ភ្នំពេញ៖ គម្រោងវិនិយោគក្នុង ខែមករា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ៦៨ (២៩គម្រោង ក្នុងតំបន់សេដ្ឋកិច្ចពិសេស) ទុនវិនិយោគ ៧៤៨លានដុល្លារ បង្កើតការងារ ៤៦ពាន់កន្លែង។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ប្រភពទុនវិនិយោគឈានមុខ ចិនឈរលេខ១ កម្ពុជាលេខ២ វៀតណាមលេខ៣។
បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រភពទុនវិនិយោគឈានមុខ ១-ចិន ៧៣,៣៥%, ២-កម្ពុជា ១៣,១៧%, ៣-វៀតណាម ៥,៥២%, ៤-កោះ Cayman ៣,២៨%, ៥-អង់គ្លេស ១,៦៥%, ៦-សិង្ហបុរី ០,៩៥%, ៧-កោះ Samoa ០,៧១%, ៨-សហរដ្ឋអាមេរិក ០,៥៩%, ៩-Anguilla ០,៥២%, ១០-ម៉ាឡេស៊ី ០,២៦%។
របាយគម្រោងវិនិយោគនៅតាមបណ្តារាជធានី-ខេត្ត បន្ទាយមានជ័យ ១គម្រោង, កំពង់ឆ្នាំង្ ១គម្រោង, កំពង់ចាម ១គម្រោង, ត្បូងឃ្មុំ ១គម្រោង, កណ្ដាល ១គម្រោង. តាកែវ ៤គម្រោង, កោះកុង ៨គម្រោង,ព្រះសីហនុ ៩គម្រោង, ភ្នំពេញ ១០គម្រោង និងស្វាយរៀង ១៣គម្រោង។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃ៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបលោក Kensuke WATANABE នាយកផ្នែករដ្ឋបាល និងធនធានមនុស្សនៃក្រុមហ៊ុន Minebea (Cambodia) Co., Ltd. ពិភាក្សានិងផ្លាស់ប្តូរយោបល់លើទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងការស្នើសុំពង្រីកបន្ថែមមុខសញ្ញាផលិតបរិក្ខារអេឡិចត្រូនិកដែលក្រុមហ៊ុនគ្រោងនឹងបណ្តាក់ទុនវិនិយោគបន្ថែមប្រមាណ ១៥លានដុល្លារ។
ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំរបស់ជប៉ុនដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១១ ក្នុងវិស័យផលិតគ្រឿងបង្គុំអេឡិចត្រូនិកជាច្រើនប្រភេទ បច្ចុប្បន្នបានបង្កើនដើមទុនវិនិយោគរហូតដល់ជាង ៧០០លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)