កំពង់ស្ពឺ៖ ក្នុងគោលដៅពង្រីកសក្តានុពលសេដ្ឋកិច្ច ទៅកាន់ភូមិភាគឦសាន្តសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា កំពុងពិចារណាទៅលើការសងសង់ព្រលានយន្តហោះនៅទិសឦសានប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងវិនិយោគរបស់ប្រទេសកម្ពុជា។
សម្តេចតេជោ បានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ នេះ ថា នៅរាជធានីភ្នំពេញនឹងសាងសងព្រលានយន្តថ្មី សៀមរាបក៏នឹងសាងសង់ព្រលានហោះថ្មី ហើយរដ្ឋាភិបាលកំពុងតែពិនិត្យលទ្ធភាពសាងសង់ព្រលានយន្តហោះនៅទិសឦសានថែមទៀត។
សម្តេចបន្តថា “ការសាងសងព្រលានយន្តហោះនៅទិសឦសាននេះ គឺដើម្បីឆ្លើយតបទៅហ្នឹងកំណើនប្រាក់ចំណូល របស់ពលរដ្ឋកម្ពុជាមានកំណើនខ្ពស់ មានលទ្ធភាពធ្វើដំណើរតាមយន្តហោះ”។
បើតាមសម្តេចតេជោបានបង្ហើបឱ្យដឹងថា ព្រលានយន្តហោះនឹងត្រូវសាងសង់នៅ ចន្លោះខេត្តរតនគីរី និងមណ្ឌលគិរី ហើយធ្វើឱ្យតំបន់ជាប៉ូលសេដ្ឋកិច្ចមួយសំខាន់នៅប៉ែទិសឦសាននៃប្រទេសកម្ពុជា មានទាំងកសិឧស្សាហកម្ម កសិទេសចរណ៍ និងផ្នែកដទៃទៀតនៅទិសនោះ ដើម្បីជំរុញប្រទេសកម្ពុជា ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០។
ការប្រកាសទីតាំងចន្លោះខេត្តរតនគិរី និងមណ្ឌលគិរី គឺសមស្របសម្រាប់ខេត្តស្ទឹងត្រែង ព្រោះខេត្តស្ទឹងត្រែងមានព្រលានយន្តហោះស្រាប់ ហើយជាចំណុចកណ្តាលនៃភូមិភាគឦសាន្ត និងជាចំណុចតភ្ជាប់ទៅកាន់ប្រទេសឡាវ និងប្រទេសថៃផងដែរ។
ធនាគារអភិវឌ្ឍន៍អាស៊ីកន្លងមក បានសិក្សារួចហើយពីសក្តានុពលក្នុងការសាងសង់ឡើងវិញនូវព្រលានយន្តហោះខេត្តស្ទឹងត្រែង។ គម្រោងសាងសង់ព្រលានយន្តហោះខេត្តស្ទឹងត្រែង ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដាក់បញ្ចូលក្នុងសំណើរនៃគម្រោងអភិវឌ្ឍន៍ខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិនផងដែរ។
លោក ស៊ិន ចាន់សិរីវុត្ថា អតីតអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលធ្លាប់បានមានប្រសាសន៍ឱ្យដឹងថា ព្រលានយន្តហោះខេត្តស្ទឹងត្រែង ត្រូវបានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ជាមួយគម្រោងផ្សេងទៀត ដូចជា ទឹកស្អាត និងឡូជីស្ទិករួចហើយ ប៉ុ ន្តែការដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍នេះ ត្រូវការការសិក្សារយៈពេលវែង ដើម្បីពិនិត្យមើលពីចំណុចអាទិភាព និងផលប្រយោជន៍ដែលទទួលបានការអភិវឌ្ឍនេះ។
លោកបន្តថា “ព្រលានយន្តហោះនេះ អាចចំណាយថវិកាវិនិយោគចន្លោះពី៥០ ទៅ៦០លានដុល្លារអាមេរិក ព្រោះព្រលាននេះមានដីស្រាប់រួចហើយ។លោកបន្តថា គម្រោងសាងសង់ព្រលានយន្តហោះខេត្តស្ទឹងត្រែងនេះ បានដាក់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រសួងដាក់ជូនដៃគូអភិវឌ្ឍន៍គឺធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីធនាគារនេះស្វែងរកដៃគូវិនិយោគ។
លោក ពេជ្រ សុប៉ុនតារា ប្រធានផ្នែកបង្កើនជើងហោះហើរ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានថ្លែងថា ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះនេះ បានសិក្សាពីសក្តានុពលនៃការសាងសង់ព្រលានយន្តហោះក្នុងស្រុក លើគ្រប់បណ្តាខេត្តរួចហើយ ហើយបានរកឃើញថា ខេត្តស្ទឹងត្រែង បាត់ដំបង និងព្រះវិហារជាខេត្តមានសក្តានុពលអាចវិនិយោគព្រលានយន្តហោះបាន។លោកបន្តថា បន្ទាប់ពីសិក្សាចប់ក្រុមហ៊ុនបាន្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលវិនិយោគព្រលានទាំងបីនេះ ប៉ុន្តែរហូតមកទល់ពេលនេះ អ្វីៗមិនទាន់មានព៌តមានវិវិត្តន៍ទេ។
លោកបន្តថា “ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជា គ្រប់គ្រងប្រលានយន្តហោះអន្តរជាតិទាំងបី ប៉ុន្តែបើរដ្ឋាភិបាលអនុញ្ញាត្តឱ្យក្រុមហ៊ុនវិនិយោគព្រលានដទៃទៀត យើងនឹងសិក្សាពីបញ្ហានេះ”។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា ការមានព្រលានយន្តហោះនៅខេត្តស្ទឹងត្រែងជារឿងល្អ ដែលអាចជួយស ម្រួល និងកាត់បន្ថយពេលវេលាធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។ លោកស្រីបន្តថា ទោះជាផ្លូវគោកមានភាពងាយស្រួលក្តី តែការធ្វើដំណើរត្រូវចំណាយពេលយូរ ហេតុនេះបើមានព្រលានយន្តហោះ លោកស្រីគិតថាព្រលានយន្តហោះនេះនឹងទាក់ទាញការធ្វើដំណើរ។
លោកស្រីបន្តថា “ព្រលានយន្តហោះនេះ ក៏អាចតភ្ជាប់ជាមួយព្រលានក្នុងតំបន់ផងដែរ ហេតុនេះវានឹងជាការតភ្ជាប់ខ្សែសង្វាក់ទេសចរណ៍ និងជំរុញការអភិវឌ្ឍននៅភូមិភាគឥសាន្តកាន់តែលឿន”៕
ប្រភព : www.propertyarea.asia