Register Already an agent ? Login

ព្រៃកោងកាង ខេត្តកោះកុង បានរក្សាផលស្តុក និងប្រភពមេពូជរបស់ធនធានសមុទ្រដ៏សម្បូរបែបផ្តល់ផលវារីវប្បកម្មជាង១ម៉ឺនតោន ក្នុង១ឆ្នាំៗ

ភ្នំពេញ៖ ព្រៃកោងកាង ខេត្តកោះកុង បានរក្សាផលស្តុក និងប្រភពមេពូជរបស់ធនធានសមុទ្រដ៏សម្បូរបែប ដោយផ្តល់ផលវារីវប្បកម្មប្រមាណជាង ១៥.០០០តោន ក្នុង១ឆ្នាំៗ។ បើតាមការថ្លែងឱ្យដឹងពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។

ការថ្លែងខាងលើ របស់ លោក នេត្រ ភក្ត្រា នាពេលដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមចុងភៅពីភោជនីយដ្ឋាន និងសណ្ឋាគារធំៗនៅកម្ពុជា ចុះពិនិត្យដំណើរការចិញ្ចឹមខ្យងចំពុះទា និងការកែច្នៃផលិតផលសមុទ្រជាច្រើនទៀត ក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្ត្រទឹកដីខេត្តកោះកុង ពីថ្ងៃទី១៨-២០ ខែមិថុនានេះ។

នាឱកាសនោះ លោក បានបន្តថា ផលវារីវប្បកម្មដែលបានពីព្រៃកោងកាងក្នុង ខេត្តកោះកុង មានដូចជា បង្គា បង្កង ក្តាម និងប្រភេទត្រីសមុទ្រជាច្រើនប្រភេទទៀត ដែលសុទ្ធសឹងតែជាប្រភពចំណូលសម្រាប់សហគមន៍តាមតំបន់ឆ្នេរ និងសេដ្ឋកិច្ចជាតិ។

ព្រៃកោងកាងជាជម្រក និងកន្លែងរកចំណី នៃសត្វមានជីវិតដូចជាត្រី សត្វឆ្អឹងខ្នងមានឈាមត្រជាក់ ល្មូន បក្សី និងថនិកសត្វដូចជាសត្វខ្លា និងជាប្រភពផ្តល់ព្រៃឈើ និងផ្តល់ចំណីដែលមានប្រូតេអ៊ីនខ្ពស់សម្រាប់មនុស្ស និងជីវៈចម្រុះ ព្រមទាំងចូលរួមចំណែកទប់ស្តាត់ផលប៉ះពាល់លើធនធានជីវៈចម្រុះសមុទ្រ ដែលកំពុងតែរងផលប៉ះពាល់ពីសកម្មភាពមនុស្ស និងមហន្តរាយធម្មជាតិ។ ជាការបន្ថែមរបស់ អ្នកនាំពាក្យក្រសួងបរិស្ថានដដែល។

រដ្ឋលេខាធិការក្រសួងរូបនេះបានបន្ថែមទៀតថា ព្រៃកោងកាងបានផ្តល់នូវគុណប្រយោជន៍ខ្ពស់ និងដើរមុខងារសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងសមុទ្រ ដូចជាជារបៀងជម្រកតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដីពីការសិករិចរិល ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួមមានបង្កង ក្តាម និងប្រភេទត្រីសមុទ្រដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់។

សូមបញ្ជក់ថា ប្រទេសកម្ពុជា មានផ្ទៃដីព្រៃកោងកាងសរុបចំនួន៥៨.៨០០ហិកតា ដែលក្នុងនោះ ខេត្តកែបមានទំហំ១.០០៥ហិកតា កំពតមានទំហំ១.៩៦៦ហិកតា ព្រះសីហនុមានទំហំ៩.៣៥២ហិកតា និងខេត្តកោះកុងមានទំហំ៤៦.៥២៩ហិកតា៕

ប្រភព៖គេហទំព័រក្រសួងព័ត៌មាន

ដោយ៖ឌីណា