Register Already an agent ? Login

ប្រទេស​ចិន​នឹង​ជួយ​រៀបចំផែនការ​​អភិវឌ្ឍ​ប្រព័ន្ធ​​រថភ្លើង​​ទំនើប​​ប្រភេទ​ ​Monorail​ នៅ​កម្ពុជា​

​ចិន​៖ ប្រទេស​ចិន​បាន​ឯកភាព​ជួយ​សិក្សា​រៀបចំ​ ផែនការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ​ Monorail​ នៅ​កម្ពុជា​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Zhou​ Keqin​ អនុប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ បក្សនយោបាយ​ប្រជាជន​ចិន​ នៃ​គណៈកម្មាធិការ​ ក្រុង​ Chongqing​ កាលពី​ថ្ងៃទី​ ២៥​ ខែមីនា​ ម្សិលមិញ​នេះ​ បាន​ស្នើរ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ កម្ពុជា​ និង​ក្រុង​ Chongqing​ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ និង​ឡូ​ជី​ស្ទីក​ ជាពិសេស​លទ្ធភាព​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ​ Monorail​ នៅ​កម្ពុជា​ និង​ការ​ជួយ​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស​របស់​កម្ពុជា​។

លោក​ស៊ុន​ចាន់​ថុ​លក៏​បាន​ពិភាក្សា​ពី​ការ​តភ្ជាប់​ច្រករបៀង​ប៉ែក​ខាងត្បូង​ រវាង​ប្រទេស​ចិន​ ក្រុង​ Chongqing​ ប្រទេស​សិង្ហបុរី​ ប្រទេស​វៀតណាម​ និង​ប្រទេស​កម្ពុជា​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ រវាង​ កម្ពុជា​-ចិន​ និង​ប្រទេស​ក្នុង​តំបន់​។

លោក​ Zhou​ បាន​យល់ព្រម​លើ​សំណើ​របស់​ លោក​ទេស​រដ្ឋមន្ត្រី​ លើ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ក្រុង​ Chongqing​ និង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក្នុង​ការសិក្សា​រៀបចំ​ ផែនការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ​ Monorail​ នៅ​កម្ពុជា​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​ និង​សិក្សា​លទ្ធភាព​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​ទំនាក់​ទំនង​ឡូ​ជី​ស្ទីក​រវាង​ប្រទេស​ទាំងពីរ​ ដោយ​លោក​ Zhou​ បាន​សន្យា​ថា​នឹង​រៀបចំ​ក្រុមការងារ​គណៈប្រតិភូ​ នៃ​ការិយាល័យ​ដឹកជញ្ជូន​ក្រុង​ Chongqing​ (Chongqing​ Municipal​ Transport​ Bureau​) និង​ក្រុមការងារ​ឡូ​ជី​ស្ទីក​ ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​ នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ ។

លោក​ Zhou​ ក៏បាន​ឯកភាព​តាម​សំណើ​របស់​ទេស​រដ្ឋមន្ត្រី​ស៊ុន​ចាន់​ថុល​ផង​ដែរ​ លើ​កិច្ច​សហប្រតិបត្តិ​ការ​ នៃ​ការ​កសាង​ និង​ពង្រឹង​សមត្ថភាព​មន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ដោយ​សន្យា​ថា​ នឹង​ពិនិត្យ​លទ្ធភាព​ ផ្តល់​ជូន​នូវ​គ្រូ​បណ្តុះ​បណ្តាល​ជំនាញ​ពី​ក្រុង​ Chongqing​ ទៅ​កម្ពុជា​ និង​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ខ្លី​ៗ សម្រាប់​ផ្លាស់​ប្តូរ​បទពិសោធន៍​ និង​ឱកាស​​សិក្សា​ស្វែងយល់​ ទៅវិញទៅមក​ ព្រមទាំង​លទ្ធភាព​នៃ​ការ​ផ្តល់​ជូន​អាហារូបករណ៍​ ទៅដល់​និស្សិត​កម្ពុជា​ ថ្នាក់​ឧត្តម​សិក្សា​ផង​ដែរ​ ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​ ក្រុង​ Chongqing​ និង​ប្រទេស​កម្ពុជា​ កាន់តែ​រីកចម្រើន​ទៅមុខ​ មួយ​កម្រិត​ទៀត​។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់​ពី​ការ​កោតសរសើរ​ និង​ថ្លែងអំណរគុណ​ ចំពោះ​ឆន្ទៈ​ និង​គោលជំហរ​ ក្នុង​ការ​រិត​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​-ចិន​ ជាពិសេស​ទំនាក់ទំនង​ រវាង​ក្រុង​ Chongqing​ និង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ហើយ​លោក​ទេស​រដ្ឋមន្ត្រី​ សង្ឃឹម​ជឿជាក់​ថា​ ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ និង​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ នៅ​កម្ពុជា​ ឱ្យ​កាន់តែ​រីកចម្រើន​ឈានឡើង​មួយ​កម្រិត​ទៀត​៕

ប្រភព : www.propertyarea.asia