Register Already an agent ? Login

អគ្គលេខាធិការអាស៊ាន ប្រកាសពីវិធានការ និងយន្តការដោះស្រាយវិបត្តិកូវីដ១៩ ដើម្បីស្រោចស្រង់វិស័យទេសចរណ៍ក្នុងតំបន់

អាស៊ាន៖ ក្រោយបើកកិច្ចពិភាក្សាពិសេស (M-ATM) ស្តីពីជំងឺកូវីដ១៩ ជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ រួចមក អគ្គលេខាធិការស៊ាន លោក លីម ចុកហូយ បានចេញសេចក្តីរាយការណ៍ស្តីពីវិធានការ និងយន្តការអាស៊ានក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ ដើម្បីស្រោចស្រង់វិស័យវិស័យទេសចរណ៍ ក្នុងតំបន់ឱ្យមានភាពប្រសើរបណ្ដើរៗមកវិញ។ បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍

លីម ចុកហូយ បានឱ្យដឹងថា បច្ចុប្បន្នជំងឺរាតត្បាតសកលមួយនេះនៅតែបន្តធ្វើឱ្យពិភពលោក និងតំបន់អាស៊ានមានភាពច្របូកច្របល់។ វាបានឆក់យកអាយុជីវិតមនុស្សជាច្រើន ព្រមទាំងបានរំខានដល់ វិស័យសេដ្ឋកិច្ចរបស់អាស៊ានថែមទៀតផង។ នៅក្នុងតំបន់អាស៊ាន ករណីស្លាប់ប្រមាណ ១,៨០០ករណី និងករណីឆ្លងប្រមាណ ៤៥,០០០នាក់ ត្រូវបានកត់ត្រា និងធ្វើបច្ចុប្បន្នភាព ហើយរហូតមកដល់ពេលនេះមនុស្សរាប់លាននាក់នៅតែស្ថិតនៅក្នុងហានិភ័យនៃការឆ្លង។

លោក បានបញ្ជាក់ថា វិបត្តិសុខភាពនេះបាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជន និងវិស័យសេដ្ឋកិច្ចរបស់អាស៊ាន រាប់ចាប់ពីការរំខានដល់ចង្វាក់ពាណិជ្ជកម្ម ការផ្គត់ផ្គង់ ការបិទអាជីវកម្ម រហូតដល់ការបាត់បង់ការងារជាដើម។ជាការពិតណាស់ នៅក្នុងវិស័យដែលរងការវាយប្រហារខ្លាំងបំផុតដូចជា អាជីវកម្ម បដិសណ្ឋារកិច្ច ដឹកជញ្ជូន និងទេសចរណ៍ អាជីវកម្មខ្នាតតូចមួយចំនួនធំកំពុងដំណើរការ ហើយកម្មកររាប់ពាន់នាក់មានការងារធ្វើ។ ប៉ុន្តែចាប់តាំងពីពេលដែលអាស៊ានប្រឈមមុខនឹងជំងឺរាតត្បាតនេះមក ការប្តេជ្ញាចិត្តក្នុងតំបន់ដើម្បីប្រយុទ្ធនឹងជំងឺនេះ គឺនៅតែមានភាពខ្លាំងក្លា។ ជាក់ស្តែង បណ្តាប្រទេសអាស៊ានសុទ្ធតែអាចឆ្លើយតបជាមួយនឹងសកម្មភាពដែលមានការសម្រេចចិត្ត គោលដៅ និងវិធានការ។

អគ្គលេខាធិការស៊ាន បានបន្តថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺនេះមក បណ្តាប្រទេសអាស៊ានបានចាត់វិធានការទាន់ពេលវេលា និងមានទំនួលខុសត្រូវក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ កិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលអាស៊ានបានបង្កើតយន្តការត្រៀមឆ្លើយតបថ្នាក់ជាតិ និងតំបន់ ចំពោះការគំរាមកំហែងជាសាធារណៈ ដែលលទ្ធផលបង្ហាញអំពីការរកឃើញករណីឆ្លងភ្លាមៗ ការផ្តល់សេវាវេជ្ជសាស្ត្រ ការតាមដាន និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការទំនាក់ទំនងជាដើម។ ក្នុងសកម្មភាពទាំងអស់នេះ វិស័យទេសចរណ៍ គឺជាវិស័យដំបូងគេដែលបានឆ្លើយតបដោយបានចេញនូវសេចក្តីថ្លែងការណ៍ ព្រមទាំងដំបូន្មានអំពីការធ្វើដំណើរផងដែរ។

លោក បានរម្លឹកថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំរបស់អាស៊ានបានចេញសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្តីពីកូវីដ-១៩ ដែលបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីដោះស្រាយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩។ ថ្នាក់ដឹកនាំក៏បានគាំទ្រលើការបង្កើតមូលនិធិសម្រាប់ឆ្លើយតបកូវីដ-១៩ របស់អាស៊ាន ដើម្បីប្រឆាំងនឹងកូវីដ-១៩ ហើយបានយល់ព្រមឯកភាពឱ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានរៀបចំផែនការបន្ទាប់ពីជំងឺរាតត្បាតបញ្ចប់ (Post-Recovery Plan)។

