Register Already an agent ? Login

ដឹងទេថា ខ័ណ្ឌថ្មីចំនួន២ ដែលទើបតែបង្កើតថ្មី តម្លៃអចលនទ្រព្យមានសភាពយ៉ាងណា ?

ភ្នំពេញ ៖ បឹងកេងកង និងកំបូល ដែលទើបតែប្រែខ្លួនជាខណ្ឌថ្មីចំណុះឱ្យសាលារាជធានីភ្នំពេញកាលពីពេលកន្លងទៅថ្មីៗនេះ មានការលើកឡើងទាំងភាពមិនច្បាស់ការណ៍ថា តម្លៃអលនទ្រព្យនៅក្នុងខណ្ឌថ្មីទាំង ២ នេះ ឡើងខ្ពស់ ជាពិសេស ខណ្ឌកំបូល ដែលស្ថិតនៅជាយក្រុងតែម្ដង។ ផ្ទុយពីការលើកឡើងខាងនេះ អ្នកជំនាញផ្នែកអចលនទ្រព្យមានបានអះអាងថា បើទោះជា បឹងកេងកង និងកំបូល ត្រូវបានក្លាយជាខណ្ឌក៏ដោយ តែតម្លៃដីមិនឡើងនោះទេ ព្រោះវាបានឡើងតាំងពីនៅជាសង្កាត់នោះម៉្លេះ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal (KFA) លោកឧកញ៉ា នួន រិទ្ធី បានប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទកាលពីរសៀលថ្ងៃទី២៦ ខែមីនា នេះថា ភាពជាក់ស្ដែង តម្លៃអចលនទ្រព្យនៅក្នុងខណ្ឌទាំង២ដែលទើបតែបង្កើតឡើងថ្មីខាងលើនេះ គឺមិនមានអ្វីប្រែប្រួលគួរឱ្យគត់សម្គាល់នោះឡើយ ហើយបើឡើងថ្លៃក៏មិនខ្ពស់នោះដែរ។ លោកឧកញ៉ាបានបញ្ជាក់ថា ៖ «កាលដែលផ្អើល និងលើកឡើងថា តម្លៃដីនៅក្នុងខណ្ឌទាំង២ខាងលើនេះឡើងខ្ពស់ គឺវាគ្រាន់តែជាការនិយាយតគ្នា ឬបំប៉ោងតែប៉ុណ្ណោះ ហើយបើទោះជាឡើង ក៏មិនឡើងខ្ពស់នោះដែរ ព្រោះតម្លៃដីនៅក្នុងខណ្ឌទាំង២នេះ បានឡើងរួចទៅហើយ ។

តាមពិតចំពោះការបង្កើតជាខ័ណ្ឌ គឺគ្រាន់តែជាបំពាក់បន្ថែមនូវផ្នែករដ្ឋបាលរបស់ ដើម្បីងាយស្រួលក្នុងការធ្វើអភិបាលកិច្ច និងគ្រប់គ្រង ជាពិសេសផ្តល់ភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈជូនដល់ប្រជាជនក្នុងតំបន់តែប៉ុណ្ណោះ ព្រោះតំបន់ខាងលើនេះ កាលដើមឡើយមានសង្កាត់ចំណុះជាច្រើន ដូច្នេះចំពោះការបំបែកជាខណ្ឌថ្មីនេះ គឺគ្រាន់តែកាត់យកសង្កាត់មួយចំនួនចេញពីខណ្ឌចាស់នោះតែប៉ុណ្ណោះ ដែលវាមិនបានធ្វើឱ្យមានភាពរំជើបរំជួលខ្លាំងដល់កំណើនតម្លៃដីធ្លីនៅលើទីផ្សារនោះទេ»។

ស្រដៀងគ្នានេះ លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុនអចនទ្រព្យ Century21 Fortuna Investment បានលើកឡើងថា វាមិនមានអ្វីប្រែប្រួលនោះទេ ព្រោះគ្រប់តំបន់ គ្រប់សង្កាត់ដែលត្រូវកាត់ចូល និងបង្កើតជាខណ្ឌថ្មី សុទ្ធតែស្ថិតនៅក្នុងរាជធានីភ្នំពេញទាំងអស់ ដូច្នេះចំពោះតម្លៃហាក់មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ លើកលែងតែមានការកាត់យកឃុំចេញពីស្រុកនានាដែលនៅតំបន់ជាយក្រុងមកធ្វើជាចំណុះរាជធានីភ្នំពេញទើបបង្កឱ្យមានការឡើងថ្លៃ។

បច្ចុប្បន្ននេះចំពោះដីដែលស្ថិតនៅតំបន់បឹងកេងកង១ អាចមានកម្រិតលើសបណ្តាខ័ណ្ឌដទៃទៀត ដែលជាទូទៅចំពោះដីដែលស្ថិតនៅតាមផ្លូវធំៗអាចនៅចន្លោះពី ៤៥០០-៦០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយឡែកសម្រាប់ដីដែលស្ថិតនៅតាមបណ្តាផ្លូវតូចៗគិតជាមធ្យមអាចក្នុងរង្វង់ ៣៥០០-៤៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកចំពោះដីដែលស្ថិតនៅក្នុងតំបន់បឹងកេងកង១ដដែល ប៉ុន្តែនៅជាប់នឹងផ្លូវមុនីវង្ស នៅទីតាំងខ្លះអាចមានតម្លៃថ្លៃរហូតដល់លើសពី៦៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ៕

ប្រភព : www.propertyarea.asia