Register Already an agent ? Login

អគ្គិសនី​កម្ពុជា​កំពុង​ស្វះស្វែង​​រក​ដំណោះ​ស្រាយ​​លើ​​បញ្ហា​​ប្រឈម​​​បច្ចុប្បន្ន​

ភ្នំពេញ​៖​ ​ឆ្លើយតបទៅនឹង​ប្រតិកម្ម​ ​និង​ការ​ត្អូញត្អែរ​ ​ពី​ការ​ខ្វះខាត​ថាមពល​អគ្គិសនី​ប្រើប្រាស់​ប្រចាំថ្ងៃ​ពីសំណាក់​ប្រជាពលរដ្ឋ​ ​ជាពិសេស​អ្នក​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​រាជធានី​ភ្នំពេញ​ ​រួម​ជាមួយនឹង​តំបន់​ជិតខាង​នោះ​ ​នៅ​ព្រឹក​ថ្ងៃទី១៨​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នេះ​ ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​បាន​ចេញ​សេចក្ដីប្រកាស​មួយ​ ​ដែល​បង្ហាញ​ពី​ការ​ខិតខំ​រក​ដំណោះស្រាយ​ ​ដោយ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​បន្ថែម​។​ ​

នៅក្នុង​សេចក្ដីប្រកាស​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​នៅ​ព្រឹក​ថ្ងៃទី១៨​ ​មិនា​នេះ​ថា​ ​បញ្ហា​ខ្វះខាត​ថាមពល​អគ្គិសនី​ ​សម្រាប់​ផ្គត់ផ្គង់​នា​ពេល​បច្ចុប្បន្ន​នេះ​ ​បញ្ហា​ចម្បង​គឺ​បណ្តាល​មក​ពីក​ត្តា​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ​និង​ការ​ខ្វះ​ទឹក​ខុសប្រក្រតី​ ​ធ្វើ​ឱ្យ​តម្រូវ​ការ​នៃ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​នៅ​ឆ្នាំ២០១៩​ ​មានការ​កើនឡើង​យ៉ាង​គំហុក​លើស​ពី​ការ​រំពឹង​ទុក​។​ ​ដោយឡែក​ការ​ខ្វះខាត​ទឹក​នេះ​ ​បាន​ធ្វើ​ឱ្យ​សមត្ថភាព​ផ្គត់ផ្គង់​ថាមពល​ចេញ​វារីអគ្គិសនី​ថយ​ចុះ​ ​មិន​អាច​ធានា​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ ​បាន​ពេញលេញ​ទូទាំង​ប្រទេស​ដល់​ចុងរដូវ​ប្រាំង​នោះ​ឡើយ​។​ ​

ជា​ដំណោះស្រាយ​បញ្ហា​នេះ​ ​អគ្គិសនី​កម្ពុជា​បាន​ទាក់ទង​ប្រទេសជិតខាង​ឱ្យ​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​អគ្គិសនី​បន្ថែម​ដល់​កម្ពុជា​។​ ​ជា​លទ្ធផល​ ​ប្រទេស​ថៃ​បាន​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​បន្ថែម​ ​៨០MW​ ​ប្រទេស​ឡាវ​បន្ថែម​ ​១០WM​ ​និង​ប្រទេស​វៀតណាម​បាន​ជួយ​រក្សា​ការ​ផ្គត់ផ្គង់​ឱ្យ​នៅ​ដដែល​ ​ទោះបីជា​ភាគ​ខាងត្បូង​ ​នៃ​ប្រទេស​វៀតណាម​កំពុង​ជួប​បញ្ហា​ផ្គត់ផ្គង់​អគ្គិសនី​ដូចគ្នា​។​ ​

សេចក្តី​ប្រកា​សព៌​ត​មាន​ដដែល​បាន​បន្ត​ថា​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​កម្ពុជា​នៅតែ​ខ្វះខាត​ថាមពល​ប្រមាណ១៣​%​ ​ដែល​តម្រូវ​ឱ្យ​អគ្គិសនី​កម្ពុជា​ធ្វើការ​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​ខ្លះ​រហូត​រដូវវស្សា​ចូល​មកដល់​ ​ដោយ​ការ​បន្ថយ​ការ​ផ្គត់ផ្គង់​នេះ​ ​ត្រូវ​ធ្វើឡើង​នៅពេល​ថ្ងៃ​ ​និង​តាម​កន្លែង​ឆ្លាស់គ្នា​ ​ដើម្បី​រក្សា​ការ​ផ្គត់ផ្គង់​ពេលយប់​ ​ដែល​ជា​ពេល​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ប្រើ​ប្រាស់​ជាចាំបាច់​ប្រចាំថ្ងៃ​។​ ​

ជាមួយនឹង​ការ​ខិតខំ​ស្វះស្វែង​រក​ប្រភព​បំពេញបន្ថែម​ ​នូវ​ថាមពល​អគ្គិសនី​នា​ពេលនេះ​ ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​កំពុងតែ​រៀប​ចំ​ផែនការ​អភិវឌ្ឍ​ប្រភព​អគ្គិសនី​ ​រួមមាន​ ​វារីអគ្គិសនី​ ​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ ​និង​ប្រភព​ផ្សេង​ៗ​ទៀត​ដែល​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ជាដើម​។​ ​ដូច្នេះ​ទាំងអស់​នេះ​ ​ជា​សេចក្ដីប្រកាស​របស់​អគ្គិសនី​កម្ពុជា​ជូន​ប្រជាជន​កម្ពុជា​ ​ដែល​កំពុងតែ​ជួប​ភាព​លំបាក​ ​ក្នុង​ការប្រើ​ប្រាស់​អគ្គិសនី​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​៕​

ប្រភព : www.propertyarea.asia