ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់កាដូដ៏ធំមួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ធំតាមរយៈការសាងសង់ស្ពានវែងជាងគេ១នៅកម្ពុជា ជាមួយនឹងផ្លូវប្រវែង ៥៧គីឡីម៉ែត្រ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់កាដូដ៏ធំនេះ ក្នុងឱកាសម្តេច និងសម្តេចកតិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីបុណ្យទន្លេដែលប្រារពធ្វើកាលពីល្ងាចថ្ងៃទី១៦ មិនាកន្លងមកនេះ។ សម្តេចបន្តថា បានប្រកាសជាសាធារណៈអំពីគម្រោងសាងសង់ផ្លូវប្រវែងជាង ៥៧ គីឡូ ម៉ែត្រ ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ ក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។
ជាមួយគ្នានេះដែរ កាដូដ៏ធំប្រចាំឆ្នាំ២០១៩នេះ ក៏នឹងមានសាងសង់ស្ពានឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ទី១-ទន្លេផ្សារក្រោម, ទី២ - ទន្លេជល់មុខ និង ទី៣ - ទន្លេកំពង់ហាវ ពីខេត្តកំពង់ឆ្នាំ ឆ្ពោះទៅខេត្តកំពង់ធំ មានប្រវែងរហូតដល់ទៅ៣,៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងសាងសង់ស្ពានចំនួន២បន្ថែមទៀត នៅក្នុងខេត្តកំពង់ធំ ដើម្បីសម្រួលកុំឲ្យមានផលប៉ះពាល់ ទៅដល់ចរាចរណ៍ផ្លូវទឹក បរិស្ថាន ក៏ដូចជាគន្លងចរាចរណ៍ត្រី។
លោកស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងថា គំរោងសាងសង់ស្ពាន និងផ្លូវនេះបានសិក្សាតាំងពីឆ្នាំ២០១៤ ប៉ុន្តែក្រោយមកបានផ្អាកមួយរយៈ ដោយសារសម្តេចតេជោបានឲ្យសិក្សាឡើងវិញ ពីផលប៉ះពាល់បរិស្ថាន និងចរាចរណ៍ឆ្លងកាត់របស់ត្រី ហើយជាលទ្ឋផលគណកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាងសង់បានសិក្សាឡើងវិញ ជាលទ្ឋផលគំរោងនេះមិនមានផលប៉ះពាល់បរិ ស្ថាននិងត្រីនោះទេ។លោកបន្តថា គំរោងនេះត្រូវបានបើកវេទិកាសាធារណៈនៅខេត្តកំពង់ឆ្នាំង និងកំពង់ធំ ជាលទ្ឋផលប្រជាពលរដ្ឋបានគាំទ្រលើគំរោងនេះ១០០ភាគរយ។
លោកបន្តថា “គំរោងនេះអាចចំណាយថវិកាប្រមាណ២០០លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានរបស់ចិន”។
ទោះជាយ៉ាងណាលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទថាស្ពាននិងផ្លូវនេះអាចសាងសង់ពេលណានៅឡើយទេ ដោយរង់ចាំកញ្ចប់ថវិកាជាក់ស្តែងសិន ប៉ុន្តែលោកសង្ឃឹម១០០ភាគរយថាគំរោងនេះ នឹងទទួលបានការគាំទ្រហិរញ្ញប្បទានពីប្រទេសចិន។
លោកបានបញ្ជាក់ទៀតថា នៅក្នុងគម្រោងនេះ ទទួលបានការសាទរពីសំណាក់ប្រជាជនដែលកំពង់រស់នៅទាំង២ខេត្តជាខ្លាំង ក៏ដូចជាសាទរពីសំណាក់ប្រជាជនទូទាំងប្រទេស ព្រោះនៅពេលកើតមានស្ពាន និងផ្លូវដែលស្ថិតក្នុងគម្រោងសាសង់ខាងលើនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន កាត់បន្ថយពេលវេលា ក៏ដូចជាកាត់បន្ថយការចំណាយក្នុងពេលធ្វើដំណើរ ដោយមិនចាំធ្វើដំណើរវាងចូលទៅខេត្តកណ្តាល កំពង់ចាម ទើបចូលទៅដល់ខេត្តកំពង់ធំទៀតឡើយ៕
ប្រភព : www.propertyarea.asia