ភ្នំពេញ៖ ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៦៨ ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារ បង្កើតការងារបានប្រមាណជិត ៤៦ពាន់កន្លែង ក្នុងខែមករា ឆ្នាំ២០២៥។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងខែមករា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨គម្រោង ក្នុងនោះ គម្រោងវិនិយោគថ្មីចំនួន ៦៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារអា និងអាចបង្កើតការងារបានប្រមាណជិត ៤៦ពាន់កន្លែង។
គម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ៣៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៩គម្រោង។
បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២៤ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣២គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១៨៧លានដុល្លារ ការអនុម័តគម្រោងវិនិយោគក្នុងខែមករា ឆ្នាំ២០២៥ មានការកើនឡើងចំនួន ៣៦គម្រោង ខណៈ ទុនវិនិយោគមានការកើនឡើងប្រមាណ ៥៦១លានដុល្លារ ស្មើនឹងប្រមាណ ៣០០%។ គម្រោងវិនិយោគទាំង ៦៨គម្រោង សុទ្ធសឹងជាការវិនិយោគក្នុងវិស័យឧស្សាហកម្មទាំងអស់។
គួរបញ្ជាក់ថា ណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំច្រកចេញចូលតែមួយលើកទី២ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៣៥លានដុល្លារ។
បើតាមកិច្ចប្រជុំច្រកចេញចូលតែមួយ លើកទី២ បានឱ្យដឹងថា គម្រោងវិនិយោគទាំង១២នេះ មានទុនវិនិយោគសរុបប្រមាណ ១៣៥លានដុល្លារ អាចបង្កើតការងារបានចំនួនប្រមាណ ៧ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (ឧបករណ៍បរិក្ខារពេទ្យ, ផ្គុំនិងដំឡើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ការកែច្នៃលោហធាតុ, ផលិតពិល។
គម្រោងវិនិយោគទាំង១២នេះ ផលិតគ្រោងសំណង់ពីលោហធាតុ, ឧបករណ៍ជាងគ្រប់ប្រភេទ, កាត់ដេរ ចាក់សម្លៀកបំពាក់និងជ្រលក់ពណ៌) និងមុខសញ្ញាវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យអានុភាព ៣០មេហ្គាវ៉ាត់) ដោយបានបោះទីតាំងវិនិយោគនៅខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, កណ្តាល, ខេត្តកំពត និងខេត្តកំពង់ឆ្នាំង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)