Register Already an agent ? Login

ខេត្តបាត់ដំបង​កំពុង​ពង្រីក​វិសាលភាព​​លើ​វិស័យ​អចលនទ្រព្យ​

ភ្នំពេញ​៖ ខេត្តបាត់ដំបង​ បាន​និង​កំពុងតែ​បង្ហាញ​ពី​វិសាលភាព​របស់​ខ្លួន​ នៅក្នុង​វិស័យ​អចលនទ្រព្យ​យ៉ាង​ល្អ​ប្រសើរ​ ទាំង​ផ្នែក​សំណង់​បុរី​ លំនៅ​ដ្ឋាន​កម្រិតមធ្យម​ សណ្ឋាគារ​ និង​ផ្ទះសំណាក់​ ដែល​ជួយ​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត​មួយ​នេះ​ កាន់តែ​មានសន្ទុះ​ខ្លាំង​ឡើង​។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹងពី​សំណាក់​មន្រ្តី​ជាន់ខ្ពស់​ខេត្តបាត់ដំបង​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ លោក​ ងួន​ រតនៈ​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៥​ មិនា​នេះ​ថា​ បច្ចុប្បន្ន​នេះ​ បើ​និយាយ​ពី​វិ​ស័យ​អចលន​ទ្រព្យ​ គឺ​មាន​ភាព​រីកចម្រើន​និង​អភិវឌ្ឍ​ខ្លាំង​។ ជាក់ស្ដែង​ សកម្មភាព​នៃ​ការសាងសង់​សំណង់​នានា​ បាន​និង​កំពុងតែ​សម្រុក​កាន់តែ​ច្រើន​។ លោក​បាន​បញ្ជាក់​ថា​ “សព្វថ្ងៃ​នេះ​ ខេត្តបាត់ដំបង​ មាន​ភាព​ទាក់ទាញ​ខុសប្លែក​ជាង​កាលពី​ឆ្នាំ​មុន​ៗ ដោយសារ​មានការ​អភិវឌ្ឍ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​ ទាំង​ផ្នែក​វិស័យ​រដ្ឋ​ និង​វិស័យ​ឯកជន​។

លោក​បន្ត​ថា​ “វិស័យ​ឯកជន​ មានការ​រីកចម្រើន​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​តែម្ដង​”។

លោក​ ងួន​ រតនៈ​ បាន​បន្ត​ទៀត​ថា​ ការ​វិនិយោគ​លើ​វិស័យ​សំណង់​លំនៅ​ដ្ឋាន​មាន​ច្រើន​កម្រិត​ ដែល​រាប់​ចាប់ពី​កម្រិតទាប​ រហូតដល់​កម្រិត​ទ្រង់ទ្រាយ​ធំ​ ដែល​មាន​សំណង់​លំនៅ​ដ្ឋាន​រាប់ពាន់​ខ្នង​ ដោយក្រុម​ហ៊ុន​ខ្លះ​ កំពុង​សម្រុក​សាងសង់​បញ្ចប់​គម្រោង​ដែល​សល់​ពីឆ្នាំ​ចាស់​ ហើយ​ក្រុមហ៊ុន​ខ្លះទៀត​ ក៏​ទើបតែ​ចាប់​អនុវត្ត​នូវ​គម្រោង​ថ្មី​របស់​ខ្លួន​ ព្រោះ​តម្រូវការ​ទីផ្សារ​ពី​អ្នក​រស់នៅ​ក្នុង​ខេត្ត​ក៏​មាន​ចំនួន​ច្រើន​។ ដោយឡែក​ក្រៅពី​មានការ​អភិវឌ្ឍ​លើ​វិស័យ​លំនៅ​ដ្ឋាន​ ក៏​មានការ​កើនឡើង​នូវ​ការ​វិនិយោគ​ ផ្នែក​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ផង​ដែរ​ ដើម្បី​ស្វាគមន៍​នូវ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ ដែល​មក​កម្សាន្ត​នៅក្នុង​ខេត្ត​មួយ​នេះ​ ខណៈ​ដែល​ភាគច្រើន​អ្នក​វិនិយោគ​គឺជា​ជនជាតិ​ខ្មែរ​ ដែល​មិនទាន់​មាន​ក្រុមហ៊ុន​បរទេស​ណាមួយ​ចូល​មក​វិនិយោគ​លើ​វិស័យ​មួយ​នេះ​នៅឡើយ​។

លោក​ថា​ “សកម្មភាព​នៃ​ការ​រីកចម្រើន​ និង​អភិវឌ្ឍ​នូវ​វិស័យ​សំណង់​ទាំងអស់​ខាងលើ​នេះ​ហើយ​ ដែល​ជា​មូលហេតុ​ជំរុញ​តម្លៃ​នៃ​ដី​ និង​អចលនទ្រព្យ​កើនឡើង​ជាង​ឆ្នាំ​កន្លងទៅ​ទៀត​”។

