ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី «គម្រោងកិច្ចសហប្រតិបត្តិការ សម្រាប់មូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២០២០» នៅទីស្ដីការក្រសួងការបរទេសកម្ពុជា។
ខ្ញុំសូមសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន សម្រាប់ការគាំទ្រ ដែលមិនអាចកាត់ថ្លៃបាន សម្រាប់គម្រោងថ្មីចំនួន២០បន្ថែមទៀត គាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២០ ដែលមានថវិកាសរុបចំនួនប្រមាណ ៧.២២៥.៤០០,០០ដុល្លារ។ ជាការថ្លែង របស់ លោក ប្រាក់ សុខុន នៅក្នុងពិធីខាងលើ បន្តថា គម្រោងទាំងនេះនឹងបន្តរួមចំណែកដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស អប់រំ បេតិកភណ្ឌវប្បធម៌ ជាដើម។
លោក រដ្ឋមន្រ្តីបានរម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ខ្ញុំបានចុះហត្ថលេខាជាមួយ លោក វ៉ាង វិនធាន សម្រាប់គម្រោងចំនួន១៩ របស់កម្ពុជា ដែលគាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០១៨។ លោក ថាគម្រោងទាំងនេះត្រូវបានអនុវត្តប្រកបដោយវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ហើយបានបង្កើតនូវសមិទ្ធផលរូបីជាច្រើនក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
ទោះបីជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្ដិកូវីដ-១៩ ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការកម្ពុជា-ចិនទាំងកម្រិតទ្វេភាគី និងពហុភាគី គឺនៅតែរក្សាបាននូវភាពសំខាន់។ ជាការបន្តរបស់ លោក រដ្ឋមន្រ្តី ថា ប្រទេសចិន បានចាត់ទុកប្រទេសកម្ពុជា ជាអាទិភាពចម្បងក្នុងការចូលរួមចំណែកគ្រប់គ្រងការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម។
លោក ប្រាក់ សុខុន បន្ថែមថា គ្រឿងបរិក្ខារប្រឆាំងនឹងជំងឺរាតត្បាត និងអ្នកជំនាញវេជ្ជសាស្ត្រ ត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ហើយនាវាដឹកជញ្ជូនត្រូវបានចាត់ចែងជាពិសេសក្នុងការធានានូវលំហូរនៃវត្ថុធាតុដើម សម្រាប់ផលិតកម្មឧស្សាហកម្មរបស់យើង។ កាលពីថ្ងៃទី១៦ ខែមិថុនា កន្លងមក កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងកម្ពុជា-ចិន (IGCC) ត្រូវបានប្រព្រឹត្តឡើងដោយជោគជ័យតាមរយៈ Video Conference ដើម្បីរៀបចំជំហានបន្ទាប់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងគោលបំណងកសាងសហគមន៍នៃអនាគតរួមគ្នាសម្រាប់ប្រជាជាតិយើងទាំងពីរ។
លោក រដ្ឋមន្រ្តីបន្ថែមទៀតថា កាលពីថ្ងៃទី១៨ ខែមិថុនា ខ្ញុំបានចូលរួមជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីដ៏ទៃទៀតក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ដោយបានចែករំលែកទស្សនៈរបស់ខ្ញុំស្តីពីការកសាងសាមគ្គីភាព ដើម្បីដោះស្រាយការរីករាលដាលនៃវីរុសឆ្លងកូវីដ-១៩ និងលើកកម្ពស់ការស្តារឡើងវិញនៃសេដ្ឋ។
លោក បានបញ្ជាក់ នៅក្នុងពេលវេលាដ៏លំបាកនៃការរាតត្បាតជាសកលនេះ ពិធីចុះហត្ថលេខារបស់យើងនាថ្ងៃនេះ គឺទាន់ពេលវេលា និងមានសារៈសំខាន់បំផុត ដើម្បីបង្ហាញពីភាពរឹងមាំរបស់យើង ព្រមទាំងអះអាងជាថ្មីនូវមូលដ្ឋានដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិកាមេគង្គ-ឡានឆាង៕
ដោយ៖ឌីណា