ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត នាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៩ សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលបាននឹងកំពុងរៀបចំផែនការ ក្នុងការសាងសង់ផ្លូវថ្មីមួយខ្សែទៀតឆ្លងកាត់ពីខេត្តកំពតឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ។
សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍បន្ថែមទៀតថា ក្រៅពីផ្លូវជាតិលេខ០៣ យើងមានផ្លូវជាតិ៤១ ដែលចាក់បញ្ជូលមក [កំពត] ហើយយើងកំពុងតែរៀបចំបណ្តាញផ្លូវមួយទៀត ដើម្បីតភ្ជាប់ខេត្តកំពតចេញទៅផ្លូវជាតិលេខ០៤ (នៅម្តុំពេជ្យនិល) ។
គម្រោងសាងសង់ផ្លូវថ្មីនេះគឺដោយសារខេត្តកំពតនឹងក្លាយទៅជាទីតាំងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាពិសេសសម្រាប់បណ្តាញតភ្ជាប់និងការដឹកជញ្ជូន។
ជាមួយគ្នានេះ ក្រៅពីមានការអភិវឌ្ឍន៍ទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវផ្នល់សំខាន់ៗរបស់ខេត្ត ការបង្កើនសោភ័ណភាព ជាពិសេសមានកំពង់ផែទឹកជ្រៅ ដែលកំពុងដំណើរការសាងសង់នោះ នៅមានបណ្តាក្រុមហ៊ុនជាតិ អន្តរជាតិមួយចំនួនទៀតចូលមកវិនិយោគនៅក្នុងខេត្តមួយនេះ។
ប្រភព : Bee