នាយក​ក្រុមហ៊ុន​ ឆៃ​លី​នស៊ា​ រៀល​ធី​ ខូ​អិល​ធី​ឌី​ លោ​កស៊ា​ ឆៃ​លីន​ បាន​ទទួលស្គាល់​ពី​កំណើន​នៃ​តម្លៃ​ អចលនទ្រព្យ​នៅក្នុង​ខេត្តបាត់ដំបង​ ប៉ុន្តែ​លោក​អះអាង​ថា​អត្រា​នៃ​ការ​ឡើង​គឺ​នៅ​មានកម្រិត​ ដែល​វា​នៅ​មិនទាន់​ពុះកញ្ជ្រោល​ ដូចជា​ ខេត្ត​ព្រះសីហនុ​ កំពត​ កែប​ និង​សៀមរាប​នៅឡើយ​នោះ​ទេ​ ពោល​គឺ​ក្នុង​អត្រា​ប្រមាណ១០ភាគរយ​ក្នុង​មួយឆ្នាំ​តែប៉ុណ្ណោះ​។ លោក​បាន​បញ្ជាក់​ថា​ ជា​ការពិត​យើង​ទទួលស្គាល់​ថា​ ខេត្តបាត់ដំបង​ គឺ​មាន​ភាព​ទាក់ទាញ​ ព្រោះ​ជា​ខេត្ត​ដែល​មាន​វ័យ​ចំណាស់​ និង​ល្បីល្បាញ​ខាង​វិស័យ​ទេសចរណ៍​ ក្រៅពី​នេះ​ ក៏​ជា​ខេត្ត​ដែល​តភ្ជាប់​រវាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ​ និង​ច្រក​ទ្វារ​អន្តរជាតិ​ កម្ពុជា​-ថៃ​ ដែល​ជា​ច្រក​ទ្វារ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​។

លោក​ថា​ “បច្ចុប្បន្ន​មាន​អ្នក​វិនិយោគ​ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាច្រើន​ បាន​ងាក​ទៅ​ចាប់អារម្មណ៍​ខេត្ត​មួយ​នេះ​ បន្ទាប់ពី​ខេត្ត​ដែល​មាន​សក្ដានុពល​មួយចំនួន​ដូចជា​ ខេត្ត​ក ណ្តា​លតំ​បន់​ជាយក្រុង​ភ្នំពេញ​ និង​ខេត្តសៀមរាប​ជាដើម​ ហើយក៏​ចាប់ផ្តើម​មាន​គម្រោង​ខុន​ដូ​ និង​អា​ផា​តមិន​ផង​ដែរ​”។

ចំពោះ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​មួយ​នេះ​វិញ​ លោក​ ស៊ា​ ឆៃ​លីន​ បាន​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា​ ៖ «ដី​នៅក្នុង​ក្រុង​គឺ​មានតម្លៃ​ថ្លៃ​ ដែល​ក្នុង​មួយ​ម៉ែត្រការ៉េ​ អាច​ក្នុង​ចន្លោះ​ចាប់ពី​ ១០០០​- ១៨០០ដុល្លារ​ ឬអាច​លើស​នេះ​តិចតួច​ ហើយ​សម្រាប់​ផ្ទះល្វែង​អាច​តម្លៃ​ចន្លោះ​ពី​ ១៨​-៣០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ជុង​ ដែល​វា​អាស្រ័យ​ទៅលើ​ទីតាំង​ ឬបើ​អគារ​បុរាណ​អាច​មានតម្លៃ​ថ្លៃជាង​នេះ​»។ លោក​ថា​ ចំពោះ​តម្លៃ​ដី​ដែល​ស្ថិតនៅ​ជាយក្រុង​ មានតម្លៃ​ចន្លោះ​ ៣៥០​ – ៥០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ។ ប៉ុន្តែ​បើ​តម្លៃ​ដី​នៅ​ទីប្រជុំជន​នៃ​ទីរួមស្រុក​វិញ​ អាច​មានតម្លៃ​ថ្លៃ​ក្នុង​ចន្លោះ​ចាប់ពី៥០០​-១២០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ (សម្រាប់​តែ​ដី​ដែល​នៅ​កណ្តាល​ទីរួមស្រុក​តែប៉ុណ្ណោះ​)។ ដោយឡែក​ចំពោះ​ដី​ដែល​ស្ថិតនៅ​ឆ្ងាយ​ពីទី​រួម​ស្រុក​វិញ​អាច​មានតម្លៃ​ទាប​ ត្រឹម​ ១០០​-១៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ឬអាច​ទាប​ជាង​នេះ​ក៏មានដែរ​ »៕

ប្រភព : www.propertyarea.asia