ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគដែលមានតម្លៃចំនួនជាង ២២លានដុល្លារ ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៩ នេះ បាន ឱ្យដឹងថាតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនវិនិយោគចំនួន ៣ដូចខាងក្រោម៖
១- “GUO TAI SHENG XING (CAMBODIA) GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣២៤កន្លែង។
២-“CINLON INTERNATIONAL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.២០៨កន្លែង។
៣-“T & L (CAMBODIA) HANDBAGS INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាមភេម សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៧៥កន្លែង៕
ប្រភព : www.propertyarea.asia