Register Already an agent ? Login

ប្រជាសហគមន៍នៅលើកោះចេក ខេត្តព្រៃវែងផ្គត់ផ្គង់បន្លែស្រស់ប្រមាណជាពី ៧តោន រហូតដល់ជាង១២តោន ក្នុងមួយថ្ងៃ ទៅភ្នំពេញ ព្រះសីហនុ ស្វាយរៀង

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃសហគមន៍នៅលើកោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង បានផ្គត់ផ្គង់បន្លែស្រស់ប្រមាណពី ៧តោន រហូតដល់ជាង ១២តោន ក្នុងមួយថ្ងៃ ទៅកាន់ទីផ្សារនៅរាជធានីភ្នំពេញ ផ្សារអ្នកលឿង ផ្សារទ្រាស្រុកព្រះស្តេច ទៅផ្សារខេត្តស្វាយរៀង និងផ្សារខេត្តព្រហសីហនុ ក្រុងកំពង់សោម។ បើតាមការឱ្យ ពីគណីហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន។

រដ្ឋមន្រ្តីក្រសួងកសិកម្មបានឱ្យដឹងទៀតថា បន្លែស្រស់មានដូចជា ស្ពៃខ្មៅ, ស្ពៃក្រញាញ់, ស្ពៃចង្កឹះ, ខាត់ណាសន្លឹក, ស្ពៃជើងទា, ត្រប់វែង, ត្រប់ស្រួយ, ម្រះ, សណ្តែកគួរ, ខ្ទឹមស្លឹកគោ, ខាត់ណាផ្កា, ប៉េងប៉ោះ, ដំឡូងដូង, ពោតបារំាង និងពោតចំណីសត្វ។

លោក វេង សាខុន បានរម្លឹកឱ្យដឹងបន្ថែមថា តាមរយៈគម្រោងកម្មវិធីជំរុញផលិតកម្មស្បៀង កាលពីឆ្នាំ​២០១៧-២០១៩ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដល់ផ្តល់ថវិកាពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កសិករចំនួន ៣៥គ្រួសារដែលជាសមាជិកសហគមន៍ រស់នៅកោះខាងលើ ទទួលការគាំទ្របច្ចេកទេស និងថវិកាពីមន្រ្តីបច្ចេកទេសគម្រោង បានជំរុញការដាំដុះបន្លែសុវត្តិភាព និងបន្លែសរីរាង្គ។

ដោយមានការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបន្លែសុវត្តិភាពខ្មែរ ដែលជាអ្នកប្រមូលទិញបន្លែសរីរាង្គ និងបន្លែសុវត្តិភាព នៅក្នុងតំបន់នោះ ដោយមានតម្លៃល្អប្រសើរ។ ជាបន្ថែមទៀត របស់ លោក វេង​សាខុន ថា ក្រោយពីគម្រោងត្រូវបានបញ្ចប់ ជាពិសេសតាមការចុះពិនិត្យរបស់មន្រ្តីជំនាញកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ប្រជាសហគមន៍បាននាំបន្លែស្រស់ទៅទីផ្សារ ដូចដែលបានរៀបរាប់ខាងលើ៕

ដោយ៖ឌីណា