បន្ទាយមានជ័យ៖ ផ្លូវជាតិលេខ៥៨ ដើរតួនាទីយ៉ាងសំខាន់ និងជាផ្លូវយុទ្ធសាស្រ្តមួយ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងការពារអធិបតេយ្យភាពជាតិផង ព្រមទាំងជួយទ្រទ្រង់យ៉ាងរឹងមាំនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា-ថៃ ពីព្រោះផ្លូវនេះបានតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅឧត្តរមានជ័យ ស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឆ្លងកាត់ពីក្រុងប៉ោយប៉ែត ដែលជាទីក្រុងដ៏មានសក្តានុពល និងជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងដ៏សំខាន់។
ការលើកឡើងខាងលើ របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពេលអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានបន្តថា ផ្លូវជាតិនេះ អាចសម្រួលដល់ការផ្លាស់ប្តូរផលិតផល សកម្មភាពពាណិជ្ជកម្ម និងសុខាភិបាល រវាងប្រជាពលរដ្ឋកម្ពុជា និងថៃ ហើយក៏អាចសម្រួលដល់វិស័យទេសចរណ៍ពីប្រទេសថៃមកទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ផងដែរ។
ក្រោយពីការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះហើយ ក្នុងការអភិវឌ្ឍប្រទេសជាតិ គឺរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលដៅពីរសំខាន់ ដែលគោលដៅទី១-គឺការប្រែក្លាយតំបន់សមរភូមិក្តៅទាំងអស់ឱ្យក្លាយទៅជាតំន់ដែលមានសុខសន្តិភាព និងការអភិវឌ្ឍ និងគោលដៅទី២-គឺការប្រែក្លាយតំបន់ព្រំដែនទាំងអស់ឱ្យទៅជាព្រំដែនដែលមានសុខសន្តិភាព តំបន់ទីផ្សារ និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។ ជាការបន្ថែមរបស់ សម្ដេច នាយករដ្ឋមន្រ្តី។
ឆ្នាំនេះគឺជាខួបទី១០ នៃភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បន្ទាប់ពី រដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយមិត្តចិនកាលពីឆ្នាំ២០១០។ តាមការឱ្យដឹងពីសម្ដេច ហ៊ុនសែន ក្នុងពេលថ្លែងក្នុងពិធីខាងលើ បានបន្ថែម ទៀតថា មកដល់បច្ចុប្បន្ន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទាន និងជំនួយឥតសំណង របស់មិត្តចិន បានសាងសង់រួចរាល់មានចំនួន ២៧ខ្សែ មានប្រវែងសរុប ២,៧៧៩គីឡូម៉ែត្រ។
សម្ដេច បានឱ្យដឹងទៀតថា គម្រោងផ្លូវកំពុងសាងសង់មានចំនួន ៥ខ្សែ មានប្រវែងប្រមាណ ៤៩៧,២០គីឡូម៉ែត្រ។ចំណែកស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន ៨ស្ពាន មានប្រវែងសរុប ៧,៤៣៤ម៉ែត្រ និងស្ពានកំពុងសាងសង់ ដូចជា ស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តកំពងចាម ស្ទឹងត្រង់-ក្រូចឆ្មារ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (សិត្បូ) នៃគម្រោងខ្សែក្រវាត់ក្រុងទី៣ ជាដើម។
តាមរបាយការណ៍របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានឡើងអានក្នុងពិធីខាងលើបានឱ្យដឹងថា ផ្លូវជាតិលេខ៥៨ បានចំណោយថវិកាសាងសង់ប្រមាណ ១២២.៩៨លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយបញ្ហាផលប៉ះពាល់នានា ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករជាដើម។
ផ្លូវជាតិមួយខ្សែដ៏វែងនេះ ត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់ ចិន ដែលមានទទឹងតួផ្លូវសរុប ១២ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) និងមានទទឹង ១០ម៉ែត្រ។ ផ្លូវមួយខ្សែនេះក៏ត្រូវបានសាងសង់ស្ពានតភ្ជាប់ចំនួន ៤៧កន្លែង ប្រវែងសរុប ១,៥៧៤ម៉ែត្រ។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន ដោយប្រើរយៈពេលសាងសង់ចំនួន ៤៣ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០១៩។ បើតាមរបាយការរបស់ លោក រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនដដែល។
សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែមិនា ឆ្នាំ២០២០ រដ្ឋាភិបាលនឹងបើកការដ្ឋានសាងសង់ផ្លូវលេខ១០ ថ្មីដែលចេញពីសំឡូត ទៅវាលវែង អូរសោម មកដល់ខេត្តកោះកុង។ ព្រមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការផ្លូវជាតិលេខ៥៥ ពីពោធិ៍សាត់ មកវាលវែង ទៅថ្មដារផងដែរ។ តាមការឱ្យដឹងពីរដ្ឋមន្រ្តីដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ពេលផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅកន្លែង សម្ពោធផ្លូវជាតិលេខ៥៨ មុនការមកដល់សម្ដេច នាយករដ្ឋមន្រ្តី បានបន្តថា ជាតិលេខ១០ ដែលជាផ្លូវថ្មី មានសារសំខាន់ក្នុងការដឹកកសិផលរបស់ប្រជាពលរដ្ឋ ចេញពីប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ចុះទៅកំពង់ផែកោះកុង៕
អត្ថបទទាក់ទង៖ https://www.khmerhome.com/article/118311
ដោយ៖ឌីណា