មណ្ឌលគិរី៖ ក្នុងពេលចុះត្រួតពិនិត្យស្ថានភាពវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានការចាប់អារម្មណ៍ខ្លាំងចំពោះ «រមណីយដ្ឋានសមុទ្រឈើ» ដែលកំពុងរៀបចំបង្កើតថ្មី ព្រមទាំងបានបង្ហាញការសាទរ និងណែនាំឱ្យមានការគិតគូរពីសុវត្ថិភាពសុខភាព ស្របពេលផ្ទៃក្នុងប្រទេសកំពុងបន្តវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ។ បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
លោក ជុំ វីរៈ និងលោកស្រី សួន ច័ន្ទសម្ផស្ស ជាម្ចាស់រមណីយដ្ឋានសមុទ្រឈើ បានឱ្យដឹងថា រមណីយដ្ឋានទេសចរណ៍របស់ពួកគាត់មានផ្ទះស្នាក់ និងបន្ទប់ស្នាក់នៅជាច្រើនប្រភេទ មានទាំងផ្ទះស្នាក់លក្ខណៈគ្រួសារ ផ្ទះរចនាប័ទ្មខ្មែរ ផ្ទះសម្រាប់គូស្នេហ៍ ឬគូស្វាមីភរិយា បឹងហ្កាឡូ វីឡា ផ្ទះឈើម៉ូតនៅមាត់អូរ និងផ្ទះសម្រាប់ដាក់តង់គេង ដែលអាចផ្ដល់នូវសេវាស្នាក់នៅជូនភ្ញៀវទេសចរប្រកបដោយការពេញចិត្ត ខណៈការងាររៀបចំនៅក្នុងរមណីយដ្ឋានទាំងមូលកំពុងមមាញឹក និងគិតគូរតាមស្ដង់ដារយ៉ាងយកចិត្តទុកដាក់។
ម្ចាស់រមណីយដ្ឋាន បានបន្តឱ្យដឹងថា រមណីយដ្ឋាននេះកំពុងរៀបចំឱ្យមានសួនសត្វស្លាបចម្រុះ ដូចជា សត្វអូទ្រីស ឥន្ទ្រិយ៍ ក្ងោក (មយូរា) ជាដើម។ រមណីយដ្ឋានទេសចរណ៍ដ៏ធំមួយនេះ មានទីតាំងស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខាងលិចបន្តិចពីកន្លែងទស្សនាទេសភាពសមុទ្រឈើ។
ចំពោះ ផលិតផលទេសចរណ៍ទូទៅវិញ ក៏កំពុងរៀបចំឱ្យមានស្ពានសាងស្នេហ៍ សួនកម្សាន្តសម្រាប់កុមារ ហាងលក់កាហ្វេ-ភេសជ្ជៈដែលច្នៃធ្វើដោយឫស្សី ភោជនីយដ្ឋាន សាលប្រជុំ កន្លែងហាត់ប្រាណ កន្លែងស្ទីម-សូណា ស្កាយបារនៅជាន់លើបំផុត ផ្លូវសម្រាប់ជិះកង់ទេសចរណ៍ សួនបន្លែសម្រាប់ភ្ញៀវទេសចរចូលបេះ ឬកាត់ដោយខ្លួនឯងជាដើម។ ជាការបន្ថែមរបស់ម្ចាស់រមណីយដ្ឋានដដែល បន្តទៀតថា រមណីយដ្ឋាននេះក៏បានអភិរក្សទុកនូវដើមឈើធំៗខ្ពស់ស្កឹមស្កៃ និងរៀបចំឱ្យមានរានសម្រាប់ភ្ញៀវទេសចរអង្គុយលេងកម្សាន្ត គយគន់ទេសភាពនៅក្រោមដើមឈើទាំងនោះផងដែរ។
ទន្ទឹមនឹងនោះដែរ នឹងរៀបចំឱ្យមានកន្លែងហាត់យោគៈ (Yoga) បំប៉នសុខភាព ជាមួយនិងការស្រងក្លែបក្លិនគន្ធាបុប្ផាព្រៃភ្នំកៀកស្និទ្ធនឹងធម្មជាតិ។ ភ្ញៀវទេសចរអាចគយគន់ទស្សនាទិដ្ឋភាពនាពេលអរុណោទ័យ និងរៀបអស្ដង្គតផងដែរ ទោះបីគេឈរនៅជ្រុងណាក៏អាចមើលឃើញស្អាតដែរ។ ជាការបន្ថែមទៀតរបស់ ម្ចាស់រមណីដ្ឋានខាងលើ បញ្ជាក់ឱ្យដឹងទៀតថា ចំណែកនៅរដូវវស្សាមានភ្លៀងធ្លាក់វិញ នៅតាមអូរមានទឹកអូរហូរជាថ្នាក់ៗចំនួន ៣ថ្នាក់ ដែលបង្កើតឱ្យមានទេសភាពកាន់តែពិសេសជាចំណីចក្ខុដ៏ប្លែក ហើយក៏មានខ្យុះសម្រាប់អង្គុយលេង ទទួលទានអាហារ។
លោក ជុំ វីរៈ និងលោកស្រី សួន ច័ន្ទសម្ផស្ស បានឱ្យដឹងទៀតថា ប្រសិនបើរាជរដ្ឋាភិបាលអនុញ្ញាត គ្រោងនឹងបើកដំណើរការទទួលភ្ញៀវទេសចរជាផ្លូវការ នាឱកាសឆ្លងឆ្នាំសាកល២០២០ ឆ្លងចូល២០២១ ខាងមុខ ខណៈដំណើរការរៀបចំកន្លែងនានាក៏កំពុងមមាញឹកផងដែរ។
បន្ថែមលើគម្រោងរបស់រមណីយដ្ឋានខាងលើ លោក ថោង ខុន ក៏បានផ្ដល់នូវគំនិតដល់ការគិតគូររៀបចំបង្កើតឱ្យមានជាប្រភេទទេសចរណថ្មើរជើង (Trekking) ទេសចរណ៍ជិះកង់ក្នុងព្រៃ (Hekking) ផងដែរ។ ជាងនេះទៀត លោកក៏ បានណែនាំដល់ម្ចាស់រមណីយដ្ឋាន និងអ្នកគ្រប់គ្រងក្នុងដំណាក់កាលកូវីដ-១៩ និងក្រោយកូវីដ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការការពារសុវត្ថិភាពទេសចរ ដូចជាការពាក់ម៉ាស គម្លាតសង្គម អនាម័យសម្អាតមេរោគដល់អ្នកទេសចរ អ្នកបម្រើការ និងអ្នកពាក់ព័ន្ធ ដោយប្រើប្រាស់ឧបករណ៍តាមបច្ចេកវិទ្យាឌីជីថលជាដើម ដោយមានការត្រួតពិនិត្យការអនុវត្តហ្មត់ចត់ និងជាប្រចាំ។
ក្រៅពីចូលទស្សនា និងណែនាំនូវគន្លឹះមួយចំនួនដល់ម្ចាស់រមណីយដ្ឋានសមុទ្រឈើនេះ ថោង ខុន ក៏បានអញ្ជើញទៅដល់រមណីយដ្ឋាន ហ៊ីលថប រីស៊ត ទីតាំងព្រលានយន្តហោះថ្មីនៅស្រុកអូររាំង កន្លែងទស្សនាសមុទ្រឈើ រមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា៕
ដោយ៖ឌីណា