Register Already an agent ? Login

សញ្ញា​វិជ្ជមាន​៖​ ​សម្តេច​តេជោ​ប្រកាស​បញ្ជា​ទិញ​កប៉ាល់​​ផលិត​អគ្គីស​នី​ពី​ប្រទេស​ទួរគី​

ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​បាន​ប្រកាស​បញ្ជាទិញ​កប៉ាល់​ផលិត​អគ្គីស​នី​ពី​ប្រទេស​ទួរគី​ ​ដែល​អាច​ផ្តល់​ភ្លើង​ប្រើប្រាស់​បាន​ប្រមាណ​ ​២០០មេ​ហ្កា​វ៉ាត់​ ​ដើ​ប្បី​ឆ្លើយតប​ទៅ​នៅនឹង​កង្វះខាត​ ​នៃ​ការប្រើ​ប្រាស់​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ពិធីសំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​ ​កម្មការិនី​ជាង​ ​១ម៉ឺន​នាក់​ ​នៅ​ខេត្តពោធិ៍សាត់​ជំនួប​នៅ​ថ្ងៃទី២០​ ​ខែមីនា​ ​២០១៩នេះ​ ​សម្តេច​តេជោ​បាន​ឲ្យដឹង​ថា​ ​កម្ពុជា​ត្រូវការ​រោងចក្រ​អគ្គីស​នី​ ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ទំនើប​នា​ពេល​អនាគត​ ​ដើម្បី​យក​មក​ផ្គត់ផ្គង់​ក្នុង​ទីក្រុង​ ​ទម្រាំ​មាន​រោងចក្រ​ផលិត​អគ្គីស​នី​ថ្មី​ថែមទៀត​ ​ចាំ​ដកក​ប៉ាល់​ទួរគី​ ​ចេញ​វិញ​។

​សម្តេច​បន្ត​ថា​ ​“​ទោះបី​យើង​ទិញ​កប៉ាល់​ផលិត​អគ្គីស​នី​ពី​តួ​គី​ថ្លៃ​បន្តិច​មែន​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ទទួលផល​ប៉ះពាល់​ដោយ​សារ​​ថ្លៃ​ភ្លើង​ទេ​”​។​ ​សម្តេច​បន្ថែម​ថា​ ​“​កម្ពុជា​នឹង​ប្រឈម​នូវ​កង្វះខាត​ភ្លើង​ប្រើប្រាស់​ ​ដោយសារ​តម្រូវការ​កាន់តែ​ខ្ពស់​ដូចជា​នៅ​ទីក្រុង​ភ្នំពេញ​,​ ​សៀមរាប​ ​និង​ក្រុង​ព្រះសីហនុ​ជាដើម​ ​ដែល​ពីមុន​ប្រើប្រាស់​តែ​ជាង២០​ ​មេ​ហ្កា​វ៉ាត់​ ​ប៉ុន្តែ​ពេលនេះ​គឺ​ត្រូវការ​ភ្លើង​ជាង១០០មេ​ហ្កា​វ៉ាត់​”​។​

​ជាក់ស្តែង​វិស័យ​សំណង់​គឺ​បាន​កើនឡើង​ជាង៧០០​%​ ​បើ​ប្រៀបធៀប​ក្នុង​ខែ​ ​មករា​ ​និង​ ​កុម្ភះ​ឆ្នាំទៅ​។​ ​ចំណុច​ហ្នឹងហើយ​ដែល​យើង​ការ​ភ្លើង​ប្រើប្រាស់​កាន់តែ​ច្រើន​ ​ដែល​ខុសពី​ការព្យាករណ៍​របស់​រាជរដ្ឋាភិបាល​កាលពីមុន​។

សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​បាន​ជំរុញ​អោយ​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​ជ្រើសរើស​យក​រោងចក្រ​ផលិត​អគ្គិសនី​ ​ដែល​មាន​លក្ខណៈ​បច្ចេកវិទ្យា​ទំនើប​ ​ដូចជា​ ​រោងចក្រ​ដែល​ប្រើ​ប្រាស់​ហ្គាស​ ​(​Gas​)​ ​ដែល​ប្រសើរ​ជាង​ធ្យូងថ្ម​ ​ព្រោះ​យូរ​ទៅ​វា​មានតម្លៃ​កាន់តែ​ខ្ពស់​ដែល​បង្ក​ការ​លំបាក​។​ ​ដូច្នេះ​យើង​ត្រូវការ​រោងចក្រ​ផលិត​អគ្គិសនី​បែប​ទំនើប​​សម្រាប់​កម្ពុជា​នា​ពេល​អនាគត​។​

លោកស្រី​ ​Ayda​ ​Unlu​ ​ឯកអគ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​ទួរគី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​ជំនួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​ ​លោក​ ​ស៊ុយ​ ​សែម​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ដោយ​ឧទ្ទេសនាម​ក្រុមហ៊ុន​ ​Karadeniz​ ​Holding​ ​ដែល​ជា​ក្រុមហ៊ុន​នាំមុខ​គេ​ផ្នែក​ថាមពល​នៅ​ទួរគី​ ​ដើម្បី​បាន​ធ្វើ​បទ​បង្ហាញ​ពី​រោងចក្រ​អគ្គិសនី​នៅ​លើ​នាវា​ ​ដែល​ក្រុមហ៊ុន​នេះ​ ​បានសម្រេច​ផលិត​នាវា​អគ្គិសនី​ដែល​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ២៨០០​មេ​ហ្គា​វ៉ាត់​រួចហើយ​ ​នៅ​ទូទាំង​ពិភពលោក​ ​និង​កំពុង​តម្លើង​នាវា​ថ្មី​ ​ដែល​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​រហូតដល់​ទៅ៥០០០មេ​ហ្គា​វ៉ាត់​តាម​ការ​បញ្ជាទិញ​បន្ថែម​ទៀត​ ​លើស​ពីនេះ​ ​លក្ខខណ្ឌ​ក្នុង​ការ​វិនិយោគ​គឺ​មាន​ភាព​ងាយ​ស្រួល​ទំាង​តម្លៃ​សមរម្យ​ ​មិន​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​ ​និង​ប្រើប្រាស់​រយៈពេល​ខ្លី​ក្នុង​ការ​ ​តម្លើង​។​ល​។​

លោក​ ​ទី​ ​នរិន្ទ​ ​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ ​និង​ថាមពល​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តី​ពី​ ​“​ការពិនិត្យ​ជម្រើស​រោងចក្រអគ្គិសនី​លើក​នាវា​”​ ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយក​ដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​និង​អគ្គិសនី​កម្ពុជា​។​ ​

​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ ​ពិនិត្យ​ទីតាំង​ជម្រើស​រោងចក្រអគ្គិសនី​លើ​កា​ប៉ាល់​ ​ទីតាំង​សម្រាប់​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ​បញ្ជូន​អគ្គិសនី​ ​ឯកសារ​បច្ចេកទេស​ ​និង​រយៈពេល​ដែល​ត្រូវការ​ចាំបាច់​ពេល​ខ្វះខាត​ថាមពល​អគ្គិសនី​៕​

ប្រភព : www.propertyarea.asia