ភ្នំពេញ៖ សរុបលទ្ធផលពីពេលចាប់ផ្ដើមអនុវត្តដល់ខែធ្នូ ឆ្នាំ២០១៩ ក្រសួងដែនដីចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៥ ៦២៥ ៦៨៦បណ្ណ ស្មើនឹង៨០,៣៧ភាគរយ នៃក្បាលដីប៉ាន់ស្មាន ៧លានក្បាល ក្នុងនោះការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៥ ០០៨ ១០៥បណ្ណ និងចែកជូនប្រជាពលរដ្ឋចំនួន ៤ ៦៦៣ ០៥៦បណ្ណ។ បើតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០១៩ របស់ក្រសួងដែនដី។
ក្រសួងដែនដីបានបន្តថា ក្នុងចំណោមបណ្ណចែកជូនប្រជាពលរដ្ឋជាង ៤លានបណ្ណខាងលើ តាមបទបញ្ជាលេខ ០១បប បានចំនួន ៦៤២ ៦០៣បណ្ណ សម្បទាដីសង្គមបានចំនួន ៦៥០៤បណ្ណ។ និងការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំសម្រេចបាន ៦១៧ ៥៨១បណ្ណ (ដីរដ្ឋបាន ១ ៨៥៤បណ្ណ ទំហំ ៧៧៨ ៧២៥ហិកតា ដីឯកជនបាន ៦១៤ ៩០៨បណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន ៣០សហគមន៍ ស្មើនឹង ៨១៩បណ្ណ ទំហំ ៣១៦០៥ហិកតា សម្រាប់ ៣០៣៣គ្រួសារ)។
របាយការណ៍របស់ក្រសួងនៅឆ្នាំ២០១៩ ដដែលបានបន្តថា បានចុះបញ្ជីសិទ្ធិជួលអចិន្រ្តៃយ៍លើដីរដ្ឋចំនួន ៤៣៩បណ្ណ ស្មើនឹង ៧៣ ៤៤០ហិកតា ចុះបញ្ជីសិទ្ធិសម្បទានដីសេដ្ឋកិច្ចចំនួន ៣៦៣បណ្ណ ស្មើនឹង ២៣២ ៤៥១ហិកតា ចុះបញ្ជីពីការផ្ទេរសិទ្ធិចំនួន ២០៣ ១៨០ករណី និងចុះបញ្ជីសិទ្ធិប្រាតិភោគ (ដាក់បញ្ចាំ/ហ៊ីប៉ូតែក) ចំនួន ១២១ ៣២៣ករណី។
ក្រសួងដែនដីបានរម្លឹកពីឆ្នាំ២០០៣ ដល់២០១៩ ឱ្យដឹងថា គណៈកម្មការសុរិយោដីក្រុង ស្រុក ខណ្ឌ បានទទួលបណ្ដឹងចំនួន ៨ ៧០០ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន ៧៩២៩ករណី (បញ្ចប់ជាស្ថាពរចំនួន ៤ ១៦៤ករណី ច្រានចោលពាក្យបណ្ដឹងបន្ទាប់ពីស៊ើបអង្កេតឃើញថា ខុសសមត្ថកិច្ចចំនួន ២ ៨៤៧ករណី ភាគីស្នើសុំដកពាក្យបណ្ដឹងចំនួន ៩១៨ករណី) និងកំពុងដោះស្រាយចំនួន ៧៧១ករណី។ លទ្ធផលនេះក្រុមដោះស្រាយវិវាទដីធ្លីចល័តក្រុង ស្រុក ខណ្ឌ អនុវត្តបានចំនួន ៦៨៩ករណី (បញ្ចប់ជាស្ថាពរចំនួន ១ ៨៧៤ករណី ច្រានចោលពាក្យបណ្ដឹងបន្ទាន់ពីស៊ើបអង្កេតឃើញថាសមត្ថកិច្ចចំនួន ១ ០៣១ករណី ភាគីស្នើសុំដកពាក្យបណ្ដឹងចំនួន ៤៥៥ករណី និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន ៣២៩ករណី)។
របាយការណ៍ដដែលបានបន្ថែមថា ចាប់ពីឆ្នាំ២០០៥ រហូតដល់ខែឆ្នូ ឆ្នាំ២០១៩ គណៈកម្មការសុរិយោដីបានបញ្ចប់វិវាទពាក់ព័ន្ធនឹង ២២ ១៧៨គ្រួសារ ស្មើនឹងចំនួន ៦៤៨៤,១២ហិកតា។ ជាមួយគ្នានេះ ទទួលពាក្យបណ្ដឹងចំនួន ៨៧៩ករណី និងដោះស្រាយសរុបបានចំនួន ១០៩ករណីក្នុងនោះដោះស្រាយបញ្ចប់ចំនួន ៨៤ករណី និងធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្ដឹង ឬបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធចំនួន ២៥ករណី។
គិតចាប់ពីខែមេសា ឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០១៩ ក្រសួងបានទទួលករណីវិវាទចំនួន ២ ០៩៦ករណី ដោះស្រាយបានចំនួន ៤៧៨ករណី ក្នុងនោះបានបញ្ចប់ជាស្ថាពរចំនួន ២១១ករណី ធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្ដឹង និងបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធចំនួន ២៦៧ករណី និងកំពុងដោះស្រាយ ១ ៦១៨ករណី។
សរុបចាប់ពីដំណើរហូតដល់ខែធ្នូ ឆ្នាំ២០១៩ ទទួលបានចំនួន ១ ៨៩៨ករណី ដោះស្រាយសរុបចំនួន ១ ៧៦៦ករណី បង្វែរទៅម្ចាស់បណ្ដឹងចំនួន ២ករណី និងកំពុងដោះស្រាយចំនួន ១៣០ករណី។ បើតាមរបាយការណ៍ដដែល៕
ដោយ៖ឌីណា