អចលនទ្រព្យ ជាទ្រព្យគាប់ប្រសើរ ដែលមានតម្លៃបំផុតសម្រាប់មនុស្សគ្រប់រូប ប៉ុន្តែសម្រាប់អ្នកមិនសូវមានលុយ គួរតែទិញដីមុនទិញផ្ទះ ព្រោះដីមានតម្លៃធូរថ្លៃជាងផ្ទះ។
ឯកឧត្តម ជា សុផារ៉ារដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្ម បានធ្លាប់មានប្រសាសន៍ថា បើអត់លុយ កុំទិញផ្ទះ អត់លុយត្រូវតែទិញដី អ្នកចង់មាន មានតែទិញដីទេ។ បើអត់មានផ្ទះ ចងតង់ ចងស្បូវ២០ទៅ៣០កណ្តប ធ្វើចង្ក្រានបាយមួយទៅ វាក៏នៅតែគ្រាន់បើ។
លោកបន្ថែមថា បើថ្ងៃក្រោយ ដីនេះឡើងថ្លៃយើងក្លាយជាអ្នកមាន។ ផ្ទុយទៅវិញ បើយើងទិញផ្ទះ អត់ប្រយោជន៍ទេ រស់នៅអន់ចុះ ប៉ុន្តែ ភ្ជាប់ជាមានការដាំដុះ ខណៈដែលដីកើតមិនងាយទេ តែមនុស្ស ងាយនឹងកើត។
គំនិតខាងលើនេះប្រហាក់ប្រហែលគ្នានឹងអ្នកនិពន្ធសៀវភៅ «ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ» ដ៏ល្បីនៅលើពិភពលោកមួយរូប គឺលោក Robert Kiyosaki ក៏បានប្រាប់វិធីដើម្បីធ្វើឲ្យផ្ទះលោកអ្នកក្លាយជាទ្រព្យ ដែលអាចបង្កើតលុយជូនអ្នក បានគឺ អ្នកត្រូវទិញផ្ទះនោះដើម្បីជួល។
ពេលអ្នកទិញ អ្នកត្រូវតែវិភាគឲ្យបានត្រឹមត្រូវ ដោយរំពឹងថាផ្ទះនោះនឹងមានចំណូលជានិច្ច ទោះមានវិបតិ្តសេដ្ឋកិច្ចកើតទ្បើងក៏ដោយ។ លោកបន្តថា ពេលអ្នកនៅក្មេងសូមកុំទិញផ្ទះធំពេក ដើម្បីរស់នៅ អ្នកគួរជួលគេ ឬរស់នៅផ្ទះតូចបានហើយ ទុកផ្ទះធំនិងមានទីតាំងល្អដើម្បីជួលវិញ ទើបផ្ទះអ្នកអាចបង្កើតលុយឲ្យអ្នកថ្ងៃក្រោយ។
ប្រភព : Bee