
ភ្នំពេញ៖ ក្រុមហ៊ុន Mountain Hazelnuts ក្រុមហ៊ុន Kamya មកស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ លោក Daniel Spitzer ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Mountain Hazelnuts និងលោក Andreas Groetschel អគ្គនាយកក្រុមហ៊ុន Kamya។

បើតាមជំនួបនេះ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម ជាពិសេស ឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា។
នាឱកាសនេះ អគ្គលេខាធិការ បានថ្លែងអំណរគុណដល់វិនិយោគិនដែលបានចាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា។

លោក បានជម្រាបជូនអំពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យនេះ ជាពិសេស គំនិតផ្ដួចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះ នៅកម្ពុជា។
ទន្ទឹមនឹងនេះ លោក ជា វុទ្ធី បានបង្ហាញជូនពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។

ក្នុងន័យនេះ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានស្នើឱ្យក្រុមហ៊ុនមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃ ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាសមិទ្ធិលទ្ធភាពនៃការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)