Register Already an agent ? Login

តម្លៃ​អចលនទ្រព្យ​នៅ​តាមផ្លូវ​ព្រះ​មុនី​រ៉េ​ត​បន្ត​កើនឡើង​

ភ្នំពេញ​៖ អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​បាន​ថ្លែង​ថា​ តម្លៃ​អចលនទ្រព្យ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត កំពុង​មាន​សក្តា​នុ​ពល​ ហើយ​តម្លៃ​បន្ត​កើនឡើង​ប្រចាំឆ្នាំ​។

នាយក​ក្រុមហ៊ុន​ Century​21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​ប្រាប់​ឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី​​២១​ ខែមីនា​នេះ​ថា​ អចលនទ្រព្យ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត បើ​ប្រៀបធៀប​ជាមួយ​តំបន់​ដទៃទៀត​ ដូច​ជា​​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ ផ្លូវ​កម្ពុជាក្រោម​ ផ្លូវ​ហ្សា​ឌឺ​ហ្គោល​ ឬមហា​វិថី​សហព័ន្ធ​រុស្ស៊ី​ គឺ​នៅ​មានកម្រិត​ទាប​នៅ​ឡើយ​។ លោក​បន្ត​ថា​ យើង​មើលឃើញ​ជាក់ស្ដែង​ស្រាប់​ ចំពោះ​សំណង់​អាគារ​ដែល​ស្ថិតនៅ​តាមផ្លូវ​ព្រះ​មុនី​រ៉េ​ត មិនសូវ​ជា​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដូច​តាម​បណ្តា​ផ្លូវ​ដូចដែល​បាន​រៀបរាប់​ខាងលើ​នោះ​ទេ​។

ផ្លូវ​នេះ​ត្រូវ​បាន​គេ​បែងចែក​ជា២តំបន់​ គឺ​តំបន់​ទី១​ ចាប់ពី​ផ្សារដើមគរ​ឆ្ពោះ​មក​អាងទឹក​អូឡាំពិក​ និង​តំបន់​ទី២​ ចាប់ពី​ផ្សារ​ដើមគរ​ ឆ្ពោះទៅ​ស្ពាន​ស្ទឹងមានជ័យ​។

លោក​វ៉ា​ វីរៈ​ បាន​បន្ត​ទៀត​ថា​ ចំពោះ​តំបន់​ទី១​ មាន​ភាព​ទាក់ទាញ​ជាង​ ព្រោះ​នៅ​សងខាង​ផ្លូវ​ភាគច្រើន​ ត្រូវ​បាន​គេ​បើក​លក់​ជា​អាជីវកម្ម​ចម្រុះ​បាន​ និង​មាន​មនុស្ស​ចរាចរណ៍​ឆ្លងកាត់​ច្រើន​ ដែល​ដី​នៅ​តំបន់​នេះ​មានតម្លៃ​ចន្លោះ​ពី​៣៥០០​ទៅ​៤៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ដោយឡែក​ចំពោះ​តំបន់​ទី២​ ហាក់​មិនសូវ​សម្បូរ​ផ្ទះ​អាជីវកម្ម​នោះ​ទេ​ ហើយ​ប្រភេទ​ផ្ទះ​នី​មួយ​ៗភាគច្រើន​មាន​ប្រវែង​ខ្លី​ ហើយក៏​មានតែ​មួយ​ជួរ​ ព្រោះ​នៅ​ទល់មុខ​ជារ​បង​សណ្ឋាគារ​ និង​របងភូមិ​គ្រឹះ​។ ដូច្នេះ​តំបន់​ទី​២​ ​នេះ​ មានតម្លៃ​ទាប​ជាង​តំបន់​ទី១​ ដែល​អាច​ស្ថិតនៅ​ក្នុង​ចន្លោះ​ពី៣០០០​ ទៅ ៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

យ៉ាងណាក៏ដោយ​ លោក​វ៉ា​ វីរៈ​ ក៏បាន​បញ្ជាក់​បន្ថែម​ថា​ តម្លៃ​ខាងលើ​នេះ​ជា​តម្លៃនៅលើទីផ្សារ​នា​ពេល​បច្ចុប្បន្ន​ ប៉ុន្តែ​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ អាច​នឹង​មានការ​កើនឡើង​ខ្ពស់​ជាង​នេះ​ ព្រោះ​ជាទូទៅ​តម្លៃ​ដី​នៅក្នុង​រាជធានី​ភ្នំពេញ​ តែង​មានការ​កើនឡើង​ក្នុងរង្វង់​ប្រមាណ១០​-១៥​ ភាគរយ​ប្រចាំឆ្នាំ​៕

ប្រភព : www.propertyarea.asia