លោក បន្តទៀតថា ចំពោះផ្នែកសេដ្ឋកិច្ចវិញ រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អាស៊ានបានបញ្ជាក់ជាថ្មី អំពីសកម្មភាពបន្ថែមទៀតដើម្បីលើកកម្ពស់ភាពរឹងមាំនៃសេដ្ឋកិច្ចក្នុងតំបន់ ដោយរក្សាទីផ្សារបើកចំហ ពង្រឹងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ និងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដូចគ្នានេះដែរ រដ្ឋមន្រ្តីកសិកម្មរបស់អាស៊ានក៏បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនៅពេលដែលមានជំងឺរាតត្បាតកើតឡើង។ សូម្បីតែដៃគូរបស់អាស៊ានដែលមកពីប្រទេសចិន ជប៉ុន កូរ៉េ សហភាពអឺរ៉ុប អាមេរិក និងអង្គការអន្តរជាតិដទៃទៀត បាននិងកំពុងសហការជាមួយអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ជាក់ស្តែង ក្នុងក្របខ័ណ្ឌអាស៊ានបូក៣ មន្ត្រីសុខាភិបាលបាននិងកំពុងធ្វើការជាមួយគ្នា ដើម្បីសម្រួលដល់ការអភិវឌ្ឍដ៏ឆាប់រហ័ស និងចែកចាយឧបករណ៍វិនិច្ឆ័យរោគ ថ្នាំប្រឆាំងនឹងមេរោគ និងវ៉ាក់សាំងនៅក្នុងអាស៊ាន។

លោក បានបញ្ជាក់បន្តទៀតថា ដោយស្ថិតនៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចអាស៊ានបច្ចុប្បន្នត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ១ភាគរយ តិចតួចបំផុតនៅក្នុងឆ្នាំនេះ។ វិស័យទេសចរណ៍របស់អាស៊ានក៏នឹងទទួលរងផលប៉ះពាល់ពីទស្សនវិស័យសេដ្ឋកិច្ចអវិជ្ជមាននេះផងដែរ។ យោងតាមរយៈអង្គការទេសចរណ៍ពិភពលោក តំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីជំងឺរាតត្បាត ដែលក្នុងនោះចំនួនភ្ញៀវទេសចរអន្តរជាតិនៅក្នុងតំបន់បានធ្លាក់ចុះពី ៩-១២ ភាគរយនៅឆ្នាំនេះ។

តាមរយៈការឆ្លងកាត់ផែនការស្តារឡើងវិញពេលមានវិបត្តិកន្លងទៅ ដូចជាការរីករាលដាលនៃជំងឺសារ (SARS) ក្នុងឆ្នាំ២០០៣ និងវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០០៨ វិស័យទេសចរណ៍ គឺជាវិស័យដ៏សំខាន់មួយសម្រាប់បង្កើតការងារ និងប្រាក់ចំណូល។ សម្រាប់ជំងឺរាតត្បាតនេះវិញ វាក៏មិនមែនជាករណីខុសគ្នាប៉ុន្មានដែរ វិស័យទេសចរណ៍គួរតែដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់តំបន់អាស៊ាន។ ជាលើកឡើងបន្ថែមទៀតរបស់ លោក លីម ចុកហូយ។

អគ្គលេខាធិការស៊ាន បានលើកទឹកចិត្តឱ្យមន្រ្តីរបស់អាស៊ានចាប់ផ្តើមវាយតម្លៃឱ្យបានត្រឹមត្រូវអំពីផលប៉ះពាល់នៃជំងឺរាតត្បាតមួយនេះ មកលើវិស័យទេសចរណ៍ និងបង្កើតយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់វិស័យទេសចរណ៍ដែលមានភាពរឹងមាំ និងនិរន្តរភាពនៅក្នុងតំបន់។ ជាមួយគ្នានេះដែរ បង្កើនការចែករំលែកព័ត៌មាន និងផ្លាស់ប្តូរការអនុវត្តល្អៗ ដើម្បីជួយដល់វិស័យទេសចរណ៍អាស៊ានឱ្យឆ្លើយតបបានកាន់តែប្រសើរឡើង ចំពោះជំងឺរាតត្បាតផ្សេងៗទៀតនាពេលអនាគត។ ក្នុងនោះផងដែរ លោក លីម លើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់គ្នាធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩នេះ ដោយមានសាមគ្គីភាព ការប្តេជ្ញាចិត្ត និងសេចក្តីសង្ឃឹម តំបន់អាស៊ាននឹងទទួលបានជោគជ័យជាក់ជាមិនខាន៕

ដោយ៖ឌីណា