Register Already an agent ? Login

ផ្លូវជាតិលេខ៥៨ ត្រូវបានសម្ដេច នាយករដ្ឋមន្រ្តីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ ពីក្រុងប៉ោយប៉ែត ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ

បន្ទាយមានជ័យ៖ ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ មានប្រវែងសរុប ១៧៤,១៦ គីឡូម៉ែត្រ ចាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបាន សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៦នេះ ខែកុម្ភៈ ឆ្នាំ២០២០។

ផ្លូវជាតិខាងលើ ដែលមានប្រវែង ១៧៤គីឡូម៉ែត្រចាប់ពីក្រុងប៉ោយប៉ែត ផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែត្រ ៣៩៩+៩០០ ខេត្តបន្ទាយមានជ័យ ដល់ឃុំផ្អុង ផ្លូវជាតិលេខ៦៨ ត្រង់គីឡូម៉ែត្រ ១០១+៥០០ ខេត្តឧត្តរមានជ័យ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុបខូអិលធីឌី ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន ចំណាយថវិកាអស់ចំនួន ១២២,៩៨លានដុល្លារ ក្រោមហិរញ្ញប្បសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងចំណាយរយៈពេលសាងសង់ចំនួន ៤៣ខែ។ ជាការថ្លែងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៅក្នុងពីសម្ពោធផ្លូវខាងលើ។

លោក រដ្ឋមន្រ្តីបាន ថ្លែងអំណរគុណ ពោះរដ្ឋាភិបាល និងប្រជាជនចិនដែលជានិច្ចជាកាលតែងតែផ្ដល់ជាជំនួយបច្ចេកទេស និងជំនួយឥតសំណាងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា។ ក្នុងនោះដែរ លោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវនេះសូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យផ្លូវថ្នល់ឆាប់ខូចមុនអាយុកាលកំណត់។

លោក ស៊ុន ចាន់ថុល បន្ថែមថា តាមរយៈផ្លូវប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ចអាចធ្វើដំណើរ និងដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្មទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត អូរស្មាច់ អូរបីជាន់ បឹងត្រកួន ជប់គរគី និងថ្មដូន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ លោក បញ្ជាក់ មិនតែប៉ុណ្ណោះផ្លូវនេះអាចចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជាសំដៅទាញយកអត្ថប្រយោជន៍ឱ្យបាន ច្រើនលើសលប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងពិភពលោក។

នៅក្នុងពិធីនេះ សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងពីចក្ខុវិស័យនៃការកសាងផ្លូវថ្នល់ប្រកបដោយគុណភាពរឹងមាំរបស់រាជរដ្ឋាភិបាល ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ដូចជាសរសៃឈាមប្រទាក់ក្រឡាគ្នាប្រកបដោយសក្តានុពល និងប្រែក្លាយតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ឱ្យទៅជាតំបន់ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងខិតជិតតំបន់ទីក្រុង។

ជាក់ស្តែងផ្លូវជាតិលេខ៥៨នេះ ដើរតួនាទីយ៉ាងសំខាន់ និងជាផ្លូវយុទ្ធសាស្រ្តមួយ សម្រាប់បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចផង ការការពារអធិបតេយ្យភាពជាតិផង និងជួយទ្រទ្រង់យ៉ាងរឹងមាំនូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ជាការបញ្ជាក់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

​​សម្ដេច នាយករដ្ឋមន្រ្តី បញ្ជាក់ «ផ្លូវជាតិលេខ៥៨ នេះ ដើរតួនាទីយ៉ាងសំខាន់ និងជាផ្លូវយុទ្ធ​សាស្រ្ត​មួយ សម្រាប់​បម្រើឱ្យ​ការ​​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ផង ការពារអធិបតេយ្យភាពជាតិផង និងជួយទ្រទ្រង់យ៉ាង​រឹង​មាំ​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​រវាង​ប្រទេសកម្ពុជា និងប្រទេសថៃ។ ពីព្រោះផ្លូវនេះ​បាន​តភ្ជាប់ពីខេត្ត​បន្ទាយ​​មានជ័យ ទៅ​នឹង​ខេត្ត​ឧត្តរ​មាន​ជ័យ ​ស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឆ្លងកាត់ទីក្រុង​ប៉ោយ​ប៉ែត ដែលជាទីក្រុងដ៏​មាន​សក្តានុពល​ និងជាច្រករបៀងសេដ្ឋកិច្ចភាគ​ខាងត្បូងដ៏សំខាន់»។

ប្រមុខរាជរដ្ឋាភិបាលបន្ថែមថា ផ្លូវជាតិនេះ អាច​សម្រួលដល់ការ​ផ្លាស់ប្តូរ​ផលិតផល សកម្មភាព​ពាណិជ្ជ​កម្ម និងសុខាភិបាល រវា​ង​ប្រជា​ពលរដ្ឋថៃ និង​កម្ពុជា ហើយក៏អាច​សម្រួល​​ដល់​វិស័យ​​ទេសចរណ៍ពីប្រទេសថៃមក​ទស្សនា​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្តសៀមរាប ផងដែរ។

គូសបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពីលោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា និង លោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ អាជ្ញាធរដែនដី មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ៕

ដោយ៖ឌីណា