ភ្នំពេញ៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ជា អូន បានមានប្រសាសន៍ថា ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី មិនមែនចេះតែថាសង់ សង់បានភ្លាមនោះទេ ព្រោះព្រលានយន្តហោះនីមួយៗត្រូវបានពេលសិក្សាយូរណាស់ ទាក់ទងនឹងបរិស្ថាន ផលប៉ះពាល់ បច្ចេកទេស ការធ្វើតេស្ដដី សំណង់ជុំវិញព្រលាន។
លោក ជា អូន បានមានប្រសាសន៍ឱ្យដឹងតាមរយៈទូរស័ព្ទកាលពីដើមសប្ដាហ៍នេះថា បើសិនជាការសិក្សាលើចំណុចទាំងប៉ុន្មានខាងលើនេះចប់ នោះការសាង់សង់ព្រលានយន្តហោះនីមួយៗគឺធ្វើបានលឿនទេ ប៉ុន្តែសំខាន់ ការសិក្សាត្រូវបានរយៈពេលយូរ ដូច្នេះការសាងសង់ព្រលានយន្តហោះវាពិតជាត្រូវការពេលវេលាយូរពី ៥ ទៅ ១០ឆ្នាំ ទើបអាចសាងសង់បាន ឬអាចសាងសង់ចប់នូវព្រលានយន្តហោះមួយ។
អគ្គនាយកក្រុមហ៊ុន OCIC លោកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងថា បើមិនមានការជួបបញ្ហាវិវាទដីធ្លីនោះទេ ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលគ្រោងនឹងសាងសង់នៅក្នុងទឹកដីទំហំ ២៦០០ហិកតា រវាងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងទន្លេបាទី ខេត្តតាកែវនោះ នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី វិនិយោគដោយក្រុមហ៊ុន OCIC សហការជាមួយក្រុមហ៊ុនចិន លើផ្ទៃដី ២៦០០ហិកតា រវាងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងទន្លេបាទី ខេត្តតាកែវនោះ នឹងគ្រោងចំណាយទឹកប្រាក់សាងសង់ ១៥០០លានដុល្លារអាមេរិក៕
ប្រភព : www.propertyarea.asia