សៀមរាប៖ ដើមឆ្នាំ២០១៩នេះ សកម្មភាពនៃការទិញលក់ ឬវិនិយោគលើការអភិវឌ្ឍវិស័យសំណង់ផ្សេងៗ ត្រូវបានអ្នកជំនាញបញ្ជាក់ប្រាប់ថា អ្នកវិនិយោគមួយចំនួនបានបង្វែរគោលដៅរបស់ខ្លួន មកកាន់តំបន់ជាយក្រុងកាន់តែច្រើន។
អគ្គនាយកក្រុមហ៊ុន Goal Property Service Co,.Ltd លោក ចៅ សេងថៃ បានប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទកាលពីព្រឹកថ្ងៃទី២២ ខែមីនា នេះថា កាលពីឆ្នាំកន្លងទៅ ក៏ដូចជាកាលពីឆ្នាំ២០១៦ -២០១៧ ភាគច្រើនអ្នកវិនិយោគតែងធ្វើការវិនិយោគលើវិស័យដីធ្លីនៅតាមតំបន់ដែលមានគម្រោងអភិវឌ្ឍនានា ជាពិសេសដូចជានៅតំបន់ជុំវិញគម្រោងសាងសង់ព្រលានយន្តហោះថ្មីជាដើម ដែលកាលណោះតម្លៃដីដែលស្ថិតនៅក្បែរគម្រោងគឺមានការឡើងថ្លៃ និងមានអ្នកសម្រុកវិនិយោគយ៉ាងគគ្រឹកគគ្រេង ក្នុងគោលបំណងវិនិយោគបន្តយកចំណេញ ប៉ុន្តែក្រោយមកក៏ហាក់មានភាពស្ងប់ស្ងាត់វិញមួយរយៈ។
លោកបន្តថា ការវិនិយោគលើវិស័យដីធ្លី ក៏ដូចជាការអភិវឌ្ឍលើវិស័យលំនៅដ្ឋានខ្នាតតូច និងមធ្យមហាក់មានភាពខុសប្លែកកាលពីឆ្នាំមុនបន្តិច ខណៈដែលអ្នកវិនិយោគទាំងនោះភាគច្រើន បានបង្វែរគោលដៅរបស់ខ្លួនមកកាន់តំបន់ជិត ឬគៀកនឹងក្រុងសៀមរាប ដែលជំរុញឱ្យតម្លៃដីនៅលើទីផ្សារកើនឡើងជាងឆ្នាំមុន រហូតដល់ជាង៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលដីនៅកណ្តាលក្រុង មានតម្លៃចន្លោះពីជាង២០០០ដុល្លារ។ចំណែកឯតម្លៃដីនៅតំបន់ផបស្ទ្រីត ឡើងរហូតដល់ចន្លោះ៣៥០០- ៥០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោក ចៅ សេងថៃ បានបញ្ជាក់ឱ្យដឹងទៀតថា “ឥឡូវនេះ អ្នកវិនិយោគគាត់ងាកមកចាប់អារម្មណ៍នៅតំបន់គៀកៗក្រុងវិញ ហើយក៏មិនសូវវិនិយោគក្នុងរូបភាពធំទូលាយដូចមុននោះដែរ ព្រោះថា ការវិនិយោគបែបនេះងាយស្រួលលក់ចេញ ងាយទទួលបានចំណេញក្នុងរយៈពេលខ្លី ហើយអ្នកអភិវឌ្ឍភាគច្រើនពួកគេវិនិយោគទៅលើសំណង់សណ្ឋាគារ ផ្ទះសំណាក់ ជាដើម ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ប៉ុន្តែបើអ្នកដែលវិនិយោគលើវិស័យដីធ្លីក្នុងទ្រង់ទ្រាយធំ គឺនៅមានក្នុងតំបន់គម្រោងសាងសង់ព្រលានយន្តហោះថ្មីដដែល ស្ថិតក្នុងស្រុកសូទ្រនិគម ជាពិសេសតំបន់ស្វាយធំ ដែលស្ថិតនៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Key Real Estate កាលពីពេលកន្លងទៅបានឲ្យដឹងថា កាលពីឆ្នាំ២០១៨ តម្លៃដីនៅក្នុងក្រុងសៀមរាប មានតម្លៃចាប់ពី១០០ដុល្លារទៅដល់ ៥៥០០ ក្នុង១ម៉ែត្រការ៉េ។ តម្លៃអចលនទ្រព្យក្នុងក្រុងសៀមរាប កាលពីឆ្នាំមុនមិនបានកើនច្រើនទេ ព្រោះខេត្តសៀមរាបជាកន្លែង ដែលមានការអភិវឌ្ឍ និងដីមានតម្លៃកើនខ្ពស់ជាយូរមកហើយ។
ការសិក្សាដដែលបានឲ្យដឹងថា ឆ្នាំ២០១៨ តម្លៃអចលនទ្រព្យក្នុងក្រុងសៀមរាបកើនឡើងចន្លោះពី៥ ទៅ១០ភាគរយតែប៉ុណ្ណោះ ខុសពីខេត្តព្រះសីហនុ ដែលដីបានកើនឡើងយ៉ាងខ្ពស់ ដោយសារទីនោះជាតំបន់អភិវឌ្ឍន៍ថ្មី និងមានភ្ញៀវជនជាតិចិនជាច្រើនទៅសម្រាកកម្សាន្ត។
ជាមួយគ្នានេះវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក៏សម្រេចបានកំនើនល្អប្រសើរផងដែរ ដោយយោងតាមរបាយការណ៍បញ្ចប់នៃឆ្នាំ២០១៨បានបង្ហាញថា រមណីយដ្ឋានអង្គរ បានស្វាគមន៍ភ្ញៀវទេសចរចំនួន២,៥៩ លាននាក់កើនឡើង ៥,៤៥ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដោយរកប្រាក់ចំណូលបានជាង១១៦,៦៤ លានដុល្លារ កើន៨ភាគរយ ។
លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate Co,. Ltd បានបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៩នេះ កំណើននៃតម្លៃដីធ្លីនៅក្នុងខេត្តសៀមរាប នឹងមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំនេះមានគម្រោងអភិវឌ្ឍជាច្រើន បានបាញ់ឆ្ពោះទៅកាន់ខេត្តតំបន់ទេសចរណ៍មួយនេះ ដូចជា សកម្មភាពនៃនិន្នាការពុះដីឡូតិ៍មានភាពផុលផុសខ្លាំងផងដែរ ជាពិសេសនៅទិសខាងកើតឈៀងខាងត្បូងតែម្ដង ៕
ប្រភព : www.propertyarea.asia