Register Already an agent ? Login

ក្រុមហ៊ុន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​របស់​ថៃ​ ​ត្រៀម​ចូល​មក​វិនិយោគ​នៅ​ក្រុងភ្នំពេញ​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​របស់​ប្រទេស​ថៃ​ ​Big​ ​C​ ​នឹង​ចូល​មក​វិនិយោគ​នៅ​ទីក្រុង​ភ្នំពេញ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​និង​កំពុង​វិនិយោគ​នៅ​ទីក្រុង​ប៉ោយប៉ែត​។​

​លោក​ ​សួង​ ​សុ​ខ​ហ៊ា​ង​ ​អ្នក​វិនិយោគ​បុរី​ ​Star​ ​Gold​ ​ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត​ដែល​បាន​និង​កំពុងធ្វើការ​ជិ​ត​ស្និ​ទ្ឋ​ជាមួយ​ក្រុមហ៊ុន​ ​Big​ ​C​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​Big​ ​C​ ​បាន​ប្រាប់​លោក​ពី​គំរោង​នេះ​ ​ដែល​ក្រុមហ៊ុន​នេះ​នឹង​ចូល​មកកាន់​រាជធានី​ភ្នំពេញ​ ​និង​បណ្តា​ខេត្ត​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​សំ​ខាន់​ៗ​មួយចំនួន​ទៀត​។​

​លោក​បន្ត​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​សាងសង់​ផ្សារ​ទំនើប​ ​Big​ ​C​ ​នៅ​ក្រុង​ប៉ោយប៉ែត​ ​ដែល​រហូត​មកទល់​ពេលនេះ​ ​ការសាងសង់​សម្រេច​បាន​ប្រមាណ​ ​៥០ភាគរយ​ហើយ​។​

​លោក​បន្ត​ថា​ ​“​ទោះជាយ៉ាងណា​ក្រុមហ៊ុន​នេះ​ ​មិនទាន់​ប្រាប់​ខ្ញុំ​ពីទី​តាំង​គំរោង​ផ្សារ​ទំនើប​នេះ​នៅ​ទីក្រុង​ភ្នំពេញ​នៅឡើយ​ទេ​ ​និង​មិនទាន់​បង្ហើប​ពី​ទុន​វិនិយោគ​ផង​ដែរ​”​។​ ​លោក​បន្ត​ថា​ ​“​វា​ជា​ក្រុមហ៊ុន​ធំ​មួយ​ ​ដែល​នឹង​ចូលរួម​លើក​កំពស់​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​នា​ពេល​អនាគត​”​។​

បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​ ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​ ​១៥ម៉ឺន​នាក់​ ​ក្នុង​នោះ​ជនបរទេស​ប្រមាណ​ ​៣៥០០០នាក់​។​

អ្នកនាង​ ​អាន​ ​សុធី​តា​ ​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​ដែល​បាន​សិក្សា​ពី​ផ្សារ​ទំនើប​នៅ​ក្រុងភ្នំពេញ​បាន​ឲ្យដឹង​ថា​ ​ចំនួន​ផ្សារ​ទំនើប​នៅ​ទីក្រុង​ភ្នំពេញ​មិនទាន់​លើស​តម្រូវការ​នោះ​ទេ​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ដោយសារ​ទំហំ​ផ្សារ​ទំនើប​ ​ធៀប​នឹង​តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​ ​គឺ​ទំហំ​ផ្សារ​ទំនើប​មិនទាន់​លើស​តម្រូវការ​នៅឡើយ​ទេ​។​

​អ្នកនាង​បន្ត​ថា​ ​បច្ចុប្បន្ន​អ្នក​វិនិយោគ​ផ្សារ​ទំនើប​នានា​ ​បាន​ចាប់​យក​ចំណែក​អតិថិជន​ខុសគ្នា​ ​ដោយសារ​ពួកគេ​ផ្តោត​លើ​ទី​តាំង​ខុស​ៗ​គ្នា​ ​ដូច្នេះ​មិនទាន់​មាន​បញ្ហា​នោះ​ទេ​ ​តែ​អ្នកនាង​ព្រមាន​ថា​ ​ចំនួន​ផ្សារ​ទំនើប​បើ​កើនឡើង​ខ្លាំង​បន្ថែម​ទៀត​ ​អាច​លើស​តម្រូវការ​នៅ​ទីក្រុង​នេះ​៕​

ប្រភព : www.propertyarea.asia