ភ្នំពេញ៖ មានទីតាំងនៅជាប់រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺបាននិងកំពុងចាប់ផ្តើមបង្ហាញសក្តានុពលផ្នែកវិស័យសំណង់ និងអចលនទ្រព្យជាបណ្តើរៗ ខណៈការសាងសង់ផ្លូវល្បឿនលឿនត្រៀមចាប់ផ្តើម និងសកម្មភាពវិនិយោគមួយចំនួនបានលេចចេញជារូបរាង។
អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ លោក វ៉ា វីរៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន Century21 Fortuna Investment បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៤មិនាកន្លងមកថា ខេត្តកំពង់ស្ពឺ កំពុងតែបញ្ចេញសក្ដានុពលនៅក្នុងវិស័យអចលនទ្រព្យជាបណ្ដើរៗហើយ ជាពិសេសបន្ទាប់ពីគម្រោងរុញច្រានបណ្តារោងចក្រ សហគ្រាស និងឃ្លាំងធំៗ ចេញពីតំបន់រាជធានីភ្នំពេញឆ្ពោះទៅតំបន់ផ្លូវជាតិលេខ៤ រួមជាមួយនឹងគម្រោងស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុនឹងចាប់ផ្តើមដំណើរការនៅពេលឆាប់ៗខាងមុខនេះ។
លោកបន្តថា “ពេលនេះ វិស័យអចលនទ្រព្យនៅក្នុងខេត្តកំពង់ស្ពឺ កំពុងតែមានភាពទាក់ទាញខ្លាំង ហើយអាចនឹងកែប្រែមុខមាត់ខេត្តមួយនេះ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរក្នុងពេលដ៏ខ្លី”។ លោកបន្ថែមថា “កំពង់ស្ពឺ គឺវាមានសក្ដានុពលផ្សេងៗពីគ្នាដែលអាស្រ័យទៅតាមតំបន់”។
ចំពោះតំបន់ដែលស្ថិតនៅជាប់ខេត្តកណ្តាល ឬជាប់ជាយក្រុង ដូចជាតំបន់ផ្លូវលេខ៤១ ផ្លូវលេខ៥១ និងតំបន់ដែលនៅជាប់ផ្លូវជាតិលេខ៤ គឺកំពុងតែមានភាពទាក់ទាញខ្លាំង ជាក់ស្ដែងពេលនេះគម្រោងពុះដីឡូតិ៍កើតមានព្រោងព្រាត ហើយគម្រោងសាងសង់រោងចក្រ និងឃ្លាំងជាច្រើនក៏កំពុងតែបាញ់ឆ្ពោះ ទៅតំបន់ទាំងប៉ុន្មានខាងលើនេះ ហើយចំពោះតំបន់ ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ៣ បើទោះជាមិនសូវមានភាពទាក់ទាញខ្លាំងដូចតំបន់ជាប់ផ្លូវជាតិលេខ៤ក៏ពិតមែន ប៉ុន្តែតម្រូវការនៃការវិនិយោគនៅតែមាន ដែលជំរុញឱ្យតម្លៃដីមានការកើនឡើងជាលំដាប់។ ដោយឡែកចំពោះតម្លៃដីធ្លីវិញ យើងមិនអាចធ្វើការសន្និដ្ឋានជារួមបាននោះទេ ព្រោះវាអាស្រ័យទៅតាមតំបន់ ទីតាំងដី និងទំហំ ឬប្រភេទដី។
អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានទទួលស្គាល់ពីភាពល្អប្រសើរ និងភាពរីកចម្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធខេត្តទាំងមូល ខណៈដែលទំហំនៃការវិនិយោគពីសំណាក់ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ជាពិសេសក្រុមហ៊ុនចិនតែម្ដង កាន់តែមានការកើនឡើងឥតឈប់ឈរ។ លោកបន្តថា វាមានកត្តាជាច្រើនដែលជំរុញ ឱ្យសេដ្ឋកិច្ចក្នុងតំបន់មានការកើនឡើង ដែលក្នុងនោះចំពោះតម្រូវការនៃការប្រើប្រាស់ដីធ្លីក៏មានខ្ពស់។
លោកបានបន្តថា បច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនបាន និងកំពុងដំណើរការនៅក្នុងខេត្ត ដោយឡែកគ្រាន់តែរោងចក្រ មានរហូតដល់ទៅជាង២០០រោងចក្រ ហើយចំពោះសហគ្រាសខ្នាតតូច និងមធ្យម មានរហូតដល់៦៤០០មូលដ្ឋាន ដែលផ្តល់ការងារដល់កម្លាំងជំនាញរហូតដល់ជាង១២ម៉ឺននាក់ ស្មើនឹងចំណូលប្រមាណ១២ម៉ឺនលានរៀលក្នុងមួយខែ។ លោកបន្តថា កត្តាទាំងអស់នេះហើយ ដែលជំរុញឱ្យសេដ្ឋកិច្ចក្នុងខេត្តកំពង់ស្ពឺមានការកើនឡើងយ៉ាងឆាប់រហ័ស ហើយការកើនមឡើងនេះនឹងនៅតែបន្តទៅមុខទៀត៕
ប្រភព : www.propertyarea.asia