន្ថែម ជាក់ស្តែង ជំនួយឥតសំណងនៃមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែដែលត្រូវដាក់សម្ភោធឱ្យប្រើ ប្រាស់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តកណ្តាល គឺជាសក្ខីភាពមួយទៀតបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវ សណ្តានចិត្តដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះកម្ពុជា កំពុងអនុវត្តនូវកម្មវិធីកំណែទម្រង់លើគ្រប់វិស័យក្នុងគោលដៅធ្វើទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍប្រទេស ជាតិ ដើម្បីផលប្រយោជន៍ប្រជាជនប្រកបដោយសមធម៌ ប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និង២០៥០។

«ដូច្នេះ ដើម្បីឆ្លើយតប និងបំពេញតម្រូវការនៃបរិបទថ្មីនេះ តម្រូវឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និតពីគ្រប់ដៃគូពាក់ព័ន្ធតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”»។ ជាការបញ្ជាក់បន្តរបស់ លោក វេង សាខុន៕

ដោយ៖ឌីណា