Register Already an agent ? Login

ប្រទេសជាង២១៦ មានអ្នកឆ្លងជំងឺកូវីដ-១៩ បានកើនឡើងរហូតដល់ ៨,២៤២,៩៩៩នាក់ ដែលមានអ្នកស្លាប់រហូតដល់ ៤៤៥,៥៣៥ នាក់

ភ្នំពេញ៖ មកទល់ពេលនេះស្ថានការណ៍នៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវ គឺនៅតែជាក្តីព្រួយបារម្ភដ៏ធំបំផុតរបស់ពិភពលោក។ មកទល់ថ្ងៃនេះដែរ ក៏មិនទាន់មានថ្នាំព្យាបាលកូវីដ-១៩ នៅឡើយទេ។ ជាង២១៦ប្រទេស គឺចំនួនអ្នកឆ្លងរោគកូវីដ-១៩ បានកើនឡើងជាបន្តបន្ទាប់រហូតដល់ ៨,២៤២,៩៩៩ ដែលមានអ្នកស្លាប់រហូតដល់ ៤៤៥,៥៣៥នាក់។ បើតាមទំព័រហ្វេសប៊ុក សម្ដេច ហ៊ុន សែន ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

សម្ដេច បានបន្តថា ថ្មីៗនេះ នៅកម្ពុជាយើងក៏មានអ្នកឆ្លងរោគកូវីដ-១៩ ថ្មី២នាក់មកពីឥណ្ឌូនេស៊ី និង១នាក់ទៀតមកពីម៉ាឡេស៊ី ដែលសរុបមកប្រទេសយើងមានអ្នកឆ្លង ១២៩នាក់ ដែលព្យាបាលជាសះស្បើយ ១២៦នាក់ និង៣នាក់កំពុងសម្រាកព្យាបាល។

ក្នុងទំព័រហ្វេសប៊ុកសម្ដេច នៅតែជំរុញប្រជាពលរដ្ឋគ្រប់រូបការពារខ្លួនពីជំងឺនេះដូច្នេះ «សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នគ្រប់ពេល ទោះបីនៅក្នុងទីក្រុងឬនៅតាមជនបទស្រុកស្រែចំការគឺត្រូវមានម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ»។

សម្ដេច នាយករដ្ឋមន្រ្តីថា បញ្ជាក់ ចំពោះទីកន្លែងប្រមូលផ្តុំដែលមានមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរ ហាងលក់ទំនិញ ជាពិសេសមន្ទីរព្យាបាល និងមន្ទីរពេទ្យទាំងរដ្ឋនិងឯកជនត្រូវតែមានម៉ាស ទឹកអាល់កុល ឬចឹលដើម្បីអោយពលរដ្ឋប្រើប្រាស់ការពារកុំអោយមានការចម្លងរោគកូវីដ-១៩ពីម្នាក់ទៅម្នាក់។ព្រោះជំងឺនេះយើងមើលមិនឃើញទេ ហើយងាយឆ្លងរាលដាលលឿនណាស់៕

ដោយ៖ឌីណា