កំពត៖ លោក អ៊ុន អឿន ជាសមាជិកសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ស្ថិតក្នុងភូមិត្រពាំងចក ឃុំត្រាំកក់ ខេត្តតាកែវ ដែលមានផ្ទៃដីជាង ២ ហិកតា អាចទាញយកចំណូលបានពីសក្តានុពលដីនេះក្នុង ១ឆ្នាំ ចំនួន ៦៥លានរៀល ពីការលក់ពហុបន្លែ ដោយមិនគិតពីចំណូលផលស្រូវ និងគោទៀតផង។
ចំពោះចំណូលដែល លោក អ៊ុន អឿន ទទួលបាន ពីការដាំបន្លែ ដោយសារមានបច្ចេសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានណែនាំកន្លងមក។ បើតាមការក្រសួងកសិកម្ម បានបន្តថា មិនខុសពីស្រុកបន្ទាយមាស ស្រុកត្រាំកក់ ជាស្រុកមួយឈានមុខគេនៅទូទាំងខេត្តលើការងារផលិតកម្មបន្លែ និងការចិញ្ចឹមទាយកស៊ុត។
បើតាមកសិករខាងលើ បានឱ្យដឹងថា បច្ចុប្បន្នបន្លែសុវត្ថិភាពគ្រប់ប្រភេទមានតម្លៃកើនឡើងយ៉ាងល្អប្រសើរ បន្ទាប់ពីរាជរដ្ឋាភិបាលបិទការនាំ ចូលពីខាងក្រៅ។ លោក ថា ព្រមជាមួយនឹងតម្លៃកើនឡើង កសិករ គ្រូបង្រៀន ខ្លះទៀតជាមន្រ្តី និងអាជ្ញាធរឃុំ ភូមិ ថានឹងងាកមកដាំដំណាំជាបណ្តើរៗឡើងវិញដើម្បីច្បាមយកឱកាសមាសនេះ ងាកមកបង្កើនផលិតភាពផលិតកម្មកសិកម្ម រួមចំណែកធានាដល់ការផ្គត់ផ្គង់ស្បៀងក្នុងស្រុក លើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែល្អប្រសើរជាលំដាប់។
ហេតុផលខាងលើ ក្នុងនាម ជាសមាជិកសហគមន៍សាមគ្គីត្រពាំងចក ក៏ដូចជាសហគមន៍កសិកម្មទូទាំងប្រទេស តាមរយ: លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក អ៊ុន អឿន បានស្នើសុំឱ្យរាជរដ្ឋាពិបាលមេត្តាបន្តទប់ស្កាត់ ឬកាត់បន្ថយការនាំចូលផលិត ផលបន្លែពីប្រទេសជិតខាងសម្រាប់រយ:យូរអង្វែង តាមដែលអាចធ្វើទៅបាន។
ដោយឡែកចំពោះបទពិសោធន៍ដែល កសិកររូបនេះ ទទួលបាននេះ គឺមានគុណប្រយោជន៍ជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំដើម្បីឈានឆ្ពោះទៅធ្វើជាអ្នកផលិតអាជីពច្បាស់លាស់ ត្រឹមត្រូវតាមបច្ចេកទេស គុណភាព សុវត្ថិភាព ស្តង់ដារ ដែល ជាទុនសម្រាប់ការប្រកួតប្រជែងជាមួយផលិតផលក្រៅប្រទេសនាពេលអនាគត។ បើតាមក្រសួងកសិកម្ម បន្ថែមថា មិនតែប៉ុណ្ណោះ សហគមន៍នេះក៏ជាប្រភពនៃការចែកចាយ ឬផ្លាស់ប្តូរបទពិសោធន៍ដែលទទួលបានមកពីការអនុវត្តជាក់ស្តែង ជូនទៅដល់សហគមន៍ ឬអ្នកផលិតផ្សេងៗទៀតនៅទូទាំងស្រុកផងដែរ។
ប្រជាកសិករក្នុងសហគមន៍ខាងលើបាន ថ្លែងអំណរគុណទាំងទឹកចិត្តរំភើប សប្បាយរីករាយឥតឧបមាជូនចំពោះរាជរដ្ឋាភិបាល និងរដ្ឋមន្ត្រី/មន្ទីរកសិកម្មខេត្ត មន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានបង្កើតឱកាសមាសសម្រាប់ប្រជាសហគមន៍គ្រប់ៗគ្នា ក្នុងការចូលរួមជំរុញផលិតភាពផលិតកម្មកសិកម្មឆ្លើយតបតាមសេចក្តីត្រូវការបស់អ្នកបរិភោគនាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន បានចុះទៅតាមមូលដ្ឋានកន្លែងដាំបន្លែ ចិញ្ចឹមសត្វ នៅខេត្តកំពត ដែលនៅស្រុក ស្រុកបន្ទាយមាស និងស្រុកត្រាំកក់ ដើម្បីមើលពីការរីកចម្រើនរបស់ប្រជាកសិករ ដែលបានដាំនិងអនុវត្តតាមបច្ចេកទេសរបស់ក្រសួង៕
ដោយ៖ឌីណា