គម្រោងព្រលានយន្តហោះភ្នំពេញតម្លៃ១.៥ពាន់លានដុល្លារ នៅខេត្តកណ្តាលនិងតាកែវ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងខែកញ្ញាខាងមុខនេះ បើគ្មានឧបសគ្គនោះទេ នេះបើយោងតាមការបញ្ជាក់របស់ម្ចាស់គម្រោង អ្នកឧកញ៉ា ពុង ឃាវសែ។
នៅលើគេហទំព័រទស្សនាវដ្តីសំណង់និងអចលនទ្រព្យ បានបង្ហាញថា កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះ បានផ្តល់បទសម្ភាសន៍ដល់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យក្រោយពីបញ្ចប់ពិធីចុះកិច្ចសហការជាមួយកូរ៉េ ថា បច្ចុប្បន្នក្រុមហ៊ុនរបស់អ្នកឧកញ៉ាបានធ្វើការប្រមូលទិញដីសម្រាប់សាងសង់ព្រលានយន្តហោះនេះបាន មួយចំនួនធំ ហើយការសាងសង់អាចនឹងចាប់ផ្តើមក្នុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។
«ឥឡូវយើងកំពុង…..ស្រាវមីន មិនទាន់ផ្ទុះ និងស្ទង់ដី យើងឲ្យគេ design [រចនាប្លង់] ខែ ៩ នឹងគឺរួចហើយ។ ឲ្យតែប្លង់បាន យើងអាចចាប់ផ្តើមបានហើយ។ មានន័យថា បើដីយើងទទួលបាន គឺខែ ៩ នឹងយើងអាចចាប់ផ្តើមសាងសង់បានហើយ» អ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់យ៉ាងដូចនេះ។
ការបញ្ជាក់ខាងលើនេះ គឺដោយហេតុថា អ្នកឧកញ៉ា ពុង ឃាវសែ មានការជឿងជាក់ទៅលើរាជរដ្ឋាភិបាលកម្ពុជាដែលបាននិងកំពុងធ្វើការងារយ៉ាងសកម្មក្នុងការដោះស្រាយផលប៉ះពាល់និងបញ្ហាប្រមូលទិញដីឲ្យបាន ២៦០០ ហិកតាសម្រាប់គម្រោងនេះ ដែលនេះនឹងធ្វើឲ្យគម្រោងដ៏មួយធំនេះឆាប់បានដំណើរការអនុវត្តន៍។
រីឯគម្រោងយក្យ ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ នឹងចំណាយពេលត្រឹមតែ ៤៨ខែ ស្មើនឹង៤ឆ្នាំ ក្នុងការសាងសង់ ខណៈផ្លូវនេះនឹងបើក ការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែ មីនា ឆ្នាំ២០១៩ខាងមុខនេះ។ នេះបើយោង តាមសេចក្តីប្រកាសរបស់ ក្រសួងសាធារណការណ៍។
ផ្លូវនេះ គ្រោងនឹងចំណាយថវិកាប្រមាណ ១៩០០លានដុល្លារមានប្រវែងសរុប ១៩០.៣៦៥គ.ម សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០ ស.ម និងថ្មលាយកៅស៊ូ (ATB) ១២ ស.ម ពង្រីកទទឹងផ្លូវដល់ ២៤.៥ ម៉ែត្រ ខណ្ឌដោយ សួនច្បារ នៅកណ្ដាលទ្រូងផ្លូវ និងមានរបាំងអមសងខាងផ្លូវការពារសត្វ រឺមនុស្សឆ្លងកាត់ មានកន្លែងឈប់សម្រាកដែលមានលក្ខណៈងាយស្រួល មិនបង្កអោយមានការកកស្ទះចរាចរណ៍ ដោយបើកបរក្នុងល្បឿន ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
គួរឲ្យដឹងផងដែរថា ហើយផ្លូវល្បឿនលឿននឹងត្រូវឆ្លងកាត់៤ រាជធានី ខេត្ត មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពី និងខេត្តព្រះសីហនុ ក្នុងនោះឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ ជាមួយកន្លែងសម្រាប់ឈប់សម្រាកចំនួន ៤កន្លែង និងស្ថានីយប្រេងឥន្ធនៈ ៣កន្លែង ។
ប្រភព : Bee