Register Already an agent ? Login

អភិបាលខេត្ត​កំពត​អះអាង​ថា​ វិស័យ​សំណង់​នឹង​រីកចម្រើន​ខ្លាំង​នៅ​ចុងឆ្នាំ២០១៩​

ភ្នំពេញ​៖ អភិបាលខេត្ត​កំពត​ លោក​ជាវ​ តាយ​បាន​អះអាង​ថា​ វិស័យ​សំណង់​នៅក្នុង​ខេត្ត​នឹង​មានការ​រីកចម្រើន​ខ្លាំង​នៅ​ចុងឆ្នាំ២០១៩​ ឬដើមឆ្នាំ២០២០ខាងមុខនេះ​ ដោយសារ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​ កំពុង​ចាប់អារម្មណ៍​ចូល​មក​វិនិយោគ​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​។

លោក​បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ កាលពី​ចុង​សប្តាហ៍​មុន​ថា​ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិន​ កូរ៉េ​ តៃវ៉ាន់​ ជប៉ុន​ និង​ក្រុមហ៊ុន​បរទេស​ជាច្រើន​ទៀត​ បាន​ចូល​មក​ស្វែងរក​ឳកាស​វិនិយោគ​នៅក្នុង​ខេត្តកំពត​ ប៉ុន្តែ​គម្រោង​ណាមួយ​ជាក់លាក់​មិនទាន់​បាន​ចាប់ផ្តើម​នៅឡើយ​ទេ​។ លោក​បន្ត​ថា​ ពួកគេ​កំពុង​សិក្សា​និង​ស្វែងយល់​ពី​សក្តា​នុ​ពល​របស់​ខេត្ត​ ដែល​កំពុង​មាន​សក្តា​នុ​ពល​ជាច្រើន​ ដែល​បាន​និង​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​។

លោក​បន្ត​ថា​ “ខ្ញុំ​គិតថា​នៅ​ចុងឆ្នាំ​នេះ​ឬដើមឆ្នាំ២០២០ខាងមុខ​ វិស័យ​សំណង់​និង​អចលនទ្រព្យ​នឹង​រីកចម្រើន​ខ្លាំង​នៅក្នុង​ខេត្ត​នេះ​ ដោយសារ​ខេត្តកំពត​មាន​សក្តា​នុ​ពល​ជាច្រើន​”។លោក​បន្ត​ថា​ “ខេត្តកំពត​មាន​សក្តា​នុ​ពល​ជាច្រើន​ ដោយមាន​កំពង់ផែ​ទឹកជ្រៅ​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ធនធាន​ធម្មជាតិ​ និង​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​ សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​”។

ការពង្រីក​ផ្លូវជាតិ​លេខ៣​ ដែល​មាន​សួនច្បារ​កណ្តាល​និង​អាច​ឱ្យ​រថយន្ត​បើកបរ​បាន​ពីរ​គន្លង​ទៅ​ពីរ​គន្លង​មក​ កំពុង​ជំរុញ​និង​ពង្រីក​សក្តា​នុ​ពល​វិនិយោគ​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​មួយ​ផង​ដែរ​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ថា​ នា​ពេល​អនាគត​ខេត្តកំពត​មាន​ភាពល្អ​ខ្លាំង​ មិនចាញ់​ក្រុង​ព្រះសីហនុ​នោះ​ទេ​ និង​មាន​ចម្ងាយផ្លូវ​ជិត​មកកាន់​រាជធានី​ភ្នំពេញ​ ពិសេស​មាន​ឆ្នេរ​វែង​ដែល​ងាយស្រួល​ក្នុង​ការរៀបចំ​ផែនការ​អភិ​ឌ្ឍ​ន៍​។លោក​បន្ត​ថា​ ជាមួយគ្នា​នេះ​ខេត្តកំពត​ក៏​មាន​កំពង់ផែ​ទឹកជ្រៅ​ ហើយ​បើ​រដ្ឋាភិបាល​បើកទូលាយ​ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ វិនិយោគ​សណ្ឋាគារ​ កាស៊ីណូ​បាន​ទូលំទូលាយ​ នឹង​ទាក់ទាញ​អ្នក​វិនិយោគ​កាន់តែ​ច្រើន​ថែមទៀត​។

លោក​បន្ត​ថា​ “ចំណុច​ល្អ​របស់​ខេត្តកំពត​ គឺ​មាន​ចម្ងាយ​ជិត​រាជធានី​ភ្នំពេញ​ជាង​ខេត្ត​ព្រះសីហនុ​ និង​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម​ ដែល​ធ្វើ​ឱ្យ​ខេត្ត​អាច​ពង្រីក​សក្តា​នុ​ ពល​វិនិយោគ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​នានា​ពេល​អនាគត​កាន់តែ​ប្រសើរ​ឡើង​”៕

ប្រភព : www.propertyarea.asia