ភ្នំពេញ៖ រដ្ឋាភិបាលបានស្វះស្វែងរកកិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយជាងមុនជាមួយក្រុមហ៊ុន SHENZHEN 4PX EXPRESS CO., LTD ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack Ma នៅក្រុង SHENZHEN។
យោងតាមការចុះផ្សាយរបស់ទំព័ត៌មាន ហ្វេសបុកផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ២៥ ខែមីនាកន្លងមកថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តីរូបនេះបានអញ្ជើញទៅទស្សនកិច្ចនៅក្រុមហ៊ុន SHENZHEN 4PX EXPRESS CO., LTD ក្នុងគោលបំណងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីអភិវឌ្ឍន៍វិស័យដឹកជញ្ជូននៅកម្ពុជា ក៏ដូចជាពង្រីកការដឹកជញ្ជូនរវាងកម្ពុជា និងវិនិយោគនានាជាមួយចិន។
កាលពីពេលថ្មីៗនេះផងដែរ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូដឹកនាំដោយលោក Kevin Li ប្រធានគ្រប់គ្រងទូទៅនៃក្រុមការងារបណ្តាញ Global Parcel Network Team របស់ក្រុមហ៊ុន 4PX Express Co. , Ltd. (ផ្នែកមួយនៃក្រុមហ៊ុន Alibaba Cainiao Logistics Group) នៅក្នុងប្រទេសកម្ពុជាក្នុងគោលបំណងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ ព្រំដែនក្នុងទីផ្សារកម្ពុជាក៏ដូចជា កសាងសមត្ថភាពដល់សហគ្រាសខ្នាតតូច និងមធ្យមក្នុងស្រុក ដើម្បីបង្ហាញផលិតផលរបស់ខ្លួន ក្នុងវេទិកានៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទូទាំង សកលលោក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន 4PX Express។
លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណោះ ស្រាយឡូជីស្ទីកក្នុងការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ហើយបានស្នើបន្ថែមឱ្យក្រុមហ៊ុនពិចារណា លើព្រលានយន្តហោះនៅកំពង់ឆ្នាំង ដែលកន្លងមកត្រូវបានប្រើ ប្រាស់ជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញរបស់ខ្លួន ដោយសារតែខេត្តនេះជាទីតាំងឋិតនៅ ចំចំណុចកណ្តាលសម្រាប់ការតភ្ជាប់ តាមផ្លូវដែក ផ្លូវទឹក ផ្លូវហាយវេ និងផ្លូវជាតិផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាជាតិភស្តុភារកម្ម នឹងជួយសម្របសម្រួលដល់រំហូរការងារដឹកជញ្ជូនទំនិញ និងសេវារបស់ក្រុមហ៊ុនទាំងនោះឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យពួកគេមានសក្ដានុពលក្នុងការពង្រីកវិសាលភាពរបស់ខ្លួនទាំងក្នុងតំបន់ និងពិភពលោក ដោយរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្បូរបែប និងតភ្ចាប់គ្រប់ច្រកល្ហក ព្រមទាំងមានមណ្ឌល ឬឃ្លាំងស្តុកទំនិញតាមស្តង់ដាអន្តរជាតិ និងការសម្រួលដល់នីតិវិធីឯកសាររដ្ឋបាលផងដែរ៕
ប្រភព : www.propertyarea.asia