Register Already an agent ? Login

ជ្រួលជ្រើមទិញដីនៅកណ្តាលស្ទឹង បើទិញប៉ះទីតាំងព្រលាន តើវាសនាម្ចាស់ដីទៅជាយ៉ាងណា?

នៅទីបំផុតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (កម្រិត F4) ដែលមានតម្លៃវិនិយោគ ១៥០០ លានដុល្លារអាមេរិកត្រូវបានកំណត់ពេលវេលាសាងសង់ ទំហំ និងទីតាំងជាក់លាក់ហើយដោយអាចស្ថិតនៅមាត់បឹងនៃស្រុកកណ្តាលស្ទឹងគឺប្រមាណ ១០ គីឡូម៉ែត្រពីក្រុងតាខ្មៅ។

អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ស៊ិន ចាន់សេរីវុត្ថាទីតាំងសាងសង់ព្រលានយន្តហោះថ្មីនេះ ស្ថិតនៅតាមផ្នែកខាងលិចផ្លូវជាតិលេខ ២១ ជាតំបន់វាលបឹងកំប្លោកដ៏ធំ (ហៅបឹងរៀន) ដែលស្ថិតក្នុងរង្វង់ផ្លូវក្រវាត់ក្រុងទី ៣ នាពេលអនាគត។

នៅពេលលេចឮពត៌មាននេះ មានការជ្រួលជ្រើម នាំគ្នាទៅទិញដីនៅស្រុកកណ្តាលស្ទឹង ដែល ដីស្រែ ឬដីបឹងនៅតំបន់នោះមានតម្លៃចន្លោះពី «២-៥ ម៉ឺនដុល្លារក្នុង ១ ហិកតា ប៉ុន្តែឥឡូវប្រហែលជាស្ថិតនៅចន្លោះពី ៧-៨ ម៉ឺនក្នុង ១ ហិកតាហើយអាចនឹងបន្តឡើងទៅដល់ ១០-២០ ម៉ឺនដុល្លារផងដែរ។នេះបើតាមការបញ្ជាក់របស់លោក គីម ហ៊ាង។

លោកបានបន្ថែមទៀតថា តម្លៃដីនឹងហក់ឡើងនៅពេលមានគម្រោងធំៗអ្វីមួយកើតឡើងនៅក្នុងតំបន់បែបនេះដូច្នេះអ្នកឆ្លៀតឱកាសទិញភ្លាមលក់យកចំណេញខ្លះភ្លាមគឺជាការប្រសើរ ប៉ុន្តែប្រយ័ត្នអ្នកដែលជាអ្នកទិញចុងក្រោយមានតម្លៃខ្ពស់ហើយអាចនឹងជាប់គាំងលក់លែងចេញ ឬលែងចំណេញ។

តើអ្នកមានដឹងទេថា ចំពោះការជ្រួលជ្រើមទីញដីនៅកណ្តាលស្ទឹង បើទិញប៉ះទីតាំងព្រលានយន្តហោះអន្តរជាតិថ្មី តើវាសនាម្ចាស់ដីធ្លីនឹងទៅជាយ៉ាងណា? នោះ ប្រាកដណាស់ថាម្ចាស់ដីនឹងត្រូវខាតព្រោះនាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាល បានធ្វើការ ផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរន្តការដី (ការទិញ លក់) ស្ថិតក្នុងទីតាំង ដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការអនុវត្តគម្រោងសាងសង់ព្រលានយន្តហោះ។

ហើយនៅពេលដែលរាជរដ្ឋាភិបាលប្រមូលទិញ តម្លៃក៏មិនអាចថ្លៃនោះដែរ ព្រោះនេះជាគម្រោង របស់រដ្ឋ ដែលតម្លៃនៅក្នុងការកំណត់របស់រាជរដ្ឋាភិបាល។ នៅក្នុងការចាំបាច់ដែលតម្រូវឲ្យមានការផ្អាកបណ្តោះអាសន្នការធ្វើចរន្តការដីនោះ គឺជារឿងល្អ ព្រោះវាអាចជួយធ្វើឲ្យមានភាពងាយស្រួលក្នុងការដោះស្រាយតម្លៃគោលនយោបាយ ដោយចៀសវាងការដោះស្រាយច្រើនដំណាក់កាល និងច្រើនដង»។

ជាធម្មតានៅពេលដែលមានព័ត៌មានគម្រោងអភិវឌ្ឍន៍ធំៗ នៅកន្លែងណាមួយ សកម្មភាពទិញ លក់ និងតម្លៃអចលនទ្រព្យ នឹងពុះកញ្ជ្រោលខ្លាំងរហូតពិបាកគ្រប់គ្រងផងក៏មាន។

ដូច្នេះហើយមុននឹងទិញដីត្រូវដឹងអំពីព័ត៌មានឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញ កុំទិញតាមការជ្រើមជ្រួលតាមគ្នា វាអាចធ្វើឲ្យមានការខាតបង់ និងហានិភ័យខ្ពស់។

គួរជម្រាបផងដែរថា ប្រសិនបើចង់ដឹងថា ដីកន្លែងណាត្រូវនឹងតំបន់គម្រោង អ្នកអាចចូលទៅក្នុង Khmer Home App ដើម្បីស្វែងរកទីតាំងនៃគម្រោងព្រលាន ដើម្បី កុំឲ្យទិញដីខាត។ 

ប្រភព : Bee