ភ្នំពេញ៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ដែលស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA) គ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក ហើយមកដល់ពេលសម្រេចបាន ៥១ភាគរយ។ បើតាមទំព័រហ្វេសប៊ុកផ្លូវការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៩។
គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥នេះ ការងារស្ថាបនាត្រូវបានបែងចែកជា ៣ផ្នែកធំៗរួមមានគឺ ផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាល ក្នុងនោះមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប ៣០៤គីឡូម៉ែត្រ ក្រាលជំនួសដោយកៅស៊ូ AC ដោយមានសួរច្បារនៅចំកណ្តាល។ បើតាមការឱ្យពីក្រសួងដឹកជញ្ជូន។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ)នេះ ចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបងរហូតដល់ ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៨៤,៧៤គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ១៤៣,០៤លានដុល្លារអាមេរិក សម្រេចការសាងសង់បានប្រមាណ ៥១ភាគរយ។ បើតាមការឱ្យដឹងពីក្រសួងដដែល។
គម្រោងស្ថាបនាកំណាត់ផ្លូវនេះត្រូវបានបែងចែកជាពីរកញ្ចប់ គឺកញ្ចប់ទី១ សាងសង់ដោយក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV មានប្រវែង ៤៦,២៧គីឡូម៉ែត្រ (ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣,៩២គម)។ ចំណែឯ កញ្ចប់ទី២សាងសង់ ដោយក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma JV មានប្រវែង ៣៨,៤៧គីឡូម៉ែត្រ (ផ្លូវវាងក្រុងសិរីសោភ័ណប្រវែង៩.៣៤គម) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសចំនួនពីរ។ ជាការឱ្យដឹងបន្ថែមពីក្រសួងសារធារណការ និងបានរម្លឹកថា ផ្លូវជាតិលេខ៥ ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨ ក្រោមអធិបតីភាព សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានការស្ថាបនាមានរយៈពេលន៣៦ខែ។
«ការសាងសង់ផ្លូវវាងក្រុងសរុបមានចំនួន ៥ខ្សែ ដែលមានប្រវែងសរុប ៦២គីឡូម៉ែត្រ ដោយមាន ៤គន្លង ទទឹង២៣ម៉ែត្រ និងសួរច្បារចំកណ្តាល ជាមួយគ្នានេះដែរ ក៏មានការពង្រីកស្ពានចាស់ ហើយនិងសាងសង់ស្ពានថ្មីបន្ថែម ដែលស្ថិតនៅក្នុងកំណាត់ផ្លូវជាតិលេខ៥ មានចំនួនសរុប ៨០កន្លែង»។ ជាបញ្ជាក់របស់ក្រសួងដឹកជញ្ជូន។
គូសបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណសម្រេចបាន៥១ភាគរយនេះ ដោយមានការចុះត្រួតពិនិត្យ ពីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូ លោក ស៊ុន ចាន់ថុលហើយក៏មានការចូលរួមពីប្រតិភូតំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសផងដែរ កាលពីថ្ងៃទី២២ ខែកក្ដដា នេះ៕