ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd បានបោះទុនវិនិយោគក្នុងទឹកប្រាក់ ៥២១លានដុល្លារ ជាមួយដៃគូវិនិយោគនៅកម្ពុជា ដើម្បីអភិវឌ្ឍន៍តំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ ដែលជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ សម្បូរទៅដោយដើមស្រល់ និងមានជ្រោះជ្រលងដងអូរ ហូរធ្លាក់បង្កើតបានជាតន្ត្រីធម្មជាតិ បំពេរអារម្មណ៍ភ្ញៀវដែលមកកម្សាន្តបានល្ហែល្ហើយស្បើយអស់ពីទុក្ខា។
![](http://s6.kh1.co/b8/b8ade9d17434d94c5e36a6ee18e4198c2a045014.jpg)
លោក ថាក់ខិឈិ អ៊ីហ្ស៊ូកា (Takeshi Izuka) នាយកក្រុមហ៊ុន A2A Town (Cambodia) Co., Ltd ដែលបានវិនិយោគប្រែក្លាយតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ ទៅជាទីក្រុងអេកូទេសចរណ៍ និងវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ (K.I.T) ដើម្បីផ្តល់ឱ្យកូនខ្មែរនូវចំណេះដឹង និងជំនាញពិតប្រាកដ ពិសេសបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់នេះ ប្រកបដោយនិរន្តរភាព ដើម្បីលើកស្ទួយការអភិវឌ្ឍបរិស្ថានបៃតង និងឧស្សាហកម្មគ្មានផ្សែង (ទេសចរណ៍) នៅក្នុងប្រទេសកម្ពុជា។
![](http://s6.kh1.co/b1/b1ed13c81dab1a92b9b1e0b8fa4eba47faf9036e.jpg)
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញវិនិយោគិនជប៉ុន ធ្វើការសហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីម្យ ដែលហ៊ុំព័ទ្ធដោយតំបន់អេកូទេសចរណ៍បៃតង បច្ចេកវិទ្យាព័ត៌មានវិទ្យា និងបុរីលំហែសម្រាប់និវត្តន៍ជន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងប្រែក្លាយគម្រោងមួយនេះ ឱ្យទៅជាគំរូនៃការអភិវឌ្ឍទីក្រុងធម្មជាតិ នៅតាមប្រទេសក្នុងតំបន់។
![](http://s6.kh1.co/87/87b63f7a86f4cd1b22816f18cd4835ece0af796d.jpg)
សម្រាប់ លោក ថាក់ខិឈិ អ៊ីហ្ស៊ូកា បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍ទីក្រុងធម្មជាតិគិរីរម្យ និងបានជម្រាបជូនអំពីចក្ខុវិស័យរបស់ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd ក្នុងការប្រែក្លាយទីក្រុងនេះ ឱ្យកាន់តែមានលក្ខណៈទំនើបប្រកបដោយនិរន្តភាព តាមរយៈការនាំមកនូវរថយន្តអគ្គិសនី ជាមួយបច្ចេកវិទ្យាថ្មីៗបន្ថែម សម្រាប់និស្សិតខ្មែរ និងជប៉ុន ដែលកំពុងសិក្សានៅ K.I.T ដើម្បីចូលរួមអភិវឌ្ឍន៍ឧស្សាហកម្ម ៤.០ និងឆ្លើយតបតម្រូវការទីផ្សារផ្នែកបច្ចេកវិទ្យាបច្ចុប្បន្ន។
គួរជម្រាបផងដែរថា បច្ចុប្បន្ន ក្រុមហ៊ុនបានផ្តល់អាហារូបករណ៍ពេញថ្លៃសិក្សា ដល់និស្សិតខ្មែរជាង ២០០នាក់ និងបង្កើតការងារជូនប្រជាជននៅមូលដ្ឋាន ប្រមាណជាង ៤៥០នាក់ផងដែរ៕
ប្រភព : Bee