ដោយសារសន្ទុះនៃការចូលមករស់នៅ និងមកវិនិយោគរបស់ជនជាតិចិននៅខេត្តព្រះសីហនុជាច្រើនសន្ធឹកសន្ធាប់ បានធ្វើឲ្យតម្លៃនៃអចលនទ្រព្យតំបន់នោះ កើនឡើងជាលំដាប់។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្នុងខេត្តត្បូងឃ្មុំ កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ទៅកាន់អង្គពិធីថា កុំលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរបស់យើងលក់ដី តែយកល្អ ឲ្យពួកគាត់ដាក់ដីនោះជួលវិញ។
ឯកឧត្តម បានបន្តទៀតថា “ ឥឡូវអ្នកតាមខេត្តព្រះសីហនុ ខ្ញុំក៏មានការអំពាវនាវឲ្យអ្នកនៅមន្ទីដើរប្រាប់ កុំឲ្យលក់ដី ឲ្យជួលវិញ។ ជួលរយៈពេលតែ២០ឆ្នាំ ហើយអ្នកដែលគេយកទៅធ្វើអាជីវកម្ម ១៥ ឆ្នាំគេប្រគល់ឲ្យយើងហើយ។ យើងបានទាំងសំណង់ ហើយសំណង់នេះ នឹងតដល់ត្រកូលយើង បើលក់វាចប់”។
គួរឲ្យដឹងថា កាលពី ១ ឆ្នាំកន្លះមុន តម្លៃដីក្នុង ១ ម៉ែត្រការ៉េ គឺត្រឹមតែ ២៧ ដុល្លារអាមេរិក តែបច្ចុប្បន្ន ដីនៅកន្លែងដដែល បានកើនដល់ ៤៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
មិនត្រឹមតែការទិញលក់ នោះទេ ដែលកើនឡើង ប៉ុន្តែតម្លៃនៃការជួល ផ្ទះ ឬដី ក៏កើនឡើងផងដែរ ដែលការជួលផ្ទះដែលទទួលបានតម្លៃថ្លៃ បើផ្ទះមាន៣ទៅ៤បន្ទប់ អាចជួលបានចន្លោះ៣០០០ទៅ៤០០០ដុល្លារក្នុងមួយខែឬអាចច្រើនជាងនេះ ប្រសិនបើជនជាតិចិនគេត្រូវការ។
ប្រភព : Bee