ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលសាងសង់នៅលើផ្ទៃដីទំហំប្រមាណ ២៦០០០ហិកតា មានបណ្ដោយប្រមាណ ៦គីឡូម៉ែត្រ និងទទឺងប្រមាណ ៤គីឡូម៉ែត្រ ស្ថិតនៅភូមិសាស្រ្ត ស្រុកកណ្ដាលស្ទឺង ស្រុកស្អាង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ សម្រចការសាងសង់ប្រមាណ ៣០ភាគរយ។ បើតាមទំព័ហ្វេសប៊ុក សម្ដេច ហ៊ុន សែន បានបញ្ជាក់ គ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ជាប្រភេទ 4F ដែលអាចឱ្យយន្តហោះធំៗដូចជា Airbus A380-800 និងBoeing 747-800 ចុះចតបាន។ តាមការបន្តឱ្យដឹងរបស់ សម្ដេច នាយករដ្ឋមន្ត្រី បន្ថែមថា ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ក្នុងទុនវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១៥០០លានដុល្លារ។
«កម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើងក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះកសាងរួច»។ តាមការសង្ឃឹមរបស់ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន តាមការគ្រោងទុក អាកាសយានដ្ឋានអន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់ នៅឆ្នាំ២០៥០។
សូមរម្លឹកថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ បានបើកការដ្ឋានសាងសង់ កាលពីខែមករា ឆ្នាំ២០១៨៕
ដោយ៖ឌីណា