ប៉ោយប៉ែតជាផ្នែកមួយនៃខេត្តបន្ទាយមានជ័យ និងមានផ្ទៃក្រឡា ២,៦២០,០០០ ម៉ែត្រការ៉េ បែងចែកជាបីសង្កាត់ រួមមាន ៖ សង្កាត់ប៉ោយប៉ែត្រ សង្កាត់ផ្សារកណ្តាល និងសង្កាត់និមិត្ត។ ក្រុងប៉ោយប៉ែតមានប្រជាជនសរុប ជាង១៤ ម៉ឺននាក់ ក្នុងនោះជនបរទេសជិត ៥ ម៉ឺននាក់។
ដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាជួយលើកកម្ពស់សោភ័ណភាពក្រុងប៉ោយប៉ែត ឲ្យស័ក្ដិសមជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម សេដ្ឋកិច្ចនៅព្រំដែន ក្រុមហ៊ុន តូតាល់ ហូម អ៊ីនធើប្រាយ (ធី.អេក.អ៊ី)ឯ.ក ដោយមាន លោកឧកញ៉ា ឡាយ ប៊ុនប៉ា ជាប្រធាន បានបោះទុនវិនិយោគរាប់លានដុល្លារលើគម្រោង បុរី ដឹ ផាក ស៊ីធី ប៉ោយប៉ែត ដែលមានផ្ទៃដីប្រមាណ ៧០ហិចតា នៅភូមិគីឡូលេខ ៤ សង្កាត់ផ្សារកណ្ដាល ចំកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់បង្កើតជាមជ្ឈមណ្ឌលក្រុងប៉ោយប៉ែតថ្មី។
គម្រោង បុរី ដឹ ផាក ស៊ីធី ប៉ោយប៉ែត មានសាងសង់នូវភូមិគ្រឹះទោល ភូមិគ្រឹះភ្លោះ ភូមិគ្រឹះកូនកាត់ ផ្ទះអាជីវកម្ម អគារពាណិជ្ជកម្ម ក្លឹបហាត់ប្រាណ អាងហែលទឹក អគារសន្និបាត និងកាស៊ីណូ ដែលអមដោយសួនច្បារធំទូលាយប្រកបដោយផាសុកភាព និងមានការបំពាក់ដោយឧបករណ៍គ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់ និងទំនើបៗស្តង់ដារអន្តរជាតិ។
នៅក្នុងវិស័យសំណង់នេះផងដែរ លោកឧកញ៉ាឡាយ ប៊ុនប៉ា ប្រធានក្រុមហ៊ុន បានសាងសង់គម្រោងលំនៅឋានចំនួន ០៤គម្រោងរួចមកហើយ នៅក្នុងទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ដោយទទួលបានការជឿទុកចិត្តពីអតិថិជន ទៅលើគុណភាពសំណង់ ដែលមានគុណភាពខ្ពស់ មានសោភ័ណភាព និងតម្លៃសមរម្យ។
គួរឲ្យដឹងផងដែរថា កាស៊ីណូ សណ្ឋាគារ អគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានកំពុងមានវត្តមានច្រើនឡើងនៅក្នុងទីក្រុង ដែលបានមកពីការវិនិយោគពីបរទេស និងភាពរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់។ ជាលទ្ធផល តម្លៃ អចលនទ្រព្យតាមតំបន់នីមួយៗ នៅក្នុងក្រុងប៉ោយប៉ែតបានហក់ឡើងខុសពីឆ្នាំកន្លងមក។
ប្រភព : Bee