ភ្នំពេញ៖ ក្នុងចំណោមខណ្ឌទាំង៤ ដែលស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ខណ្ឌ៧មករា ត្រូវបានគេមើលឃើញថាជាតំបន់ ដែលប្រមូលផ្តុំទៅអាជីវកម្មចម្រុះស្ទើរគ្រប់ប្រភេទ ប៉ុន្តែបែរជាត្រូវអ្នកជំនាញបញ្ជាក់ប្រាប់ថា នៅលើទីផ្សារអចលនទ្រព្យ ខ័ណ្ឌមួយនេះមានតម្លៃទាបជាងបណ្តាខ័ណ្ឌមួយចំនួនផ្សេងទៀត។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ បានបញ្ជាក់ប្រាប់តាមរយៈទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២៧ ខែមីនា ម្សិលមិញនេះថា បើទោះជាខណ្ឌ៧មករា ជាបណ្តុំអាជីវកម្មចម្រុះគ្រប់ប្រភេទ និងមានមនុស្សម្នារស់នៅ និងឆ្លងកាត់ច្រើនកកកុញយ៉ាងណាក៏ដោយ ប៉ុន្តែបើនិយាយពីតម្រូវការ និងតម្លៃអចលនទ្រព្យនៅលើទីផ្សារ នាពេលបច្ចុប្បន្នហាក់នៅមានកម្រិត ឬអាចទាបជាងតំបន់មួយចំនួន ដែលស្ថិតនៅក្នុងខណ្ឌជាប់ព្រុំប្រទលជាមួយគ្នា។
លោកបានបន្តថា នៅរាជធានីភ្នំពេញ ចំពោះខ័ណ្ឌដែលស្ថិតនៅចំចំណុចកណ្តាល គឺមាន៤ រួមមានដូចជាខណ្ឌដូនពេញ ខណ្ឌទួលគោក ខ័ណ្ឌចំការមន និងខ័ណ្ឌ៧មករា ។ ប៉ុន្តែបើនិយាយពីតម្រូវការទីផ្សារ និងតម្លៃវិញខណ្ឌចំនួន៣ រួមមានខ័ណ្ឌទួលគោក ខ័ណ្ឌដូនពេញ និងខណ្ឌចំការមន តម្រូវការ និងតម្លៃខ្ពស់ប្រហាក់ហ្រហែលគ្នា ខុសតែខ័ណ្ឌ៧មករា ដែលជាមនុស្សរស់នៅច្រើន ឆ្លងកាត់ច្រើនតែតម្លែហាក់ទាបជាងខណ្ឌទាំង៣។
លោកវ៉ា វីរៈបានបន្តថា តម្លៃដី ឬអចលនទ្រព្យនៅក្នុងខ័ណ្ឌ៧មករា មានភាពខុសគ្នាអាស្រ័យតាមតំបន់ និងតាមផ្លូវធំ ឬផ្លូវតូច។ តែសំរាប់តំបន់ដែលស្ថិតនៅជាប់ផ្លូវព្រះមុនីវង្ស គឺអាចមានតម្លៃប្រមាណ៦០០០ដុល្លារ ប៉ុន្តែចំពោះដីដែលស្ថិតនៅប៉ែកខាងផ្លូវភ្លោះអូរឬស្សីអាចមានតម្លៃជាង៤០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកចំពោះដីដែលស្ថិតនៅប៉ែកខាងផ្លូវហ្សាលដឺហ្គោល ផ្លូវព្រះសីហនុ ក៏ដូចជាដីដែលស្ថិតក្នុងសង្កាត់បឹងព្រលិតជាដើម អាចមានតម្លៃប្រមាណ៤០០០ដុល្លារ ប៉ុន្តែដីខ្លះក៏អាចឡើងតម្លៃខ្ពស់ជាងនេះបន្តិចបន្តូច ដែលវាអាស្រ័យទៅតាមទីតាំងមានតម្រូវការ និងទំហំដី។
ខ័ណ្ឌ៧មករា ដែលមានផ្សារអូរឬស្សី ផ្សារឌុយមិច តំបន់អាជីវកម្មចម្រុះស្ទើរទូទាំងខ័ណ្ឌតែម្ដង ប៉ុន្តែអ្វីដែលធ្វើឱ្យតម្រូវការអចលនទ្រព្យហាក់មានកម្រិត ក៏ព្រោះតែនៅក្នុងខណ្ឌនេះមិនមានដីទំនេរ ដែលអាចធ្វើការអភិវឌ្ឍន៍រំលេចឡើង នូវគម្រោងធំៗបានក្រៅតែពីគម្រោងដ៏មហិមាររបស់ក្រុមហ៊ុនOCIC អូឡាំព្យាស៊ីធី និងគំរោងខុនដូមួយចំនួនទៀត។
លោកវ៉ា វីរៈបានបន្តថា តម្លៃអចលនទ្រព្យអាចមានកំណើនឡើងខ្ពស់ យ៉ាងឆាប់រហ័ស ដោយសារតែការវិនិយោគគម្រោងធំៗរបស់ក្រុមហ៊ុនបរទេស ក៏ដូចជាតម្រូវការស្នាក់នៅរបស់បណ្តាជនបរទេសជាដើមជាដើម។ ប៉ុន្តែជាទូទៅនៅក្នុងខ័ណ្ឌ៧មករា ហាក់មិនសូវមានគម្រោងអភិវឌ្ឍនូវអាគារធំៗ ឬមានជនបរទេសស្នាក់នៅច្រើននោះទេ ដែលសូម្បីតែហាងអាហារដ្ឋានបែបបរទេស ហាងទំនើប ក៏មិនសូវឃើញមាននោះដែរ ដែលខុសប្លែកពីតំបន់មួយចំនួន ដែលស្ថិតនៅក្នុងខ័ណ្ឌជាប់គ្នា ដូចជាខ័ណ្ឌទួលគោក ខ័ណ្ឌដូនពេញ និងខណ្ឌចំការមន ដែលសម្បូរទៅដោយខុនដូរ អាផាតមិន និងហាងអាហារ ដ្ឋានបែបរទេសយ៉ាងស្អេកស្កះ៕
ប្រភព : www.propertyarea.asia