ភ្នំពេញ៖ វត្តមានក្រុមហ៊ុនជប៉ុន និងកូរ៉េថ្មីៗ នឹងធ្វើឲ្យវិស័យសំណង់និងអចលនទ្រព្យនៅឆ្នាំនេះ បន្តសម្រេចបាននូវវឌ្ឈនភាពបន្ថែមទៀត។
កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនប្រមាណ៦០បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយក្រុមហ៊ុនខ្លះបាន និងកំពុងសម្រេចវិនិយោគនៅកម្ពុជារួចហើយ ខណៈក្រុមហ៊ុនកូរ៉េកាន់តែច្រើននឹងមកវិនិយោគនៅកម្ពុជាផងដែរ ពិសេសក្រុមហ៊ុនសាងសង់។
លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៦ មិនានេះថា ជាមួយនឹងកំនើននៃការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា បច្ចុប្បន្ននេះក្រុមហ៊ុនកូរ៉េ និងជប៉ុនបានចូលមកកាន់ប្រទេសកម្ពុជាកាន់តែច្រើន ដែលវានឹងធ្វើឲ្យវិស័យអចលនទ្រព្យឆ្នាំ២០១៩នេះ មានសន្ទុះកាន់តែខ្លាំងថែមមួយកម្រិតទៀត។
លោកស្រីបន្តថា “ការមកដល់របស់ក្រុមហ៊ុនជប៉ុន និងកូរ៉េនឹងធ្វើឲ្យទីផ្សារនេះកាន់តែមានការរីកចម្រើន ខ្ញុំគិតយ៉ាងដូច្នេះ”។
ជាមួយអ្នកនេះ លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ដែលទើបបានចុះកិច្ចព្រមព្រៀង ជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសនៃសាធារណៈរដ្ឋកូរ៉េ (KOTRA) កាលពីពាក់កណ្តាលសប្តាហ៍នេះបានមានប្រសាសន៍ថា ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនវិនិយោគកូរ៉េកាន់តែច្រើន នឹងងាកមកកាន់ទីផ្សារកម្ពុជាកាន់តែច្រើននៅពេលឆាប់ៗខាងមុខនេះ ខណៈពួកគេបានចាកចេញពីកម្ពុជា ក្នុងកំឡុងវិបត្តិនិងហិរញ្ញវត្ថុសាកលកាលពីឆ្នាំ ២០០៨។
លោកបន្តថា “បរិយកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ និងកំនើនសេដ្ឋកិច្ចនៅបន្តរក្សាបាន ៧ភាគរយ នឹងធ្វើឲ្យកម្ពុជាកាន់តែក្លាយជាទីកន្លែងដែលទាក់ទាញអ្នកវិនិយោគកាន់តែខ្លាំង”។
ប្រធានាធិបតីកូរ៉េលោកម៉ូន ជេអ៊ីនដែលទើបបញ្ចប់ទស្សនកិច្ចនៅកម្ពុជារយៈពេលបីថ្ងៃនាថ្ងៃនេះ បាននិងកំពុងពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ពិសេសវត្តមានរបស់លោក កាន់តែផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគកូរ៉េនៅកម្ពុជា និងអ្នកវិនិយោគកូរ៉េថ្មីៗទៀត ដែលត្រៀមខ្លួនចូលមកកាន់ទីផ្សារកម្ពុជា។ជាមួយដំណើរទស្សនកិច្ចនេះ លោកបានប្រកាសផ្តល់ឥណទានសម្បទានចំនួន ៧០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍កម្ពុជាចន្លោះឆ្នាំ២០១៩ ២០២៣ខាងមុខផងដែរ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ក្នុងវេទិកាធុរកិច្ចកម្ពុជា កូរ៉េកាលពីថ្ងៃទី១៥ មិនាកន្លងមកថា តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េម៉ូន ជេអ៊ីន នឹងធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែសកម្មឡើង៕
ប្រភព : www.propertyarea.asia